កីឡាជាតិ
ជាតិ
កីឡាអាស៊ី៖ កម្ពុជា នៅបន្តស្វែងរកមេដាយ ខណៈ៩ប្រទេសតំបន់អាស៊ានឈ្នះអស់ហើយ
04, Oct 2023 , 11:48 am        
រូបភាព
មីយ៉ាន់ម៉ា ជាប្រទេសតំបន់អាស៊ានទី៩ ដែលរកបានមេដាយពីកីឡាអាស៊ី Asian Games នៅចិន។ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ (មិនរាប់បញ្ចូលទីម័រខាងកើត) មានតែកម្ពុជាប៉ុណ្ណោះ មិនទាន់រកបានមេដាយនៅឡើយ ក្រោយការប្រកួតផ្លូវការរយៈពេល១១ថ្ងៃ។



គិតត្រឹមព្រឹកថ្ងៃទី៤ ខែតុលា មីយ៉ាន់ម៉ារកបានមេដាយមាស១ ពីកីឡាសីដក់ និងជាមេដាយដំបូងរបស់ពួកគេ ក្រោយប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកញ្ញាមក។ មីយ៉ាន់ម៉ា ក៏ជាប្រទេសទី៩ ក្នុងតំបន់អាស៊ាន បន្ទាប់ពី ថៃ ឥណ្ឌូណេស៊ី សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ព្រុយណេ និងឡាវ ដែលរកបានមេដាយរៀងៗខ្លួន។
 
យ៉ាងណាក៏ដោយ ក្រោយការប្រកួតផ្លូវការចំនួន១១ថ្ងៃមក មានតែ កម្ពុជា និងទីម័រខាងកើតប៉ុណ្ណោះ ជាក្រុមតំបន់អាស៊ីអាគ្នេយ៍ដែលមិនទាន់រកបានមេដាយណាមួយឡើយ។
 
ចំណោមប្រភេទកីឡាទាំង១៧ ដែលកម្ពុជាបានបញ្ជូនទៅប្រជែងមេដាយនៅចិន មានកីឡាបាល់ទះបុរក្នុងសាល, ហែលទឹក, តេក្វាន់ដូ WT, គុនដាវ, អត្តពលកម្ម ទ្រីយ៉ាត្លុង គ្រីឃីត បាល់បោះ៣ទល់៣ ចប់ភារកិច្ចដោយគ្មានមេដាយ។
 
ដោយឡែក កីឡាដែលនៅសេសសល់មួយចំនួនដែលកម្ពុជារំពឹងបានមេដាយ មានចំបាប់ ទូកនាគ, ជឺជិតស៊ូ, ការ៉ាតេ, អុកចិន, ទូកក្ដោង និង សូហ្វតិន្នីស ស្របពេលការប្រកួតកីឡាអាស៊ីលើកទី១៩ នៅក្រុងហាងចូវ នៅសល់រយៈពេល៣ថ្ងៃទៀត នឹងបញ្ចប់ព្រឹត្តិការណ៍។
 
ថៃ ជាប្រទេសតំបន់អាស៊ីអាគ្នេយ៍ ដែលរកបានមេដាយបណ្តោះអាសន្នច្រើនដាច់គេ ចំនួន៤២ ក្នុងនោះ មេដាយមាស១០ ប្រាក់១២ និងសំរឹទ្ធ២០ គិតត្រឹមថ្ងៃទី៤ ខែតុលា។ ឥណ្ឌូណេស៊ី សិង្ហបុរី និងម៉ាឡេស៊ី ដែលស្ថិតនៅលេខរៀងបន្តបន្ទាប់ កំពុងប្រដេញមេដាយគ្នា ក្នុងនោះឥណ្ឌូណេស៊ីរកបានមេដាយមាស៦ ប្រាក់៦ និងសំរឹទ្ធ១៤ សរុប២៦, សិង្ហបុរី រកបានមេដាយមាស៣ ប្រាក់៦ និងសំរឹទ្ធ៤ សរុប១៣ និងម៉ាឡេស៊ីរកបានមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ១៦ សរុប២៣។
 
តារាងមេដាយបណ្តោះអាសន្នសរុប គិតត្រឹមព្រឹកថ្ងៃទី៤ ខែតុលា ម្ចាស់ផ្ទះចិន ឈរកំពូលតារាង ដោយដណ្តើមបានមេដាយច្រើនដាច់គេសរុប៣០០ មាស១៦៤ ប្រាក់៩០ និងសំរឹទ្ធ៤៦ តាមពីក្រោយដោយ ជប៉ុន ដែលរកបានមេដាយសរុប១៣១ ក្នុងនោះមាស ៣៣ ប្រាក់៤៨ និងសំរឹទ្ធ៥០។ កូរ៉េខាងត្បូង ឈរលេខរៀងទី៣ រកបានមេដាយសរុប១៤០ ក្នុងនោះ មាស៣២ ប្រាក់៤៣ និងសំរឹទ្ធ៦៥៕
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com