ជាតិ
តើ​ប្រាសាទ​អង្គរ​វត្ត គួរត្រូវ​បាន​អនុញ្ញាត​ឱ្យ​ បរទេស​​សាង​សង់លើ​ទឹក​ដី​របស់​ពួក​គេ​​​​​ដែរ​ឬ​ទេ?
28, Sep 2023 , 9:59 pm        
រូបភាព
ភ្នំពេញ៖​ ប្រធាន​បទ​ប្រាសាទ​អង្គរ​វត្ត​ចម្លង​នៅ​ក្នុង​ប្រទេស​ថៃ នៅ​តែ​មិន​ធ្វើ​​ឱ្យ​សាធារណជន​​ស្ងប់​ចិត្ត​។ សាធារណជន​ភាគ​ច្រើន បាន​បញ្ចេញ​មតិ​របស់​ខ្លួន​ លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ ដូច​ជា​ហ្វេស​ប៊ុក​ជាដើម បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ ឱ្យ​អង្គរ​វត្ត​ចម្លង​មាន​លើ​ទឹក​ដី​ថៃ​ឡើយ​។ ហើយ​ទាម​ទារ​ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ដោះ​ស្រាយ​រឿង​នេះ​ឱ្យ​ដាច់​ស្រឡះ​។ សំណួរ​សួរ​ថា តើ​ប្រាសាទ​អង្គរ​វត្ត គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ បរទេស​សាង​សង់​លើ​ទឹក​ដី​របស់​ពួកគេដែរ​​ឬ​ទេ​



កន្លង​ទៅ​មាន​ប្រទេស​ណា​ខ្លះ​ បាន​សង់​ប្រាសាទ​អង្គរ និង​ប្រាសាទ​ខ្មែរ​ចម្លង​ លើ​ទឹក​ដី​របស់​ខ្លួន​?

មុន​ចូល​ដល់​ប្រធាន​បទ សារព័ត៌​មាន​ថ្មី​ៗ សូម​រំលឹក​​ថា កាល​ពី​ឆ្នាំ​១៩៣១ ប្រាសាទ​អង្គរ​វត្តរបស់​កម្ពុជា​ ត្រូវ​បាន​​ប្រទេស​បារាំង សាង​សង់​លើ​ទឹក​ដី​របស់​ពួក​គេ​។ សំណង់​ប្រាសាទចម្លង​​នេះ ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​អាណានិគម​ឆ្នាំ​១៩៣១​ដដែល ដែល​មាន​រយៈ​ពេល​៦​ខែ​។ សំណង់​ប្រាសាទ​អង្គរ​វត្ត​ចម្លង​ ដែល​ស្ថិត​ក្នុង​ទី​ក្រុង​ប៉ារីស​​​នោះ ត្រូវ​បាន​កម្ទេច​ដោយ​ការ​ទម្លាក់​គ្រាប់​បែក នៅ​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​​។



កាល​ពី​ឆ្នាំ​២០១២ ប្រទេស​ឥណ្ឌា ធ្លាប់​បាន​មានគម្រោង​​សាង​សង់ ​ប្រាសាទ​អង្គវត្ត​ចម្លង​លើ​ទឹក​ដី​របស់​ខ្លួន​​​ដែរ ប៉ុន្តែ​ត្រូវ​បាន​ប្រទេស​កម្ពុជា ប្រតិកម្ម​និង​សុំ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា ជួយ​អន្តរាគមន៍​បញ្ឈប់​ការ​សាង​សង់​។ ហើយ​ប្រទេស​ឥណ្ឌា ក៏​យល់​ព្រម​ឱ្យ​ក្រុមហ៊ុន​​ទទួល​បន្ទុក​សាង​សង់​នោះ​ ប្ដូរ​រចនាបថ​ខ្មែរ​ចេញ​ដែរ​។ បើ​​តាម​គេហ​ទំព័រវាយោ ក្នុង​គម្រោង​ដើម​ ប្រាសាទ​នោះ​គ្រោង​ចំណាយ​ប្រាក់​​៧៨​លាន​ដុល្លារ​ សង់​លើ​ផ្ទៃ​ដី​២០០​ហិតា ដោយ​មាន​កម្ពស់​ប្រហែល​១១៦​ម៉ែត្រ និង​មាន​កំពូល​១៨​។
 
