ជាតិ
លោក Murphy៖ និស្សិតខ្មែរទៅសិក្សានៅអាម៉េរិក កើនឡើងជាលំដាប់តាំងពីឆ្នាំ២០១២មក
28, Sep 2023 , 8:59 pm        
រូបភាព
លោក W. Patrick Murphy ឯកអគ្គ​រដ្ឋទូតសហរដ្ឋអាម៉េរិក​ប្រចាំនៅកម្ពុជា និង​តំណាងក្រសួងអប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃទី​២៨ ខែកញ្ញា បាន​សម្ពោធពិព័រណ៌ឆ្នាំ​២០២៣ ស្តីពីការសិក្សានៅសហរដ្ឋអាម៉េរិក។ ពិធីប្រព្រឹត្តទៅនៅ​សណ្ឋាគារហៃយ៉ាត់ ក្នុងរាជធានីភ្នំពេញ។

 
ពិព័រណ៍ស្តីពីការសិក្សានៅសហរដ្ឋអាមេរិក ឆ្នាំ ២០២៣ ត្រូវបាន​រៀបចំឡើង​ដើម្បីទាញការចាប់អារម្មណ៍​លើការសិក្សា​នៅ​ក្នុងសហរដ្ឋអាមេរិក និងឱកាសចូលរួម​ក្នុងកម្មវិធី​ផ្លាស់ប្តូរគ្នា សម្រាប់សិស្ស និស្សិតកម្ពុជា។ វាក៏ជាឱកាស សម្រាប់ឲ្យនិស្សិតកម្ពុជាស្វែងយល់បន្ថែមទៀត ពីឧត្តមសិក្សា​នៅសហរដ្ឋអាមេរិក ហើយធ្វើទំនាក់ទំនងជាមួយតំណាងមកពីស្ថានប័នអប់រំចំនួនជិត ៣០ ដែលផ្តល់ព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សារបស់គេ លក្ខខណ្ឌតម្រូវ​ក្នុងការដាក់ពាក្យសុំចូលរៀន និងដំណើរការ​នៃការដាក់ពាក្យសុំ។ 
 

លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖​ «ការចាប់អារម្មណ៍​របស់និស្សិតខ្មែរ ក្នុងការសិក្សា​នៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក មានការកើនឡើងជាលំដាប់ គិតតាំងពីឆ្នាំ ២០១២ មក។ សូម្បីតែនៅក្នុងអំឡុងពេល​នៃជំងឺកូវីដក្តី ក៏ប្រទេសកម្ពុជាគឺជាប្រទេសតែមួយគត់​នៅក្នុងសមាគមអាស៊ាន ដែលមានកំណើននិស្សិត​ទៅ​សិក្សា​ក្នុងសហរដ្ឋអាមេរិក»។ 
 
លោក​បាន​បន្ថែមថា ស្ថាប័នឧត្តមសិក្សា​របស់សហរដ្ឋអាមេរិក មានគុណភាពល្បីនៅទូទាំងសាកលលោក ដែលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍របស់អ្នក និងប្រទេសកម្ពុជាទាំងមូល។ «យើងរីករាយ​ដោយនិស្សិតកម្ពុជាមើលឃើញតម្លៃ​នៃឧត្តមសិក្សា​របស់សហរដ្ឋអាមេរិក ដែលមានមហាវិទ្យាល័យ និងសាកលវិទ្យាល័យចំនួនជាង ៤ ០០០។ យើងមានសម្រាប់មនុស្សគ្រប់គ្នា គឺស្ថាប័ន​សាធារណៈ ស្ថាប័នឯកជន យោធា ធំ តូច នៅតាមតំបន់ក្រុង និងតំបន់ជនបទ» ។ 
 
ស្ថានទូតអាមេរិកមានការប្តេជ្ញាចិត្ត​ក្នុងការផ្តល់ដល់ប្រជាជនកម្ពុជា នូវព័ត៌មានស្តីពីឱកាសក្នុងការបន្តការសិក្សាថ្នាក់ឧត្តម នៅតាមស្ថាប័នរបស់សហរដ្ឋអាមេរិក។ នៅកម្ពុជា ស្ថានទូតអាមេរិក​ផ្សព្វផ្សាយឱកាសក្នុងការសិក្សា តាមរយៈមជ្ឈមណ្ឌលផ្តល់ប្រឹក្សាស្តីពីការសិក្សា​នៅសហរដ្ឋអាមេរិក ដែលមានទីតាំង​នៅភ្នំពេញ និងសៀមរាប។ ស្ថានទូតអាមេរិកក៏ផ្សព្វផ្សាយផងដែរ ពីឱកាស​នេះ តាមរយៈសកម្មភាព​នានា នៅតាមបណ្ណាល័យអាមេរិក​នៅបាត់ដំបង កំពង់ចាម ភ្នំពេញ និងសៀមរាប និង​នៅតាមសាលានានា​៕
 


Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com