កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ចាញ់ Newcastle ៤-១ គ្រូ PSG ថាបរាជ័យដ៏ធ្ងន់ធ្ងរនេះ មិនសមកើតឡើង
05, Oct 2023 , 2:32 pm        
រូបភាព
Newcastle United បានផ្តល់មេរៀនឱ្យ Paris Saint-Germain ជាមួយជ័យជម្នះ ៤-១ ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុ F។ លោក Luis Enrique អ្នកចាត់ការទូទៅក្រុមយក្សបារាំង លើកឡើងថាបរាជ័យដ៏ធ្ងន់ធ្ងរនេះ មិនគួរកើតឡើងទាល់តែសោះ។ អ្នកចាត់ការក្រុមសិរិកាព្រៃ លោក Eddie Howe មើលឃើញកំហុសតំបន់ការពាររបស់ PSG ដែលអាចឱ្យកូនក្រុមរកបានដល់ទៅ៤គ្រាប់។


ក្នុងជំនួបទី២ វគ្គសន្សំពិន្ទុពូល F ក្នុងកីឡដ្ឋាន St. James's Park នៅរាត្រីថ្ងៃទី៤ ខែតុលា ខ្សែបម្រើឆ្នើម Miguel Almiron រួមជាមួយខ្សែការពារ Dan Burn, Sean Longstaff និង Fabian Schär សុទ្ធតែបានទម្លុះសំណាញ់ទីរបស់អ្នកចាំទី Gianluigi Donnarumma។ ខ្សែការពារ Lucas Hernandez រកបាន១គ្រាប់ឱ្យក្រុមភ្ញៀវ PSG។ ចប់ការប្រកួតក្នុងលទ្ធផល Newcastle ឈ្នះ PSG ៤-១ គ្រូសញ្ជាតិអេស្ប៉ាញ Enrique ជឿជាក់ថាក្រុមអង់គ្លេសមួយនេះ កាន់តែមានភាពទាក់ទាញ។
 
«នេះជាការប្រកួតដ៏លំបាក និងធ្វើឱ្យក្រុមពិបាកប្រជែងទៅវគ្គបន្ត»។ នេះជាការលើកឡើងរបស់ Enrique ស្របពេលលោកយល់ថាលទ្ធផលនេះមិនសមកើតឡើងសម្រាប់ PSG នោះទេ ដ្បិតកូនក្រុមបង្កើតឱកាសច្រើនក្នុងការសម្រេចទី ក្នុងនោះដូចជា Ousmane Dembélé ខកឱកាសរកគ្រាប់ដំបូងសម្រាប់ក្រុមជាដើម។
 
អតីតគ្រូ Barcelona រូបនេះ ក៏យល់ថាលទ្ធផល​នេះដូចជា​អយុត្តិធម៌​បន្តិចសម្រាប់ក្រុមយក្សបារាំង ប៉ុន្តែលោកអបអរ Newcastle ដែលលេងបានល្អ។ គ្រូសញ្ជាតិអេស្ប៉ាញ ប្រាប់កាសែត RMC Sport ទៀតថា ជ័យជម្នះ ៤-១ ជាលទ្ធផលដ៏សំខាន់សម្រាប់ Newcastle និងជាផ្លូវនាំឱ្យក្លិបអង់គ្លេសមួយនេះកាន់តែល្បីល្បាញ។
 
ក្នុងពូល F ដែលត្រូវបានចាត់ទុកថាជាពូលមរណៈ ដ្បិតទាំង៤ក្រុមសុទ្ធសឹងជាក្រុមខ្លាំងដូចជា PSG, Newcastle, AC Milan និង​ Borussia Dortmund។ ក្នុងជំនួបទី២ AC Milan ស្មើ​ Borussia Dortmund ០-០។ Newcastle ឈរកំពូលតារាងបណ្តោះអាសន្នមាន៤ពិន្ទុ តាមពីក្រោយដោយ PSG មាន៣ពិន្ទុ AC Milan មាន២ពិន្ទុឈរលេខ៣ និង Dortmund នៅបាតតារាងមាន១ពិន្ទុ។ ជំនួបបន្ទាប់ Newcastle ស្វាគមន៍ Dortmund ឯ PSG ទទួល AC Milan។
 
ជំនួបគូផ្សេងទៀត ម្ចាស់ការពារជើងឯក Manchester City បន្តឈ្នះ RB Leipzing ៣-១ ក្នុងជំនួបទី២ពូល G ស្របពេល FK Crvena Zvezda ស្មើ Young Boys ២-២។ ពូល AT-Madrid ឈ្នះ Feyenoord ៣-២ ឯ Lazio ឈ្នះ Celtic ២១- ។ ពូល H ក្រុម Shakhtar Donetsk ឈ្នះ Royal Antwerp ៣-២ ស្របពេល Barcelona ឈ្នះ FC Porto ១-០៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com