ក្នុង​ឆ្នាំ​២០២១ ប្រទេស​ថៃ​ បាន​សង់​ចម្លង​រចនាបថ​ប្រាសាទ​អង្គរ​វត្ត​ នៅ​ក្នុង​ខេត្ត​បុរី​រម្យ​។ ដែល​នាំ​ឱ្យ​មតិមហាជន​កម្ពុជា ​មាន​ការ​ប្រទាំង​ប្រទឹស​រហូត​មក​ដល់​បច្ចុប្បន្ន​​​។​ ថ្មី​ៗ​នេះ អ្នក​ធ្វើ Vlog ​ជន​ជាតិ​ខ្មែរម្នាក់ ​បាន​ទៅ​ដល់​ទី​តាំង​ប្រាសាទ​ចម្លង​ នៅ​ក្នុង​ខេត្ត​បុរីរម្យ​នោះ ដោយ​បាន​ថត​បង្ហាញ​ទិដ្ឋ​ភាព​ទាំង​ស្រុង​នៃ​សំណង់​ អម​ដោយ​ការ​​បញ្ចូល​សំឡេង​​បន្ថែម​។ តាម​រយៈខ្សែ​​វីដេអូដែល​មាន​រយៈ​ពេល​ ៩:៥៧នាទី​​​ សំណង់​​នេះធ្វើ​ឡើង​មាន​ភាព​ស្រដៀង​នឹង​ប្រាសាទអង្គរ​វត្ត​ តែ​ផ្នែក​ខាង​ក្រៅតែ​​ប៉ុណ្ណោះ​។ ដោយ​ឡែក​នៅ​ផ្នែក​ខាង​ក្នុង​ មាន​លក្ខណៈ​ស្រដៀង​នឹង​សួន​សត្វ​ ដោយ​មាន​រចនាបថ​ចិន​ខ្លះ ​ខ្មែរ​ខ្លះ និងដូច​ប្រាសាទ​ផ្សេង​ៗ​ក្នុង​ទឹក​ដី​ថៃ​ខ្លះ​។ នេះ​បើ​តាម​ម្ចាស់​វ្លុក​ជន​ជាតិ​ខ្មែរ​ បាន​​និយាយ​ក្នុង​វីដេអូ​របស់​ខ្លួន​។ 
 



មួយ​ករណី​ទៀត ក្នុង​ឆ្នាំ​២០២១​ដដែល​ ​មាន​ការ​ចែក​រំលែក​ លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ខ្មែរ នូវ​វីដេអូ​ រូប​ភាព និង​ព័ត៌​មាន​អំពី​ការ​ចម្លង​ប្រាសាទ​ខ្មែរ ដែល​មាន​ទម្រង់​ដូច​ប្រាសាទ​តាព្រហ្ម និង​ប្រាសាទ​បាយ័ន នៅ​លើ​​ទឹក​ដី​វៀត​ណាម​​ ដោយ​គំរូ​ប្រាសាទ​នោះ​ ត្រូវ​បាន​ជន​ជាតិ​វៀត​ណាម​​បង្ហោះ​​តាំង​ពី​ឆ្នាំ​២០១៨​ម្ល៉េះ​។
 
វិល​មក​​ប្រធាន​បទ​វិញ តើ​ប្រាសាទ​អង្គរ​វត្ត គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ បរទេស​សាង​សង់​លើ​ទឹក​ដី​របស់​ពួកគេ​ដែរ​ឬ​ទេ​? 
 
លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ​ខ្មែរ​ សំបូរ មាណ្ណារ៉ា នៅ​តែ​​អះអាង​ថា ​សំណង់​ស្ថាបត្យកម្ម​ ដ៏អស្ចារ្យ​នានា​លើ​ពិភព​លោក តែងតែ​​ត្រូវ​បាន​គេ​​ចម្លង​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​។ លោក​ថា រាល់​ការ​សង់​ចម្លង​ទាំង​ឡាយ បាន​សរបញ្ជាក់ឱ្យ​ឃើញ​​ថា អ្នក​ចម្លង​​ស្ងើញ​សរសើរ​ស្នាដៃ​ទាំង​នោះ​ និង​ចង់​ឱ្យ​ប្រទេស​របស់ពួក​​គេ​ អស្ចារ្យ​ដូច​ប្រទេស​​ម្ចាស់​ដើម​ដែរ។ លោក​ថា​​​ខ្មែរ​គួរ​តែ​មាន​មោទកភាព​លើ​រឿង​នេះ​។ 



សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាស រវាង​កញ្ញា ប៉ូ សាគុន ជាមួយ​លោក​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ សំបូរ មាណ្ណារ៉ា ដូច​តទៅ​៖



 
លោក​សាស្ត្រាចារ្យ​ពន្យល់​បន្ថែម​៖«ការ​ដែល​គេចម្លង​ទៅ​​ គឺ​ជា​ការ​ផ្សព្វ​ផ្សាយ​វប្បធម៌​របស់​យើង​មួយ​ចំណុច​ដែរ​។ បើ​មាន​ការ​សាង​សង់ ​កម្ពុជាគ្រាន់​តែ​ពិនិត្យ​និង​ពិចារណា ដើម្បី​កុំ​ឱ្យ​គេ​សង់​លើស​ឬ​ហួស​ នៃ​តម្លៃ​សិល្បៈ​របស់​ខ្មែរ​យើង​។ នេះគឺ​ជា​មោទកភាព​របស់​ខ្មែរ ដែល​មាន​សម្បត្តិ​វប្បធម៌​ដ៏​អស្ចារ្យ»​។ 
 
សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​រូប​នេះ ហ៊ាន​និយាយ​ថា​ គ្មាន​ប្រទេស​ណា​មួយ​ នៅ​លើ​ពិភព​លោក​នេះ អាចសង់​​ចម្លងដូច​ ​ប្រាសាទ​អង្គរ​វត្ត​នៅ​កម្ពុជាឡើយ​​។ ហើយ​​លោក​ច្បាស់​ថា នៅ​ពេល​ដែល​មាន​ការច​ម្លង​កាន់​តែ​ច្រើន មិន​ត្រឹម​តែ​មិន​បាន ធ្វើ​ឱ្យ​​បាត់​​គុណ​តម្លៃ​របស់​ប្រាសាទខ្មែរប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រាសាទ​​​អង្គរ​វត្ត​ រឹង​រិត​តែ​​មាន​ភាព​ល្បី​រន្ទឺ និង​អស្ចារ្យ​លើស​ដើម​​​។
 
«គ្មាន​ប្រទេស​ណា​មួយ អាច​សាង​សង់​ប្រាសាទ​អង្គរ​វត្ត ដូច​បេះ​បិទ​នឹង​ប្រទេស​កម្ពុជា​ឡើយ ទោះ​ជា​ប្រទេស​នោះ​ធំ​យ៉ាង​ណា​ក៏ដោយ​»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់លោក សំបូរ មាណ្ណារ៉ា​។



តើ​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​ខ្មែរ​ទទួល​បាន​ប្រយោជន៍ ​ពី​ការ​សង់ចម្លង​​ប្រាសាទ​អង្គរ​វត្ត លើ​ទឹក​ដី​បរទេស​?
 
