ជាតិ
អ្នកគ្រូ មៀច ស៊ូណាន៖ ខ្ញុំមានមោទកភាពក្នុងការបង្រៀន «កុមារដែលមានតម្រូវការពិសេស»
05, Oct 2023 , 8:59 am        
រូបភាព
អត្ថបទដោយ៖ អង្គការអេដ អេ អាកស្យុង
 
ភ្នំពេញ៖ កុមារកម្ពុជាមួយចំនួន​ដែលមានពិការភាពផ្នែកសតិបញ្ញា មិនធ្លាប់បានចូលសាលារៀនទេ។ គម្រោង​ «ដៃគូ​រួមគ្នា​ផ្តល់ឱកាស​អប់រំ​ដល់កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា» បានផ្តល់ឱកាសថ្មី ដល់កុមារដែលមានពិការភាពផ្នែកសតិបញ្ញាទាំងនោះ ក្រោមកិច្ចសហប្រតិបត្តិការរវាង មូលនិធិ Education Above All Foundation និង អង្គការអេដ អេ អាកស្យុង (Aide et Action) តាមរយៈកម្មវិធីអប់រំកុមារតូច (Educate A Child)។ ជាងនេះទៅទៀត ធនធានគ្រូបង្រៀនសម្រាប់ការអប់រំពិសេសនៅខ្វះខាតច្រើន ហើយសមត្ថភាពបង្រៀនក៏នៅមានកម្រិត។ ទោះជាយ៉ាងណាក៏ដោយ សាលារៀនអង្គការទន្សាយ ដែលជាផ្នែកមួយនៃសមាជិក ក្រុមការងារដៃគូរួមគ្នា បានដឹកនាំសកម្មភាពជាច្រើន ដើម្បីដោះស្រាយបញ្ហានេះ។

 
អ្នកស្រី មៀច ស៊ូណាន អាយុ ២៧ ឆ្នាំ ជាគ្រូបង្រៀនថ្នាក់សមាហរណកម្ម នៃកម្មវិធីអប់រំបរិយាបន្ន នៅសាលាបឋមសិក្សាទួលគោក ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និង អង្គការសាលារៀនទន្សាយ (RSO)។ អ្នកស្រី មៀច ស៊ូណាន មានប្រសាសន៍ថា៖ «ធ្វើជាគ្រូបង្រៀន គឺជាក្តីស្រមៃរបស់ខ្ញុំកាលពីកុមារភាព ហើយជម្រើសនៃការបង្រៀនកុមារដែលមានពិការភាពផ្នែកសតិបញ្ញា គឺជាក្តីស្រលាញ់ និងការអាណិតអាសូររបស់ខ្ញុំ»។
 
មានស្រុកកំណើត​នៅ​ខេត្ត​តាកែវ ហើយ​បាន​ផ្លាស់​មក​រស់នៅទីក្រុងភ្នំពេញ ​ដើម្បី​បន្តការសិក្សា​ បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ​ នៅពេល​ល្ងាច អ្នកស្រី ស៊ូណាន បានចាប់ផ្តើមការងារពេញម៉ោងជាមួយ អង្គការសាលារៀនទន្សាយ​ ជាជំនួយការគ្រូបង្រៀន ក្នុងឆ្នាំ២០១៨។ ដំបូងឡើយ អ្នកនាងគិតថា ទទួលការងារជាជំនួយការគ្រូបង្រៀនកុមារមានពិការភាពផ្នែកសតិបញ្ញា គ្រាន់តែជាការងារបណ្តោះអាសន្ន ដើម្បីបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យតែប៉ុណ្ណោះ។ នៅដំណាក់កាលដំបូងនៃអាជីពការងារនេះ អ្នកនាងទទួលបានត្រឹម $១២០ ជាប្រាក់ឈ្នួលប្រចាំខែ និងការបណ្តុះបណ្តាលផ្នែកបច្ចេកទេសបង្រៀនជាបន្តបន្ទាប់ ដែលបានលើកទឹកចិត្តអ្នកនាង បន្តការងាររហូតក្លាយជា គ្រូបង្រៀនកុមារមានតម្រូវការពិសេស​ម្នាក់ ដែលមានអាជីពនិងជំនាញវិជ្ជាជីវៈ។ ពីរឆ្នាំក្រោយមក អ្នកនាង ស៊ូណាន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងត្រូវបានតែងតាំងជា គ្រូបង្រៀនផ្លូវការ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាមួយនឹងកិច្ចសន្យារយៈពេលមួយឆ្នាំ នៅក្រសួងអប់រំ យុវជន និងកីឡា។ ឥឡូវ​នេះ អ្នកនាង​ជា ​គ្រូបង្រៀនមាន​ក្របខណ្ឌ ហើយ​ទទួល​បាន​ប្រាក់​ខែកាន់តែ​ប្រសើរ​។
 

