ជាតិ
មហោស្រព​ចាប៉ី​ដង​វែ​ង​ឆ្នាំ​២០២៣ រក​ឃើញបេក្ខជន​​ជយលាភីទាំង​៣​រូប​ហើយ​
05, Oct 2023 , 9:59 am        
រូបភាព
(រាប់​ពី​ឆ្វេង លោក ណូន សុខ, លោក សាន វណ្ណា, លោក សូរ សារ៉ន)
(រាប់​ពី​ឆ្វេង លោក ណូន សុខ, លោក សាន វណ្ណា, លោក សូរ សារ៉ន)
ភ្នំពេញ៖ មហោស្រព​ចាប៉ី​ដង​វែង ឆ្នាំ​២០២៣ ក្រោម​ប្រធាន​បទ​ “វប្បធម៌​សន្តិភាព” បាន​រក​ឃើញ​ជយ​លាភី​ទាំង​៣​រូបហើយ ដោយ​លេខ​១ បាន​ទៅ​លើ​​សិល្បករ​ ណូន សុខ លេខ​២​បាន​ទៅ​លើ​សិល្បករ​  សាត វណ្ណា និង​លេខ​៣ បាន​ទៅ​លើ​សិល្បករ​  សូរ សារ៉ន​។



សិល្បករ​ ណូន សុខ គឺ​ជាបេក្ខជន​មក​ពី​ខេត្ត​សៀម​រាប ដោយ​បក​ស្រាយ​​លើ​ប្រធាន​បទ “​គាំ​ទ្រ​យុវជន​​ថែរក្សា​វប្បធម៌​”។ ម្ចាស់​ជយលាភី​លេខ​២ គឺ​សិល្បករ សាត វណ្ណា មក​ពី​ភ្នំពេញ បក​ស្រាយ​​ប្រធាន​បទ “​មាន​សន្ដិភាព វប្បធម៌​ស្ថិត​​ស្ថេរ និង​រុង​រឿង​”​។ ចំណែក​បេក្ខជន​ជយលាភីលេខ​៣ សិល្បករ​ សូរ សារ៉ន មក​ពី​ខេត្ត​ស្វាយ​រៀន បក​ស្រាយ​ប្រធានបទ “ផឹក​ទឹក​នឹក​ដល់​ប្រភព ជ្រក​ម្លប់​​នឹក​ដល់​អ្នក​ដាំ​”​។
  
បេក្ខជនជយលាភីទាំងរូប ដែលជាប់ក្នុងគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (រូបពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

មហោស្រព​ចាប៉ី​ដង​វែង​ទូទាំង​ប្រទេស​ ប្រព្រឹត្តទៅ​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៤ ខែ​តុលា​ ឆ្នាំ​២០២៣ នៅ​រោង​មហោស្រព​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព។
 
សូម​បញ្ជាក់​ថា គោល​បំណង​នៃ​ការ​រៀប​ចំ​មហោស្រព​ចាប៉ី​ដង​វែង ឆ្នាំ​២០២៣ ក្រោម​ប្រធាន​បទ​ “វប្បធម៌សន្តិភាព” គឺ​ដើម្បី​ថែរក្សា ការ​ពារ លើក​ស្ទួយ និង​លើក​ទឹក​ចិត្ត​សិល្បករ​ចាប៉ី​ដង​វែង តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ដល់​មហាជន​ ជា​ពិសេស​យុវជន​ យុវនារី ដែល​ជាទំពាំង​ស្នង​ឫស្សី នៃ​ប្រទេស​ជាតិ ឱ្យ​បាន​ស្គាល់ពី​ទម្រង់​ចាប៉ី​ដងវែង ព្រមទាំង​រួម​គ្នា​គាំ​ទ្រ​មរតក​​វប្បធម៌​ជាតិ​។ 
 
