អន្តរជាតិ
មជ្ឈមណ្ឌលសំចតនៅប៉ោយប៉ែត ត្រូវបាន​ដាក់ដំណើរការនាអំឡុងទស្សនកិច្ចលោក​នាយករដ្ឋមន្ត្រីថៃ
28, Sep 2023 , 7:59 pm        
រូបភាព
មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ដែលជាជំនួយ​របស់រដ្ឋាភិបាលថៃ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី​២៨ ខែកញ្ញា។ ពិធី​ប្រគល់ និងទទួល​ត្រូវបាន​រៀបចំ​នៅ​វិមាន​សន្តិភាព ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសជិត​ខាងទាំងពីរ ពោល​គឺចំថ្ងៃនេះដំណើរទស្សនកិច្ច​ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន នៅកម្ពុជា។



រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី ក៏​មានវត្តមានក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ផងដែរ។ បើតាម​ លោក ឯម ច័ន្ទមករា អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ហើយបញ្ចប់ជាស្ថាពរនៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២៣ នេះ។
 
មជ្ឈមណ្ឌលមានទីតាំងនៅភូមិប្រជាធម្មខាងកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានទំហំដីសរុប ៤៩០០ ម៉ែត្រការ៉េ (បណ្តោយ ៩៨ ម៉ែត្រ និងទទឹង៥០ ម៉ែត្រ)។
មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតនេះ ត្រូវប្រើប្រាស់សម្រាប់ទទួលពលករចំណាកស្រុកមកពីប្រទេសថៃ ក្នុងការកំណត់អត្តសញ្ញាណកម្ម និងផ្តល់សេវាសង្រ្គោះបឋម ។
  


អ្នកនាំពាក្យ បាន​បញ្ជាក់ថា រដ្ឋាភិបាល​ថៃ បានផ្តល់ជំនួយសម្រាប់សាងសង់អាគារបន្ថែមលើទំហំដីសរុប ៩,៧៦៨ ម៉ែត្រការ៉េ ដែលបានចំណាយទឹកប្រាក់អស់ប្រមានញ ២,១៩៩,៩២០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រើប្រាស់ក្នុងគោលបំណងផ្តល់សេវាដូចជា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំសុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ប្រកបដោយសុខសុវត្ថិភាព និងគ្មានការរើសអើង ជាតិសាសន៍ និងពិការភាព ។
 
ក្នុងដំណើរទស្សនកិច្ច​របស់​លោក សេដ្ឋា មក​កាន់កម្ពុជា​ផងដែរ ប្រមុខរដ្ឋាភិបាល​ប្រទេសទាំងពីរ បាន​ពិភាក្សាគ្នាដោយ​ផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពី វិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនង ប្រជាជន និង ប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និង ផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និង សហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង ។
 




© រក្សាសិទ្ធិដោយ thmeythmey.com