សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande ផ្អាកការជួញដូរបណ្តោះអាសន្ននៅផ្សារហ៊ុនហុងកុង
28, Sep 2023 , 5:00 pm        
រូបភាព
រូបភាព bloomberg ។
រូបភាព bloomberg ។
មួយថ្ងៃបន្ទាប់ពីការផ្សព្វផ្សាយថាប៉ូលិសបានដាក់ម្ចាស់ក្រុមហ៊ុន Evergrande Group ឱ្យស្ថិតនៅក្រោមការឃ្លាំមើល ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិនមួយនេះបានផ្អាកសកម្មភាពជួញដូរភាគហ៊ុននៅលើផ្សារហ៊ុនហុងកុង។

 
ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande ដែលកំពុងប្រឈមនឹងការលំបាកបានផ្អាកការជួញដូរភាគហ៊ុននៅផ្សារហ៊ុនហុងកុងនៅថ្ងៃទី ២៨ ខែកញ្ញា។ ការជូនដំណឹងថ្មីៗរបស់ទីផ្សារហុងកុងបាននិយាយថា សកម្មភាពជួញដូរភាគហ៊ុនរបស់ Evergrande ទាំងផ្នែកសេវាកម្មអចលនទ្រព្យ និងរថយន្តអគ្គិសនីបានឈប់ដំណើរការនៅម៉ោង ៩ព្រឹកនៅថ្ងៃដដែល។
 
ការផ្លាស់ប្តូរដើម្បីបញ្ឈប់ការជួញដូរបានធ្វើឡើងមួយថ្ងៃបន្ទាប់ពី Bloomberg បានចុះផ្សាយព័ត៌មានដែលថាប៉ូលីសបានដាក់ម្ចាស់ក្រុមហ៊ុននេះគឺមហាសេដ្ឋី Hui Ka Yan ឱ្យស្ថិតនៅក្រោមការឃ្លាំមើល និងស៊ើបអង្កេត។
 
Evergrande ទើបតែដំណើរការឡើងវិញកាលពី១ខែមុនបន្ទាប់ពីការផ្អាករយៈពេល ១៧ខែសម្រាប់ការមិនបង្ហាញលទ្ធផលហិរញ្ញវត្ថុ។
 
កាលពីថ្ងៃទី ២៤ខែកញ្ញា ក្រុមហ៊ុននេះបាននិយាយថា ខ្លួនមិនអាចចេញមូលបត្របំណុល និងបន្តផែនការរៀបចំរចនាសម្ព័ន្ធបំណុលបរទេសដូចការរំពឹងទុកនោះទេ ដោយសារតែក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Hengda Real Estate Group កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
 
ពីរថ្ងៃមុននេះ Evergrande ក៏បានប្រកាសថា ខ្លួនត្រូវការវាយតម្លៃឡើងវិញនូវលក្ខខណ្ឌនៃផែនការរៀបចំរចនាសម្ព័ន្ធបំណុលឱ្យសមស្របទៅនឹងស្ថានភាព និងតម្រូវការរបស់ម្ចាស់បំណុល។
 
វិស័យនេះបានរួមចំណែកជាមួយនឹងវិស័យសំណង់មានប្រហែល ២៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ចិន ហើយបានរីកចម្រើនខ្លាំងនាប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
 
យ៉ាងណាចិនបានចាត់ទុកបំណុលដ៏ធំរបស់ក្រុមហ៊ុនធំៗនៅក្នុងវិស័យនេះ ថាជាហានិភ័យដែលមិនអាចទទួលយកបានចំពោះប្រព័ន្ធហិរញ្ញវត្ថុ និងសុខភាពសេដ្ឋកិច្ចជារួមនៅក្នុងប្រទេស។
 
ចំណែកក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិនមួយទៀតគឺ Country Garden បានឈានដល់ការខកខានសងបំណុលនាប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីបានរាយការណ៍ពីការខាតបង់ និងបំណុលច្រើនជាង ១៥០ពាន់លានដុល្លារ៕
 

Tag:
 Evergrande
  ផ្សារហ៊ុន
  អចលនទ្រព្យ ​
© រក្សាសិទ្ធិដោយ thmeythmey.com