កីឡាជាតិ
ជាតិ
សាលី អ៊ូមើត រំភើបចិត្ត ដែលកីឡាករកម្ពុជា ដណ្ដើមបានមេដាយកម្រិតពិភពលោក ចំនួន៦
05, Oct 2023 , 12:19 pm        
រូបភាព
ក្រុមកីឡាករម៉ូតូទឹកកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ Jet Ski World Series រូបពី សាលី អ៊ូមើត
ក្រុមកីឡាករម៉ូតូទឹកកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ Jet Ski World Series រូបពី សាលី អ៊ូមើត
សាលី អ៊ូមើត ប្រធានក្រុមដឹកនាំកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា រំភើបចិត្ត ដែលកូនក្រុមដណ្តើមបានមេដាយកម្រិតពិភពលោកចំនួន៦ ក្នុងព្រឹត្តិការណ៍ Jet Ski World Series 2023 ជុំផ្ដាច់ព្រ័ត្រនៅទីក្រុង Lake Havasu រដ្ឋ Arizona សហរដ្ឋអាម៉េរិក។ កម្ពុជា នៅមានឱកាសរកមេដាយបន្ថែមទៀត ស្របពេលការប្រកួតនឹងបញ្ចប់នៅថ្ងៃទី៨ ខែតុលា។


គិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ កីឡាករម៉ូតូទឹកកម្ពុជា៣រូប ដណ្ដើមបានមេដាយបណ្តោះអាសន្នចំនួន៦ ក្នុងព្រឹត្តិការណ៍ Jet Ski World Series 2023 ជុំផ្ដាច់ព្រ័ត្រ ដោយក្នុងនោះមេដាយមាស ៣ និងប្រាក់ ៣។ មេដាយទាំងនោះរកបានដោយកីឡាករ សាលី ហ្វីលីន ឈ្នះមេដាយមាស ២ និងប្រាក់២, កីឡាករ កៃ វ៉ាន់ស៊ីដែន មេដាយមាស ១ និងកីឡាករ មីន អូស្មាន់ មេដាយប្រាក់១។
 
កីឡាករ សាលី អ៊ូមើត បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា ក្នុងនាមជាប្រធានក្រុមខ្លួន ពិតជាសប្បាយចិត្ត ដោយឃើញកូនក្រុមសម្រេចបានសមិទ្ធផលល្អ ក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក។ 
 
« ខ្ញុំ ពិតជារំភើប ចំពោះពួកគាត់ ដែលធ្វើបានល្អ និងការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីឈ្នះមេដាយទាំងនេះ។»។ ប្រធានក្រុមកីឡាកររូបនេះ បាននិយាយដូច្នេះ។
គួរបញ្ជាក់ផងដែរ សាលី អ៊ូមើត ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម បានដឹកនាំកីឡាករម៉ូតូទឹកកម្ពុជា ចំនួន ៨រូប ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Jet Ski World Series 2023 នៅសហរដ្ឋអាមេរិក ដែលធ្វើចាប់ពីថ្ងៃទី៣-៨ ខែតុលា ឆ្នាំ២០២៣៕
 

Tag:
 ម៉ូតូទឹក
  សាលី អ៊ូមើត
© រក្សាសិទ្ធិដោយ thmeythmey.com