អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិកបញ្ជូនគ្រាប់រំសេវដែលរឹបអូសពីអ៊ីរ៉ង់ទៅអ៊ុយក្រែន
05, Oct 2023 , 2:01 pm        
រូបភាព
អាម៉េរិកបានបញ្ជូនគ្រាប់រំសេវរបស់អ៊ីរ៉ង់ដែលបានរឹបអូសកាលពីឆ្នាំមុនជាង១លានគ្រាប់ ទៅកាន់អ៊ុយក្រែន។ នេះបើតាមទីបញ្ជាការកណ្តាលអាម៉េរិក (CENTCOM) ប្រកាសនៅថ្ងៃទី ៤ ខែតុលា។

 
អាម៉េរិកបានបញ្ជូនគ្រាប់រំសេវប្រមាណ ១,១លានគ្រាប់ដែលមានទំហំ ៧,៦២មីលីម៉ែត្រទៅឱ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ 
 
គ្រាប់រំសេវទាំងនេះត្រូវបានរឹបអូសដោយអាម៉េរិកពីកប៉ាល់មួយដែលរងការចោទប្រកាន់ថាបានដឹកជញ្ជូនអាវុធអ៊ីរ៉ង់ទៅកាន់ក្រុមឧទ្ទាម Houthi នៅយេម៉ែន។  ទីបញ្ជាការយោធាប្រចាំមជ្ឈិមបូព៌ារបស់កងទ័ពអាម៉េរិក បានប្រកាសថា ខ្លួនបានរឹបអូសគ្រាប់រំសេវទាំងនេះកាលពីថ្ងៃទី២០ ខែកក្កដា តាមរយៈសំណើក្រសួងយុត្តិធម៌អាម៉េរិក។
 
ប៉ុន្តែអាវុធទាំងនេះទំនងជាមិនបង្កការភ្ញាក់ផ្អើលប៉ុន្មានឡើងចំពោះសង្គ្រាមនៅអ៊ុយក្រែន។ កញ្ចប់ជំនួយផ្នែកយោធាពីអាម៉េរិកដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ប៉ុន្តែសមាជិកអភិរក្សនិយមនៃគណបក្សសាធារណរដ្ឋបានសន្យាថានឹងកម្រិតការផ្តល់ជំនួយនាពេលខាងមុខ។
 
ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមដាក់ទ័ពនៅអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនមក អាម៉េរិកបានផ្តល់ជំនួយដល់យោធាអ៊ុយក្រែនជាង ៤៣ពាន់លានដុល្លារស្មើនឹងជាងពាក់កណ្តាលនៃកញ្ចប់ជំនួយអន្តរជាតិសរុប។
 
យ៉ាងណាមិញ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិនកាលពីថ្ងៃទី៤ ខែតុលា បានសម្តែងការព្រួយបារម្ភខ្លះដែរថា កញ្ចប់ជំនួយរបស់អាម៉េរិកសម្រាប់អ៊ុយក្រែនអាចនឹងត្រូវបានគំរាមកំហែងដោយសារតែភាពចលាចលនៅក្នុងសភាអាម៉េរិកនាពេលថ្មីៗនេះ៕ 
 

Tag:
 អាម៉េរិក
  គ្រាប់រំសេវ
  អ៊ុយក្រែន
 ​ អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com