ជាតិ
សង្គមជាតិ
ផ្ទះជាង១ម៉ឺន៥ពាន់ខ្នង កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់
04, Oct 2023 , 9:29 pm        
រូបភាព
ផ្ទះពលរដ្ឋនៅខេត្តកំពង់ធំ រងការលិចលង់ដោយសារជំនន់ទឹកភ្លៀង។ រូបភាព៖ រដ្ឋបាលខេត្តកំពង់ធំ
ផ្ទះពលរដ្ឋនៅខេត្តកំពង់ធំ រងការលិចលង់ដោយសារជំនន់ទឹកភ្លៀង។ រូបភាព៖ រដ្ឋបាលខេត្តកំពង់ធំ
ភ្នំពេញ៖ ផ្ទះយ៉ាងហោច១ម៉ឺន៥ពាន់ខ្នង នៅខេត្តចំនួន៧ កំពុងរងផលប៉ះពាល់ ដោយ​សារ​គ្រោះទឹកជំនន់ ខណៈស្រូវ និងដំណាំប្រមាណ២ម៉ឺន៦ពាន់ហិកតា បាន​លិចលង់។ នេះ​បើ​តាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី៣ ខែតុលា។



លោក សុទ្ធ គឹមកុសលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៤ តុលានេះថា ជំនន់ទឹកភ្លៀងបានគំរាមកំហែងខេត្ត​ជាច្រើន​របស់កម្ពុជា​ ចាប់ពីតាំងពីថ្ងៃទី១២ ខែកញ្ញាមក។ រហូតមកដល់ពេលនេះ មានតែខេត្តចំនួន៧ប៉ុណ្ណោះ ដែលនៅបន្តជន់លិចធ្ងន់ធ្ងរ ក្នុងនោះ រួមមាន ពោធិ៍សាត់ បាត់ដំបង ព្រះវិហារ កំពង់ធំ សៀមរាប បន្ទាយមានជ័យ និងកណ្ដាល។
 
ដ្បិតរងការជន់លិចច្រើនខេត្ត ប៉ុន្តែ អ្នកនាំពាក្យរូបនេះ បានវាយតម្លៃថា ផល​ប៉ះពាល់ដោយជំនន់ទឹកភ្លៀងឆ្នាំ មិនសូវធ្ងន់ធ្ងរនោះទេ ធៀបនឹងឆ្នាំ២០២២។ ទោះយ៉ាង មន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅតែបន្តតាមដានស្ថានភាពទឹកភ្លៀង ដើម្បីជួយអន្តរាគមន៍ និងវាយតម្លៃផលប៉ះពាល់ បន្ថែមទៀត។ 
 
លោក គឹមកុសលមុនី បញ្ជាក់ថា បើសិន កម្ពុជានៅតែបន្តធ្លាក់ភ្លៀង នោះនឹងធ្វើឱ្យ​ខេត្តជាច្រើន ជាពិសេស ប៉ែកពាយ័ព្យនៃប្រទេសកម្ពុជា រងការលិចលង់បន្ថែមទៀត។ 
 
លោក ប្រាប់ដូច្នេះថា៖« ដ្បិតតែលិចច្រើនខេត្តមែន ប៉ុន្តែ ទំហំនៃផលប៉ះពាល់មិនធ្ងន់ធ្ងរដូចឆ្នាំ២០២២ទេ ព្រោះថា ខេត្តខ្លះគ្រាន់តែជន់លិចមួយពេលខ្លីប៉ុណ្ណោះ។ យ៉ាងណា យើងនៅតែបន្តតាមដានស្ថានភាពទឹកភ្លៀង។ ប្រសិននបើ នៅពេលខាងមុខ ភ្លៀងធ្លាក់ច្រើន អាចនឹងកើតជាជំនន់ទឹកភ្លៀង នៅភាគពាយ័ព្យ ដែលវាអាចប៉ះពាល់បន្ថែមទៀត»។ 
 
បើតាមរបាយការណ៍ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ពលរដ្ឋខេត្តពោធិ៍សាត់ ៩,១៩៦គ្រួសារ ផ្ទះសម្បែង ៨,១០៨ខ្នង ស្រូវ៧,១៩៩ហិកតា និងដំណាំរួមផ្សំ ២,៤៤០ហិកតា។ ខេត្តបាត់ដំបង ប៉ះពាល់ពលរដ្ឋ ៦,១១៧ គ្រួសារ ស្រូវ ៣,០៣៤ ហិកតា និងដំណាំរួមផ្សំ ១,៧៣២ ហិកតា។ 
 
សៀមរាប ប៉ះពាល់ពលរដ្ឋ ៥,៤៥០គ្រួសារ ផ្ទះ ៣,៣៣៦ខ្នង និងស្រូវ ៧,២៤៤ហិកតា។ កំពង់ធំ ប៉ះពាល់ពលរដ្ឋ ៧ពាន់គ្រួសារ ផ្ទះ ៣,៧២៥ខ្នង និងស្រូវ ៣,៧៥៦ហិកតា ក្នុងពលរដ្ឋ ២១៣គ្រួសារ ត្រូវបានជម្លៀសចេញ។ កណ្ដាល ប៉ះពាល់ពលរដ្ឋ ៥១៨គ្រួសារ ផ្ទះ ២២២ខ្នង និងស្រូវ ៧៣ហិកតា។  
 
ចំណែក ខេត្តព្រះវិហារ ប៉ះពាល់ពលរដ្ឋ ៤០៦គ្រួសារ និងស្រូវ ១៧៤ហិកតា។ បន្ទាយមានជ័យ ប៉ះពាល់ពលរដ្ឋ ៥២គ្រួសារ និងស្រូវ ១៧៤ហិកតា។ 
 
យោងតាមការព្យាកររបស់ក្រសួងធនធានទឹក​ និងឧតុនិយម នៅថ្ងៃទី៤ ខែតុលានេះ កម្ពុជា នឹងបន្តធ្លាក់ភ្លៀងចំនួន ២ថ្ងៃទៀត ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ ដោយចំនួនទឹកភ្លៀងនេះ អាចគ្រប់ដណ្ដប់ផ្ទៃដីពី ៤០ទៅ៦០ភាគរយ។ ការណ៍នេះ បណ្ដាលមកពី ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ៕ 
 

Tag:
 សុទ្ធ គឹមកុសលមុនី
  ទឹកជំនន់
  គ្រោះមហន្តរាយ
© រក្សាសិទ្ធិដោយ thmeythmey.com