សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រជាជនចិនបង្កើនការទិញឆ្នោត ស្របពេលសេដ្ឋកិច្ចមិនសូវល្អ
02, Oct 2023 , 11:39 am        
រូបភាព
រូបភាព Reuters ។
រូបភាព Reuters ។
ប្រាក់ចំណូលពីការលក់ឆ្នោតនៅខែសីហាឆ្នាំនេះ កើនឡើង៥០ភាគរយខ្ពស់ជាងគ្រាដូចគ្នាកាលពីឆ្នាំមុន ស្របពេលដែលសេដ្ឋកិច្ចប្រទេសនេះមានភាពអាប់អួរអស់រយៈពេលជាយូរ។

 
បើតាមទិន្នន័យពីក្រសួងហិរញ្ញវត្ថុចិន ប្រាក់ចំណូលពីការលក់ឆ្នោតបានកើនឡើងដល់ជិត ៥៣ពាន់លានយ័នស្មើនឹង ៧,២៥ពាន់លានដុល្លារនៅខែសីហា។ នេះជាអត្រាខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំនេះដែលមានរហូតដល់ ៥៣,៦ភាគរយខ្ពស់ជាងខែសីហាឆ្នាំ២០២២។ ៨ខែឆ្នាំនេះ ប្រាក់ចំណូលពីឆ្នោតចិនបានកើនដល់ជាង ៣៧៥ពាន់លានយ័ន កើនជាង ៥១ភាគរយធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។
 
កំណើននៃការលក់ឆ្នោតខ្ពស់បែបនេះ ស្របពេលសេដ្ឋកិច្ចចិនមានសញ្ញាណអវិជ្ជមានជាច្រើន ជាពិសេសអត្រាគ្មានការងារធ្វើ។ ទិន្នន័យ​ពី​អាជ្ញាធរចិនបង្ហាញ​ថា​ ក្នុង​ខែ​មិថុនាអត្រា​គ្មាន​ការងារ​ធ្វើ​ក្នុង​ចំណោម​យុវជន​ចិន​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​គឺ ២១,៣ភាគរយ។ នេះបើតាមសារព័ត៌មាន Reuters ។
 
ជុំវិញរឿងនេះ មានការជជែកគ្នាច្រើននៅលើបណ្តាញសង្គមនៅចិនថា ចំនួនដែលកើនឡើងច្រើននៃប្រាក់ចំណូលឆ្នោតប៉ុន្មានខែថ្មីៗនេះ គឺទាក់ទងទៅនឹងការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចរបស់ក្រុមយុវជន។ មនុស្សម្នាក់បានសរសេរនៅលើបណ្តាញសង្គម Weibo ថា៖ « មនុស្សវ័យក្មេងដែលអាចឈ្នះឆ្នោត ៥លានយ័ន ប្រសើរជាងពួកគេដែលខំរកប្រាក់ពីកន្លែងធ្វើការ »។ 
 
កាលពីចុងខែសីហា នាយកដ្ឋានស្ថិតិរបស់ចិនបានបញ្ឈប់ការបោះពុម្ពផ្សាយអត្រាគ្មានការងារធ្វើរបស់យុវជនដោយពន្យល់ថា នាយកដ្ឋានកំពុងស្វែងរកការបង្កើនប្រសិទ្ធភាពវិធីសាស្ត្រប្រមូលទិន្នន័យ ដែលនេះ​ក៏​​បង្ក​ជា​ប្រតិកម្ម​លើ​បណ្ដាញ​សង្គម​ចិនផង​ដែរ៕
 

Tag:
 ចិន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com