ជាតិ
លោក គួច ចំរើន ហាមពលរដ្ឋចេញនេសាទនៅសមុទ្រ ព្រោះមានព្យុះ
04, Oct 2023 , 5:09 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបភាព ពីហ្វេសប៊ុករបស់លោក
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបភាព ពីហ្វេសប៊ុករបស់លោក
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហុន នៅថ្ងៃទី៤ ខែតុលានេះ បានហាមប្រាមប្រជាពលរដ្ឋ ចេញទៅនេសាទនៅសមុទ្រ បន្ទាប់ពីព្យាករមានព្យុះមួយប្រភេទ កើតចេញពីប្រទេសហ្វីលីពីន។ បាតុភូតនេះ អាចបង្កឱ្យមានភ្លៀង ព្យុះ ខ្យល់កន្រ្ទាក់ និងរលកធំៗ ក្នុងសមុទ្រកម្ពុជា។



«តាមការព្យាករ នឹងមានព្យុះដែលចាប់ផ្ដើមពីប្រទេសហ្វីលីពីន ហើយបោកបក់មកកោះតៃវ៉ាន់ តែវាក៏បង្កផលប៉ះពាល់ឱ្យមានភ្លៀង ព្យុះ ខ្យល់ និងរលកធំៗ នៅក្នុងសមុទ្រកម្ពុជាយើងផងដែរ។ ដូច្នេះ ខ្ញុំសូមឱ្យផ្អាកការចេញទៅធ្វើនេសាទ នៅក្នុងលំហសមុទ្រនៅតាមបណ្ដាកោះផ្សេងៗ ព្រោះវាអាចកើតមានគ្រោះថ្នាក់ ដោយសារបញ្ហាអាកាសធាតុនេះបាន»។ នេះជាការលើកឡើងរបស់ លោក គួច ចំរើន។ 
 
ជាមួយគ្នានេះ លោក បានស្នើឱ្យមន្រ្តីពាក់ព័ន្ធ និងសហគមន៍ប្រជានេសាទ បង្កើនការផ្សព្វផ្សាយដល់ពលរដ្ឋបន្ថែមទៀត ដើម្បីកុំឱ្យពួកគេចាកចេញទៅនេសាទ ដោយមិនបានដឹងព័ត៌មានជាមុន។ លើសពីនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ក្នុងករណីមានមនុស្សគ្រោះថ្នាក់ នៅលើផ្ទៃសមុទ្រ ឬកោះជាយថាហេតុ។ 
 
យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែតុលានេះ កម្ពុជា នឹងបន្តធ្លាក់ភ្លៀងចំនួន ២ថ្ងៃទៀត ក្នុងកម្រិតពីខ្សោយទៅបង្គួរ បណ្ដាលមកពី ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែកព្យុះទី១៤ ឈ្មោះ កយនុយ «Koinu» នៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងដើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ ត្រូវក្រសួងធនធានទឹក បញ្ជាក់ថា វានឹងមិនមានឥទ្ធិពលមកលើកម្ពុជានោះទេ៕
 

Tag:
 គួច ចំរើន
  ព្រះសីហនុ
  អាកាសធាតុ
  ក្រសួងធនធានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com