អន្តរជាតិ
UN ​ថា ក្រុម​បោក​ប្រាស់​តាម​អ៊ីនធឺណិត​អាស៊ី​ដំឡើង​មូលដ្ឋាន​នៅ​មីយ៉ាន់ម៉ា
30, Sep 2023 , 9:59 am        
រូបភាព
ជនជាតិចិនមួយក្រុមត្រូវបានឃាតខ្លួនពីបទប្រព្រឹត្តអំពើឆបោកតាមអនឡាញ នៅតំបន់ Kara Industrial Park ក្នុងខេត្ត Riau Islands ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២៩ ខែសីហា
ជនជាតិចិនមួយក្រុមត្រូវបានឃាតខ្លួនពីបទប្រព្រឹត្តអំពើឆបោកតាមអនឡាញ នៅតំបន់ Kara Industrial Park ក្នុងខេត្ត Riau Islands ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២៩ ខែសីហា
ដោយ: VOA

ទីក្រុងបាងកក ប្រទេសថៃ- ក្រុម​ឧក្រិដ្ឋជនដែល​មាន​ការចាត់តាំង ​ដែល​ស្ថិត​នៅ​ពី​ក្រោយ​អ្វី​ដែល​គេ​ហៅ​ថា «ផែនការ​បោក​ប្រាស់​ដ៏ធំ» នៅ​ទ្វីប​អាស៊ី ​បាន​ដំឡើង​មូលដ្ឋាន​ធ្វើ​ការ​តាម​អនឡាញ​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ជាប់​នឹង​ប្រទេស​ចិន ដែល​ជា​ទីតាំង​មួយ​ដែល​ប៉ូលិស​ពិបាក​ទៅ​ដល់​និង​ជា​កន្លែង​ដែល​ជន​រងគ្រោះ​ ដោយសារ​ការ​ជួញដូរ​យកទៅ​ធ្វើ​ការងារបោក​ប្រាស់​តាម​អនឡាញ​នេះ​ មាន​ក្ដី​សង្ឃឹម​តិចតួច​ក្នុង​ការ​រត់​គេច។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ។

 
ក្រុម​ឧក្រិដ្ឋជន​ចិន​និង​តៃវ៉ាន់​ដ៏​មាន​ឥទ្ធិពល​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​ទន្លេ​មេគង្គ​ ក៏​ដូចជា​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​បោក​ប្រាស់​ប្រាក់​ពី​ជន​រងគ្រោះ​អស់​រាប់​ពាន់​លាន​ដុល្លារ។ ពួកគេ​បាន​ប្រើ​អ៊ីនធឺណិត​ដើម្បី​បោក​ប្រាស់​បែប​ស្នេហា ​គំរាម​ទារ​ប្រាក់ ​និង​អនុវត្ត​ផែនការ​បោក​ប្រាស់​បែប​វិនិយោគ​ពីរ៉ាមីត​ដែល​ចំណេញ​ប្រាក់​ច្រើន។
 
ទោះបីជា​មាន​ការ​បង្ក្រាប​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​ហ្វីលីពីន​ក៏ដោយ ក៏​ក្រុម​ឧក្រិដ្ឋជន​នេះ​កំពុង​កែលម្អផែនការ​បោក​ប្រាស់​របស់​ពួកគេ​ចេញ​ពី​ទីតាំង​រឹងមាំ​ដែល​មាន​ការ​ការពារ​ពី​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ជា​ប្រទេស​ហែកហួរ​ដោយសារ​សង្គ្រាម។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ត្រួតពិនិត្យគ្រឿង​ញៀន​និង​បទឧក្រិដ្ឋ (UNODC)។
 
នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា មូលដ្ឋាន​ឧក្រិដ្ឋកម្ម​ចម្បង​បាន​រីក​ដូច​ផ្សិត​នៅ​ទូទាំង​តំបន់ Myawaddy ដែល​ជា​តំបន់​នៅ​ដាច់ឆ្ងាយពី​ក្រុង Mae Sot នៃ​ព្រំដែន​ភាគ​ខាង​លិច​របស់​ប្រទេស​ថៃ​ដោយសារ​ទន្លេ​ដ៏​តូច​មួយ។
 
បណ្ដុំ​ទីតាំង​ទី​ពីរ​របស់​ក្រុម​ឧក្រិដ្ឋជន​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​ភាគ​ខាង​កើត​របស់​មីយ៉ាន់ម៉ា​ជាប់​នឹង​ប្រទេស​ចិន ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​កាត់​តាម​រដ្ឋ Shan តំបន់​គ្រប់គ្រង​ពិសេស​របស់​រដ្ឋ Wa និង​រហូត​ទៅ​ដល់​តំបន់ Kokang នៅ​ជាប់​នឹង​ព្រំដែន​នៃ​ខេត្ត Yunnan ​របស់​ប្រទេស​ចិន។
 
កង​ជីវពល​ជនជាតិភាគតិច​នៅ​ក្នុង​តំបន់​នោះ​មាន​ប្រវត្តិ​យ៉ាង​ជ្រាលជ្រៅ​នៅ​ក្នុង​ការ​ជួញដូរ​គ្រឿង​ញៀន សត្វ​ព្រៃ​កម្រ និង​មនុស្ស​ដាច់​ឆ្ងាយ​ពី​ក្រសែ​ភ្នែក​របស់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​នឹងការបះបោរ​ដែលរីក​សាយភាយ​របស់​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com