សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារពិភពលោក ព្រមានពីកំណើនយឺតនៅប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី
05, Oct 2023 , 8:29 am        
រូបភាព
កម្មករធ្វើការក្នុងរោងចក្រមួយកន្លែងនៅប៉េកាំង ។ រូបភាព ៖  Reuters ។
កម្មករធ្វើការក្នុងរោងចក្រមួយកន្លែងនៅប៉េកាំង ។ រូបភាព ៖ Reuters ។
ធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនឹងកើនឡើងក្នុងអត្រាទាបបំផុតដោយសារគោលនយោបាយគាំពារនិយមរបស់អាម៉េរិក និងការកើនបំណុល។ ការរ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​នៅតែមានចំណោះ ភាព​ទន់​ខ្សោយ​សេដ្ឋកិច្ច​របស់​ចិនដែល​នឹង​រីក​រាល​ដាល​ដល់​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់។

 
ធនាគារពិភពលោកបានកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២៤ មកត្រឹម ៤,៥ភាគរយទាបជាង ៤,៨ភាគរយដែលបានផ្តល់កាលពីខែមេសា។ នេះក៏នៅតែទាបជាងកំណើនសេដ្ឋកិច្ចដែលរំពឹងទុកនៅឆ្នាំនេះក្នុងអត្រា៥ភាគរយ។
 
ចិនដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកក៏មានការព្យាករកំណើនធ្លាក់ចុះនៅឆ្នាំ២០២៤ ពីអត្រា ៤,៨ភាគរយកាលពីខែមេសាមកត្រឹម ៤,៤ភាគរយ។ ឆ្នាំនេះ ទីក្រុងប៉េកាំងកំណត់គោលដៅកំណើនប្រហែល ៥ភាគរយដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
 
លោក Aaditya Mattoo ប្រធានសេដ្ឋវិទូនៃធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបាននិយាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចចិន នឹងមានភាពរឹងមាំ យូរអង្វែងជាងអ្វីដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន។ បច្ចប្បន្នការលក់រាយនៅប្រទេសនេះបានធ្លាក់ចុះក្រោមកម្រិតមុនជំងឺកូវីដ-១៩ តម្លៃផ្ទះនៅទ្រឹង បំណុលគ្រួសារកំពុងកើនឡើង ហើយការវិនិយោគផ្នែកឯកជនចុះខ្សោយ។
 
ដោយរួមបញ្ចូលគ្នានូវកត្តាអវិជ្ជមាន តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលជាម៉ាស៊ីនកំណើនដ៏សំខាន់មួយរបស់ពិភពលោក នឹងមានអត្រាកំណើនយឺតបំផុតចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ ដែលរារាំងព្រឹត្តិការណ៍មិនល្អជាច្រើនតួយ៉ាង កូវីដ-១៩ វិបត្តិហិរញ្ញវត្ថុអាស៊ី និងវិបត្តិប្រេងពិភពលោកឆ្នាំ១៩៧០ ។
 
លោក Mattoo បានព្រមានថា កំណើនយឺតនឹងបន្តកើតមាន ដូច្នេះរដ្ឋាភិបាលនានារួមទាំងចិនគួរចាប់ផ្តើមកំណែទម្រង់វិស័យសេវាកម្មឲ្យឆាប់រហ័ស។ យ៉ាងណាការផ្លាស់ប្តូរពីកំណើនដោយផ្អែកលើអចលនទ្រព្យ និងការវិនិយោគកំពុងមានការប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើននៅអាស៊ី។
 
នៅក្នុងតំបន់ដែលរីកចម្រើនខ្លាំងតាមរយៈការវិនិយោគពាណិជ្ជកម្ម និងផលិតកម្ម គន្លឹះនៃការអភិវឌ្ឍន៍បន្ថែមទៀតនឹងបានមកពីការកែទម្រង់វិស័យសេវាកម្ម ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តន៍ឌីជីថល។ 
 
