កីឡាជាតិ
ជាតិ
ខាន់ ចេសា ផ្ដោតសំខាន់លើការពង្រឹងចន្លោះខ្វះខាត ជាងតាមសង្កេតការប្រកួតរបស់គូប្រជែង
29, Sep 2023 , 7:59 am        
រូបភាព
កីឡាការិនី ខាន់ ចេសា រូបពី One Championship
កីឡាការិនី ខាន់ ចេសា រូបពី One Championship
កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ត្រូវឡើងសង្វៀន One Championship ដំបូងកីឡាគុនចម្រុះ ជាមួយកីឡាការិនីអាម៉េរិក Danielle Kelly នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។ ម្ចាស់មេដាយមាសស៊ីហ្គេម និងកីឡាអាស៊ីរូបនេះ និយាយថា ការហ្វឹកហាត់របស់ខ្លួន មិនមានអ្វីខុសគ្នា ពីគូប្រកួតទេ ហើយ ចេសា ក៏មិនសូវជាខ្វល់ចំពោះការប្រកួតនានារបស់ Kelly  ពីមុនៗ មកដែរ។ កីឡាការិនីខ្មែរ-អាម៉េរិកគ្រាន់តែផ្ដោតសំខាន់លើការប្រឹងហ្វឹកហាត់ និងបំពេញចន្លោះខ្វះខាត ចំពោះការ​ប្រកួតរបស់ខ្លួនពីមុន តែប៉ុណ្ណោះ។



យោងទៅលើវីឌីអូសម្ភាស The Shintaro Higash ក្នុង Youtube កីឡាការិនី ខាន់ ចេសា បាននិយាយថា ការត្រៀមខ្លួនជួបជាមួយ Danielle Kelly នៅសង្វៀន One Championship ខ្លួន គ្រាន់តែផ្ដោតលើបទពិសោធន៍ប្រកួតពីមុនរបស់ខ្លួន និងប្រឹងប្រែងហ្វឹកហាត់បន្ថែម។
 
ដោយឡែក នោះ មិនមែនមានន័យថាកីឡាការិនីរូបនេះ មិនសិក្សាលើដៃគូប្រកួតទេ ប៉ុន្ដែគ្រាន់តែមិនចំណាយពេលច្រើនក្នុងការយល់ពីគូប្រកួត។ ម្យ៉ាងវិញទៀត កីឡាការិនីរូបនេះ ដូចជាផ្ដោតខ្លាំងលើការបំពេញបន្ថែម នូវចំណុចខ្វះខាតរបស់ខ្លួន ក្នុងការប្រកួតពីមុនៗ។

ខាន់ ចេសា រូបពី One Championship

«ខ្ញុំ ហ្វឹកហាត់ដូចជាកីឡាករ-កីឡាការិនី ដទៃដែរ។ ខ្ញុំ មិនសូវជាផ្ដោតសំខាន់ចំពោះការប្រកួតរបស់អ្នកផ្សេងទេ ប៉ុន្ដែពេលខ្លះ ខ្ញុំ ក៏ត្រូវដឹងពីការប្រកួត របស់គូប្រកួតដែរ គ្រាន់តែដឹងនូវអ្វី ដែលអាចប្រឈម ប៉ុន្ដែ ខ្ញុំ នៅតែផ្ដោសំខាន់ គឺការប្រកួតរបស់ខ្ញុំផ្ទាល់ជាមួយគេ ហើយត្រូវពង្រឹងនៅអ្វី ដែលអាចយកទៅប្រកួតនេះ។»។ ខាន់ ចេសា បាននិយាយក្នុងវីឌីអូសម្ភាសនេះ ដូច្នេះ។
 
ចំពោះការប្រកួតជាមួយកីឡាការិនី Danielle Kelly ខាន់ ចេសា ធ្លាប់បានឈ្នះម្ដងរួចមកហើយ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១។ បើទោះជាធ្លាប់ឈ្នះ Danielle Kelly ដោយពិន្ទុក៏ដោយ ប៉ុន្ដែ ចេសា ដូចជាផ្ដោតសំខាន់ខ្លាំង លើការកែប្រែកំហុស ឬក៏ការភ្លាត់ស្នៀតអំឡុងពេលប្រកួតនាខែកុម្ភៈនោះ ហើយក៏នឹងត្រូវធ្វើឲ្យបានល្អ ផងដែរ ក្នុងការប្រកួតនាថ្ងៃទី៣០ ខែកញ្ញា នៅព្រឹត្តិការណ៍ ONE Women’s Atomweight Submission Grappling World។
 
ខាន់ ចេសា បាននិយាយដូច្នេះថា៖ «ខ្ញុំ ​ប្រាកដ​ជា ​នឹង​ព្យាយាម​កែ ​អ្វី​ដែល​ខុស​ក្នុង​ការ​ប្រកួត​នោះ។ តាមវិធីនោះ ខ្ញុំពិតជាអាចមានប្រៀប។»៕

Danielly Kelly រូបពី One Championship


Tag:
 ខាន់ ចេសា
  One Championship
© រក្សាសិទ្ធិដោយ thmeythmey.com