ប្រសិន​មាន​ការអនុញ្ញាត​ ឱ្យ​​សង់​ចម្លង​ប្រាសាទ​អង្គរ​វត្ត លើ​ទឹក​ដី​បរទេសមែន សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ​រូប​នេះ ថារដ្ឋាភិបាល ត្រូវ​សិក្សា​​​ច្បាប់​កម្ម​សិទ្ធិ​បញ្ញា ​ឱ្យ​បាន​ហ្មត់​ចត់​ ដើម្បី​ប្រាកដ​ថា ប្រយោជន៍​ទាំង​ឡាយ​ បាន​ចូល​មក​កម្ពុជាដែល​ជា​ម្ចាស់​ដើម​។ 
 
​​​លោក មាណ្ណារ៉ា ពន្យល់​៖«មន្ត្រី​ពាក់​ព័ន្ធ ត្រូវ​​សិក្សា​លើ​ច្បាប់កម្ម​សិទ្ធិ​បញ្ញា និង​ច្បាប់​​របស់​យូណេស្កូ ថា​អាច​​ឱ្យ​គេ​បង់​ភាគ​រយ ​ពី​ចំណូល​ទេស​ចរណ៍​​របស់​គេដល់​កម្ពុជាបាន​ឬ​មិន​បាន​»។ ​
 
ចុះ​បើ​បរទេស​ពូកែធ្វើ​ទីផ្សារ​ តើ​អង្គរ​វត្តលើ​ទឹក​ដី​​​ខ្មែរ នឹង​ធ្លាក់​ចុះ​ភ្ញៀវ​ទេស​ចរណ៍​ដែរ​ឬ​ទេ?
 
លោក​សាស្ត្រាចារ្យ ដែល​ជា​ទីប្រឹក្សា​សម្ដេច​ ហ៊ុន សែន រូប​នេះ ថា​ពិភព​លោក​បច្ចុប្បន្ន គឺ​ជា​សង្គម​​​ប្រកួត​ប្រជែង​។ ប្រសិន​អ្នក​ណា​ពូកែ​ប្រណាំង នោះ​នឹង​ឈ្នះ​។ លោក​ថា​កុំ​ដោយ​សារ​រឿង​បែប​នេះ ខ្មែរ​នៅ​ដេក​ឱ្យ​សម្បត្តិ​របស់​ខ្លួន ដោយ​មិន​ប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​នោះ​។ ជា​ការ​ក្រើន​រំលឹក ក៏​ដូច​ជា​ការ​ដះតឿន លោក មាណ្ណារ៉ា ថា​​ទំនួល​ខុស​ត្រូវ​លើ​សម្បត្តិ​ជាតិ គឺ​រដ្ឋា​ភិបាល ប្រជាជន​ និង​ក្រសួង​​ស្ថាប័ន​នានា ត្រូវ​តែ​រួម​គ្នា​​ផ្សព្វ​ផ្សាយ និង​លើក​តម្កើង​​សម្បត្តិ​របស់​ខ្លួន​។ 



​លោក សំបូរ មាណ្ណារ៉ា ទទូច​៖«បើ​យើង​ចង់​ឱ្យ​ខ្មែរ​យើង​មាន​តម្លៃ យើង​ត្រូវ​តែ​ខំផ្សព្វផ្សាយ។ ហើយ​ចុះ​បើ​យើង​នាំ​គ្នា​ដេក​លក់​ យើង​មិន​ខ្វល់​អ្វី​ផង ចង់​បាន​តែ​លុយ តែ​មិន​នាំ​គ្នា​ខំ​ធ្វើ​ ម្ដេច​អាច​ទៅរួច​។ ទាំង​ជាតិ​យើង ទាំង​យុវជន​យើង រួប​រួម​គ្នា​ឡើង ពង្រឹង​សកម្មភាព​ឡើង​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​យើង​ប្រឹង​ឡើង​។ គេ​មិន​អាច​បន្ថយ​ឥទ្ធិពល​ចំណេះ​ដឹង​គេ មក​ស្មើ​យើង​ទេ បើ​យើង​មិន​ប្រឹង​ប្រែង ឱ្យ​​បាន​ខ្ពស់​ដូច​គេ​ផង​ហ្នឹង។ ប្រសិន​យើង​មិន​ចេះ គឺ​យើង​នៅ​ក្រោយ​គេ​ហើយ​។ ដូច្នេះ​យើង​ត្រូវ​ពង្រឹង​កូន​ចៅ​យើង​ ឱ្យ​ឈ្លាសវៃ»​។ ​
 
