សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
CEO ធនាគារធំជាងគេនៅអាម៉េរិកថា Fed អាចដំឡើងអត្រាការប្រាក់ដល់៧ភាគរយ
04, Oct 2023 , 8:59 pm        
រូបភាព
លោក Jamie Dimon នាយកប្រតិបត្តិ JPMorgan Chase ។ រូបភាព ៖ Bloomberg ។
លោក Jamie Dimon នាយកប្រតិបត្តិ JPMorgan Chase ។ រូបភាព ៖ Bloomberg ។
នាយកប្រតិបត្តិធនាគារ JPMorgan Chase ព្យាករថាធនាគារកណ្តាលអាម៉េរិក (Fed) ប្រហែលជាត្រូវដំឡើងអត្រាការប្រាក់ដល់ ៧ភាគរយដើម្បីទម្លាក់អតិផរណាឲ្យដល់គោលដៅ២ភាគរយ។​

 
នាយកប្រតិបត្តិរបស់ធនាគារធំជាងគេរបស់អាម៉េរិក JPMorgan Chase លោក Jamie Dimon បានចេញការព្រមានទៅកាន់វិនិយោគិននៅ Wall Street ថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចមានផ្លូវវែងឆ្ងាយដើម្បីបង្កើនអត្រាការប្រាក់ដែលជាយុទ្ធសាស្រ្តទម្លាក់នឹងអតិផរណាឲ្យដល់គោលដៅ។
 
អ្នកវិភាគភាគច្រើនយល់ថា Fed នឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅខែវិច្ឆិកាឆ្នាំនេះ ត្រឹមតែ០,២៥ភាគរយ ដែលនឹងធ្វើឱ្យអត្រាការប្រាក់កើនពីតួលេខចន្លោះ៥,៥ភាគរយទៅ ៥,៧៥ភាគរយពីកម្រិតបច្ចុប្បន្នដែលមានចន្លោះ៥,២៥ភាគរយដល់៥,៥ភាគរយ។ 
 
នៅបទសម្ភាសជាមួយទូរទស្សន៍ Bloomberg TV នាថ្ងៃទី ២ ខែតុលា លោក Dimon បាននិយាយថា Fed ពិតជាអាចដំឡើងអត្រាការប្រាក់១,៥ភាគរយបន្ថែមទៀត ដែលធ្វើឱ្យការប្រាក់កើនដល់៧ភាគរយ។ យ៉ាងណាការព្រមានរបស់លោក Dimon ផ្ទុយទៅនឹងការព្យាករចុងក្រោយរបស់ Fed ដែលក្នុងនោះអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលបាននិយាយថា Fed អាចនឹងដំឡើងអត្រាការប្រាក់តែមួយដងទៀតនៅឆ្នាំនេះ និងកាត់បន្ថយអត្រាការប្រាក់មកវិញនៅឆ្នាំ២០២៤។
 
បើតាមលោក Dimon ប្រជាជនអាម៉េរិកត្រូវត្រៀមខ្លួនសម្រាប់ការកើនឡើងយ៉ាងខ្លាំងនៃអត្រាការប្រាក់។ លោកមិនអាចទស្សន៍ទាយពីផលប៉ះពាល់នៃអត្រាការប្រាក់ ៧ភាគរយលើសេដ្ឋកិច្ចបានទេ។  ប៉ុន្តែលោកបានបង្ហាញពីហានិភ័យធំពីរចំពោះសេដ្ឋកិច្ចអាម៉េរិកដែលគួរយកចិត្តទុកដាក់គឺ ការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។
 
ការ​ចំណាយ​របស់​រដ្ឋាភិបាល​​អាម៉េរិក​​កម្រិត​ខ្ពស់​មិន​រាប់​បញ្ចូល​ការចំណាយលើ​សង្គ្រាម នឹងធ្វើឱ្យមានការប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុដោយហេតុថា ការចំណាយសារពើពន្ធខ្ពស់ក្នុងរយៈពេលវែងបណ្តាលឱ្យមានសម្ពាធអតិផរណា ជាហេតុបង្ខំឱ្យអត្រាការប្រាក់កើនឡើង។
 
ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយរវាងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនប៉ះពាល់ដល់ទំនាក់ទំនងទាំងអស់នៅទូទាំងពិភពលោក រួមទាំងទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន។ លោក​ Dimon ​ថា ​៖ «​វា​ពិបាក​ណាស់​សម្រាប់​ទំនាក់ទំនង​អាម៉េរិក​និង​ចិន​ដើម្បី​កែលម្អ​ស្ថានភាព​សង្គ្រាម​នៅ​អ៊ុយក្រែនឲ្យឆាប់ដល់ទីបញ្ចប់​»៕ 

Tag:
 Fed
  ធនាគារកណ្តាល
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com