តម្រូវការសកលដែលខ្សោយជាងនេះ កំពុងធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង។ ការនាំចេញទំនិញបានថយចុះជាង ២០ភាគរយនៅឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ហើយជាង១០ភាគរយនៅចិន និងវៀតណាម បើប្រៀបធៀបត្រីមាសទី២ឆ្នាំមុន។ ការកើនឡើងនៃបំណុលគ្រួសារ ក្រុមហ៊ុនសាជីវកម្ម និងរដ្ឋាភិបាលបានធ្វើឱ្យមានការថយចុះបន្ថែមទៀតនូវចក្ខុវិស័យកំណើន។
 
មិនត្រឹមតែចិនទេ ភាគច្រើននៃអាស៊ីបូព៌ា-ប៉ាស៊ីហ្វិកក៏កំពុងចាប់ផ្តើមរងផលប៉ះពាល់ដោយគោលនយោបាយពាណិជ្ជកម្ម និងឧស្សាហកម្មថ្មីរបស់អាម៉េរិក ក្រោមច្បាប់កាត់បន្ថយអតិផរណា (IRA) បន្ទះឈីប និងវិទ្យាសាស្ត្រ។
 
អស់រយៈពេលជាច្រើនឆ្នាំ ភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក-ចិន និងពន្ធដែលក្រុងវ៉ាស៊ីនតោនដាក់លើប៉េកាំងបានផ្តល់ផលប្រយោជន៍ដល់អាស៊ីអាគ្នេយ៍ ដោយជំរុញឱ្យមានតម្រូវការនាំចូលពីប្រទេសទាំងនេះ។ ប៉ុន្តែការដាក់ឱ្យប្រើប្រាស់ច្បាប់កាត់បន្ថយអតិផរណា និងបន្ទះឈីបកាលឆ្នាំ ២០២២ គឺជាគោលនយោបាយដែលមានបំណងជំរុញការផលិតរបស់អាម៉េរិក និងកាត់បន្ថយការពឹងផ្អែកលើចិន កំពុងប៉ះពាល់ដល់ប្រទេសអាស៊ីអាគ្នេយ៍រួចទៅហើយ។
 
យោងតាមធនាគារពិភពលោក ការនាំចេញគ្រឿងអេឡិចត្រូនិក និងគ្រឿងម៉ាស៊ីនពីចិន និងអាស៊ីអាគ្នេយ៍បានធ្លាក់ចុះ បន្ទាប់ពីគោលនយោបាយគាំពារនិយមរបស់អាម៉េរិកចូលជាធរមាន។ តាមការប្រៀបធៀប ពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដា ឬជាមួយម៉ិកស៊ិកមិនធ្លាក់ចុះទេ។ 
 
ធុរកិច្ចឥណ្ឌូណេស៊ីបានរិះគន់ខ្លាំងៗនូវការដកចេញដោយអយុត្តិធម៌នៃសារធាតុរ៉ែសំខាន់ៗរបស់ខ្លួនពីកញ្ចប់ឧបត្ថម្ភធនបច្ចេកវិទ្យាបៃតងរបស់អាម៉េរិក។ ប្រទេសនេះមានទុនបម្រុងនីកែលដ៏ធំបំផុតរបស់ពិភពលោក ដែលមានសារសំខាន់សម្រាប់ការផលិតអាគុយរថយន្តអគ្គិសនី។ ហ្សាការតាកំពុងព្យាយាមចរចាលើការនាំចេញរ៉ែរបស់ខ្លួន ដើម្បីមានសិទ្ធិទទួលបានឧបត្ថម្ភធនដូចកាណាដា ឬម៉ិកស៊ិកពីអាម៉េរិក។
 
ក្រុមធុរកិច្ចវៀតណាមបានអះអាងស្រដៀងគ្នាថា អាម៉េរិកគួរតែបន្តការលើកទឹកចិត្តពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន ជាពិសេសក្រោយប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង។ អាម៉េរិកគឺជាទីផ្សារធំបំផុតរបស់វៀតណាម ប៉ុន្តែការនាំចេញបានធ្លាក់ចុះ ១៩,១ភាគរយ៩ខែឆ្នាំនេះ ធៀបនឹងការកើនឡើង ១៣,៦ភាគរយគ្រាដូចគ្នាកាលឆ្នាំមុន​៕ 
 

Tag:
 ធនាគារពិភពលោក
  អាស៊ី
  កំណើន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com