មហោស្រព​នេះរៀប​ចំឡើង​មាន​៤​វគ្គ​។ វគ្គ​ទី​១ បេក្ខជន​ដែល​ចូល​រួម​ប្រកួត ត្រូវ​ថត​វីដេអូ នៃ​ការ​ច្រៀង​ចម្រៀង​ចាប៉ី​ដង​វែង ដែល​បង្កប់​ខ្លឹម​សារ​អប់​រំ​ រយៈ​ពេល​១៥​នាទី​ ផ្ញើ​ទៅ​​គណៈ​កម្មការ​រៀប​ចំ​មហោស្រព តាម​រយៈ​អនឡាញ។ ក្នុង​នោះមហោស្រព​ ​ទទួល​បាន​បេក្ខ​ជន ​ចូល​រួម​ប្រកួត​ចំនួន១៧​រូប ដែល​មកពី​រាជ​ធានី​​ភ្នំពេញ​១រូប ខេត្ត​ស្វាយ​រៀង​២​រូប​ ខេត្ត​តាកែវ​១រូប កណ្ដាល​២​រូប ព្រៃវែង៤រូប សៀមរាប៣​រូប ពោធិសាត់​១រូប កំពង់​ឆ្នាំង​១​រូប កំពង់​ស្ពឺ​១​រូប និង​មក​ពី​ខេត្ត​កែប​១​រូប​។
  
( គណៈមេប្រយោគទាំង​៥​រូប)

បេក្ខជន​ដែល​ជាប់​នៅ​វគ្គ​ទី​១ និង​ឆ្លង​ចូល​ទៅ​វគ្គ​ទី​២ ដោយ​ត្រូវ​ថត​វីដេអូ​ចម្រៀង​ចាប៉ី​ លើ​ប្រធាន​បទ “​វប្បធម៌​សន្តិភាព” រយៈ​ពេ​ល​១៥​នាទី ដើម្បី​ផ្ញើ​ទៅ​​គណៈ​កម្មការ​មហោស្រព ដើម្បី​ពិនិត្យ​និង​ជម្រុះ យក​បេក្ខជន​ឆ្នើម​ចំនួន​៥​រូប ដើម្បី​ឈាន​ចូល​ទៅ​វគ្គ​ទី​៣​។ ក្នុង​វគ្គ​ទី​២ គណៈ​កម្មការ​មេប្រយោគ​បាន​ជម្រុះ​យក​បេក្ខ​ជន​ចំនួន​១២​រូប ដែល​មក​ពី​​រាជធានី​ភ្នំពេញ​១​រូប ស្វាយ​រៀង​២​រូប តាកែវ​១​រូប កណ្ដាល​២​រូប ព្រៃ​វែង​១​រូប ខេត្ត​សៀម​រាប​៣​រូប ពោធិសាត់​១​រូប និង​ខេត្ត​កំពង់​ឆ្នាំង​១​រូប​។ 
 
វគ្គ​ទី​៣​គឺ​ជា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ បេក្ខ​ជន​ឆ្នើម​ចំនួន​៥​រូប​ តម្រូវ​ឱ្យ​ឡើង​មក​ប្រឡង​ច្រៀង​ចម្រៀង​ចាប៉ី​ដងវែង​ លើ​ប្រធាន​បទ “​វប្បធម៌​សន្តិភាព” នៅ​នាយក​ដ្ឋាន​សិល្បៈ​ទស្សនីយភាព ដើម្បី​ជម្រុះ​រក​បេក្ខ​ជន​ឆ្នើម​ចំនួន​៣​រូប​។ វគ្គ​ទី​៤​គឺ​ជា​វគ្គ​ផ្ដាច់​ព្រ័ត្រ ដែល​យក​បេក្ខ​ជន​ ​​មាន​សមត្ថភាពខ្ពស់​តែ​៣​រូប​ប៉ុណ្ណោះ​។
  

(អ្នក​ទស្សនានាំកូន​ៗ​មក​មើល​ការ​សម្ដែង​សិល្បៈ​ចាប៉ី


សូម​រំលឹក​ថា ចាប៉ីដងវែង​របស់​ក​ម្ពុ​ជា ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ នា​អំឡុង​កិច្ចប្រជុំ​នៅទីក្រុង Addis Ababa ​ប្រទេស​អេ​ត្យូ​ពី នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦។ ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​មួយ​នេះ ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់​។
 
ជាមួយគ្នានោះ​ គណៈកម្មាធិការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌អរូបី​របស់អង្គការយូណេស្កូ បានអនុម័ត​លើ​ការស្នើសុំ​ជំនួយ​ហិរញ្ញវត្ថុ ២៣​ម៉ឺន​ដុល្លារ​អាមេរិក របស់​កម្ពុជា សម្រាប់​ការអភិរក្ស​ចាប៉ីដងវែង​៕

Tag:
 សិល្បៈ
  ចាប៉ី​ដង​វែង
  វប្បធម៌​
  សិល្បៈ​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com