 
អ្នកគ្រូ ស៊ូណាន បញ្ជាក់ថា៖ «ការបង្រៀននៅក្នុងថ្នាក់សមាហរណកម្ម បានបង្ហាញឱ្យខ្ញុំឃើញពីសង្គមមួយផ្សេងទៀត។ សេចក្តីស្រឡាញ់ និងអារម្មណ៍អាណិតអាសូរក្នុងចំណោមសិស្ស/កុមារដែលមានពិការភាពផ្នែកសតិបញ្ញា បានរក្សាខ្ញុំឱ្យនៅទីនេះអស់រយៈពេលប្រាំឆ្នាំមកហើយ។ នៅពេលដែលខ្ញុំឈឺ និងអវត្តមាន ខ្ញុំក៏មានការព្រួយបារម្ភអំពីសិស្សរបស់ខ្ញុំនៅទីនេះផងដែរ ថាតើ គ្រូជំនួស អាចគ្រប់គ្រង តាមដាន ឬមើលថែកូនសិស្សរបស់ខ្ញុំ បានលឿនដូចខ្ញុំធ្វើដែរឬទេ? ខ្ញុំមានអារម្មណ៍ថា កូនសិស្សដែលមានពិការភាពផ្នែកសតិបញ្ញារបស់ខ្ញុំត្រូវការការថែទាំពិសេស និងរៀនដើម្បីចូលក្នុងសង្គម ហើយយ៉ាងហោចណាស់ត្រូវចេះជួយខ្លួនឯងពេលពួកគេនៅម្នាក់ឯង»។
 
អ្នកនាង ស៊ូណាន ជាគ្រូបង្រៀននៅកម្រិតទី៣ នៃថ្នាក់សមាហរណកម្ម ដែលសិស្សមានអាយុចន្លោះពី ៨ឆ្នាំ ទៅ ១២ឆ្នាំ និងបង្រៀនសិស្សចំនួន ២៥នាក់ ដែលមានជំងឺអូទីស្សឹម ជំងឺដោនស៊ីនដ្យូន និងកុមារមានពិការភាពផ្នែកសតិបញ្ញា ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយមានវេនពីរ គឺពេលព្រឹក និងពេលរសៀល។ អ្នកនាងគឺជា គ្រូបង្រៀនឯកទេសម្នាក់ក្នុងចំណោម គ្រូឯកទេស ៦២នាក់ នៃអង្គការសាលារៀនទន្សាយ ដែលប្រើ កម្មវិធីសិក្សាផ្សេងៗ​គ្នា​ដើម្បីបំពេញតម្រូវការពិសេសរបស់សិស្សម្នាក់ៗ ដោយប្រើវិធីសាស្រ្តគរុកោសល្យ និងការព្យាបាលចម្រុះ ដើម្បីគាំទ្រទស្សនវិស័យនៃការអប់រំសមាហរណកម្ម។
 
«បញ្ហាប្រឈមដ៏ធំគឺការរើសអើងក្នុងចំណោមពលរដ្ឋជាច្រើន ដែលនៅតែចាត់ទុក កុមារមានពិការភាពផ្នែកសតិបញ្ញា ដោយការផ្តោតលើផ្នែកមានពិការភាពរបស់ពួកគេ ជាជាងចាត់ទុកពួកគេជាកុមារពិសេស។ ខ្ញុំមិនបន្ទោសការយល់ឃើញរបស់មហាជនទូទៅទេ ដោយសារតែចំណេះដឹង និងប្រតិកម្មហួសហេតុរបស់ពួកគេ។ ខ្ញុំ​អាច​ប្រាប់​ថា កុមារ​ដែល​មាន​ពិការ​ភាពផ្នែកសតិ​បញ្ញា​មិន​មាន​គ្រោះថ្នាក់​ទេ ពួកគេ​ជា​មនុស្ស​ស្លូតត្រង់»។ អ្នកនាង ស៊ូណាន បន្ថែម។ 
 