លោក​ សំបូរ មាណ្ណារ៉ា នៅ​តែ​ជឿជាក់​ថា បើ​ទោះ​បី​ជា​មាន​ប្រាសាទ​អង្គរ​វត្ត​ចម្លង​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​​ប្រាសាទ​អង្គរ​វត្ត​​នៅ​លើ​ទឹក​ដី​ខ្មែរ នៅ​តែ​ជា​ទីតាំង​ចម្បង​ ដែល​អាច​ទាក់​ចិត្ត​មនុស្ស​ទូទាំង​ពិភពលោក ឱ្យ​ចង់​មក​ទស្សនា​ និង​សិក្សា​ឈ្វេង​យល់​។ 



ក្នុង​​ឆ្នាំ​២០២៣​​នេះ ប្រាសាទ​អង្គរ​វត្ត​ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ លើ​ពិភព​លោក ដែល​​ជា​ទីតាំង​មើល​ថ្ងៃ​រះ​ល្អ​ដាច់​គេ វាយ​តម្លៃ​ដោយ​​ភ្ញៀវ​ទេសចរអន្តរជាតិ​ លើ​គេហទំព័រ​ទេសចរណ៍​ដ៏​ល្បី Trip Advisor​។
 
យោង​តាមឯកសារ របស់​​ក្រសួង​វប្បធម៌ ​និង​​វិចិត្រ​សិល្បៈ​ ប្រាសាទ​អង្គរ​វត្ត​ ត្រូវ​បាន​កសាង​ឡើង​ ដោយ​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​២។ ប្រាសាទ​នេះ គឺ​ជា​ស្នា​ដៃ​ដ៏​ធំ​ចម្បង​អស្ចារ្យ​ និង​មាន​ឈ្មោះ​ល្បី​ល្បាញ​រន្ទឺ​សុះ​សាយ​ លើ​ពិភព​លោក​។ អង្គរ​វត្ត ត្រូវ​បាន​សង់​ឡើង​ នៅ​ដើម​សតវត្សរ៍​ទី​១២ នៅ​យសោធរបុរៈ (សម័យ​បច្ចុប្បន្ន អង្គរ​)។ 
 
ប្រាសាទ​អង្គរ​វត្ត​ ត្រូវ​បាន​សង់​ឡើង​ ដើម្បី​ឧទ្ទិស​ជា​ដំបូង​ សម្រាប់​ព្រះ​វិស្ណុ ដែល​ជា​ព្រះ​អាទិទេព​នៃ​សាសនា​ព្រហ្មញ្ញ​។​ បន្ទាប់​មក​ប្រាសាទ​នេះ ត្រូវ​បាន​ប្រើ​ប្រាស់​ សម្រាប់​ការ​គោរព​បូជា​ខាង​ព្រះ​ពុទ្ធសាសនា​វិញ​។ ប្រាសាទ​ដ៏​មហិមានេះ ស្ថិត​ក្នុង​រចនាបថ​បុរាណ​ជាន់​ខ្ពស់​និង​កំពូល​ នៃ​ស្ថាបត្យកម្ម​ខ្មែរ​។ អង្គរ​វត្ត​ បាន​ក្លាយ​ជា​និមិត្តរូប​កម្ពុជា ដោយ​រំលេច​លើ​ទង់​ជាតិ​របស់​ប្រទេស​ ជារូប​ភា​ព​តំណាង​​ប្រទេស​ខ្មែរ​​៕
 

Tag:
 វប្បធម៌​
  ប្រាសាទ​
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com