សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ីហាមការលក់ដូរទំនិញនៅលើ TikTok, Facebook និង Instagram
28, Sep 2023 , 7:29 pm        
រូបភាព
អ្នកលក់អនឡាញមួយកន្លែងនៅហ្សាការតានៅលើ TikTok ។ រូបភាព AFP
អ្នកលក់អនឡាញមួយកន្លែងនៅហ្សាការតានៅលើ TikTok ។ រូបភាព AFP
ឥណ្ឌូណេស៊ី សម្រេចហាមប្រាមការលក់នៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយដូចជា TikTok Facebook និង Instagram ជាមួយគោលបំណងទប់ស្កាត់សកម្មភាពលក់អនឡាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ត្រូវបានគេមើលឃើញថាកំពុងបង្កគ្រោះថ្នាក់ដល់អាជីវកម្មខ្នាតតូចរាប់លាន។

 
រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ីបានប្រកាសហាមឃាត់ការលក់ដូរទំនិញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី២៧ ខែកញ្ញា ។ ការហាមប្រាមនេះមានគោលបំណងទប់ស្កាត់សកម្មភាពលក់អនឡាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលត្រូវបានគេជឿថានឹងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មខ្នាតតូចរាប់លាននៅក្នុងប្រទេស។
 
ប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីឥណ្ឌូណេស៊ីបានអំពាវនាវឱ្យមានការបែងចែកប្រព័ន្ធផ្សព្វផ្សាយសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិកដែលត្រូវបានគេមើលឃើញថាកំពុងគំរាមកំហែងអ្នកលក់ក្រៅបណ្តាញដែលអាជីវករមួយចំនួនបានរិះគន់ជាពិសេសចំពោះកម្មវិធី TikTok ។
 
រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Zulkifli Hasan បានប្រកាសថា បទប្បញ្ញត្តិពាណិជ្ជកម្មនេះចូលជាធរមានចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ហើយក្រុមបណ្តាញសង្គមនឹងមានពេលមួយសប្តាហ៍ដើម្បីរៀបចំដើម្បីអនុលោមតាមបទប្បញ្ញត្តិថ្មី ។
 
មុនពេលបទប្បញ្ញត្តិថ្មីខាងលើ ច្បាប់ឥណ្ឌូណេស៊ីមិនបានគ្រប់គ្រងសកម្មភាពពាណិជ្ជកម្មដោយផ្ទាល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា TikTok Facebook ឬ Instagram នោះទេ។
 
បទប្បញ្ញត្តិថ្មីនេះជាការបន្ថែមបន្ទុកមួយទៀតសម្រាប់ TikTok ស្របពេលកំពុងប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងម៉ត់ចត់បីអាម៉េរិក និងប្រទេសផ្សេងទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជុំវិញសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់។
 
យ៉ាងណា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលចាត់វិធានការប្រឆាំងនឹងការរីកលូតលាស់នៃប្រជាប្រិយភាពរបស់ TikTok នៅក្នុងលំហពាណិជ្ជកម្មអនឡាញ៕
 

Tag:
 ឥណ្ឌូណេស៊ី
  ពាណិជ្ជកម្មអនឡាញ
  TikTok
© រក្សាសិទ្ធិដោយ thmeythmey.com