 
អ្នកនាង ស៊ូណាន ក្លាយជាគ្រូបង្រៀនផ្លូវការ នៅក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០២១ ក្រោមសំណើពី អង្គការសាលារៀនទន្សាយ ទៅដល់ ក្រសួងអប់រំ ហើយអ្នកនាងទទួលបានប្រាក់បៀវត្សរ៍​ពីក្រសួងអប់រំ បន្ថែមលើប្រាក់ឧបត្ថម្ភពី អង្គការសាលារៀនទន្សាយ និង អង្គការអេដ អេ អាកស្យុង នៅកម្ពុជា។  នៅដើមឆ្នាំ២០២៣​ អ្នកនាងបានរៀបការជាមួយ គ្រូបង្រៀនឯកទេសកុមារពិសេសម្នាក់ទៀត ដែលធ្វើការនៅ អង្គការសាលារៀនទន្សាយដូចគ្នា។ បច្ចុប្បន្ននេះ អ្នកនាងមិនដែលគិតអំពីអាជីពផ្សេងទៀតនាពេលអនាគតក្រៅពីការងារជាគ្រូបង្រៀនកុមារពិសេសនៅ ថ្នាក់សមាហរណកម្មរបស់ អង្គការសាលារៀនទន្សាយទេ។
 
អ្នកនាង ស៊ូណាន អះអាងថា «ខ្ញុំមានមោទនភាពដែលបានក្លាយជាធនធានដ៏កម្រម្នាក់ក្នុងការបង្រៀនកុមារដែលមានពិការភាពផ្នែកសតិបញ្ញា។ កុមារគ្រប់រូបដែលឆ្លងកាត់ថ្នាក់របស់ខ្ញុំ យ៉ាងហោចណាស់នឹងបានប្រសើរជាវិជ្ជមានមួយផ្នែកនៃការលំបាករបស់ពួកគេ។»
 
អង្គការសាលារៀនទន្សាយ គឺជាដៃគូមួយក្នុងចំណោមដៃគូរបស់ គម្រោង​ដៃគូ​រួមគ្នា​ផ្តល់ឱកាស​អប់រំ​ដល់កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា តាំងពីឆ្នាំ២០១៤ ហើយបាននិងកំពុងធ្វើការលើការផ្តល់ការអប់រំដល់កុមារដែលមានពិការភាពផ្នែកសតិបញ្ញានៅក្នុងប្រទេសកម្ពុជា អស់រយៈពេល ២៥ឆ្នាំមកហើយ ដើម្បីលើកកម្ពស់សិទ្ធិកុមារដែលមានពិការភាពផ្នែកសតិបញ្ញាដោយស្មើភាពគ្នា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានលទ្ធភាពទទួលបានការអប់រំ ដោយមិនគិតពីប្រភពដើម ធម្មជាតិ ឬភាពធ្ងន់ធ្ងរនៃពិការភាពរបស់ពួកគេ។


 
គិតត្រឹមឆ្នាំ២០២៣ អង្គការសាលារៀនទន្សាយ ផ្តល់ការអប់រំដល់កុមារដែលមានពិការភាពផ្នែកសតិបញ្ញាចំនួន៦៧០នាក់ ដែលក្នុងនោះ ៣៦៩នាក់ ជាក្មេងស្រី ដោយមានគោលដៅបញ្ចូលកុមារដែលមានពិការភាពផ្នែកសតិបញ្ញា ទៅក្នុងថ្នាក់សមាហរណកម្ម​នៅពេលណាដែលអាចធ្វើទៅបាន។ បន្ថែមពីលើកម្មវិធីអប់រំដ៏ទូលំទូលាយរបស់ខ្លួន អង្គការសាលារៀនទន្សាយ ក៏ពង្រីកការគាំទ្ររបស់ខ្លួនដល់កុមារនៅក្រៅសាលាចំនួន ២ ៨០០នាក់ នៅក្នុងខេត្តគោលដៅចំនួន៤ ដែលសាលារៀនស្ថិតនៅ។ ក្នុង​ចំណោម​នោះ មាន​សិស្ស​ចំនួន ១ ២៣៧នាក់ ​ត្រូវ​បាន​ផ្តល់​អាហារូបករណ៍​ក្នុង​ឆ្នាំ២០២២ ក្នុង​នោះ ៥៨៩ នាក់​ជាសិស្ស​ស្រី។ លើសពីនេះ អង្គការសាលារៀនទន្សាយ បានផ្តល់ការគាំទ្រដល់ក្រុមគ្រួសារកុមារសរុប ៨០គ្រួសារ ដោយទទួលស្គាល់ពីសារៈសំខាន់នៃសុខុមាលភាពរួម និងជីវភាពរស់នៅប្រកប​ដោយនិរន្តរភាពសម្រាប់សហគមន៍៕
 
 

Tag:
 អប់រំ
  ទិវាគ្រូបង្រៀន
  កុមារ
  មៀច ស៊ូណាន
© រក្សាសិទ្ធិដោយ thmeythmey.com