សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុន ចាប់ផ្តើមបញ្ចេញទឹកពីរោងចក្រ Fukushima ជាលើកទីពីរ
05, Oct 2023 , 7:39 pm        
រូបភាព
ទិដ្ឋភាពថតពីលើរោងចក្រ Fukushima Daiichi ។ រូបភាព ៖ AFP ។
ទិដ្ឋភាពថតពីលើរោងចក្រ Fukushima Daiichi ។ រូបភាព ៖ AFP ។
ប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បាននិយាយថា រោងចក្របានបញ្ចេញទឹកសំណល់វិទ្យុសកម្មដែលធ្វើប្រព្រឹត្តកម្មជាលើកទីពីរជាមួយបរិមាណទឹក៧៨០០តោន នៅថ្ងៃទី៥ ខែតុលានេះ ។

 
ររោងចក្រ Fukushima Daiichi នឹងបញ្ចេញ​ទឹកដែលធ្វើប្រព្រឹត្តកម្ម​ប្រមាណ៧៨០០តោន​ចូល​សមុទ្រ​ក្នុង​រយៈពេល ១៧ថ្ងៃ។ ក្រុមហ៊ុនបានវាយតម្លៃគ្រឿងបរិក្ខារ និងលទ្ធផលនៃការត្រួតពិនិត្យបន្ទាប់ពីការបង្ហូរដោយជោគជ័យនៅជុំទីមួយ ដោយមិនបានរកឃើញបញ្ហា ឬហេតុផលក្នុងការផ្លាស់ប្តូរផែនការនោះទេ។
 
កាលពីខែមីនា ឆ្នាំ២០១១ ជប៉ុនបានទទួលរងនូវគ្រោះមហន្តរាយពីរដងនៃការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលប៉ះពាល់ដល់រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ។ ក្រុមហ៊ុន TEPCO ត្រូវបូមទឹកសមុទ្រប្រហែល ១,៣៤លានតោន ដើម្បីធ្វើឲ្យត្រជាក់ស្នូលរ៉េអាក់ទ័រ បន្ទាប់មកផ្ទុកវានៅក្នុងធុងដែកចំនួន ១០០០ធុងដែលសាងសង់ក្នុងបរិវេណរោងចក្រ។
 
នៅឆ្នាំ ២០២១ ជប៉ុនបានចាប់ផ្តើមរៀបចំផែនការបញ្ចេញទឹកសំណល់ដែលបានកែច្នៃចូលទៅក្នុងសមុទ្រជាបណ្តើរៗ ព្រោះអស់កន្លែងសម្រាប់ផ្ទុកទឹកបន្ថែមទៀត។ ទីក្រុងតូក្យូបាននិយាយថា ទឹកសំណល់វិទ្យុសកម្មនឹងឆ្លងកាត់ប្រព័ន្ធចម្រោះដើម្បីយកអ៊ីសូតូមវិទ្យុសកម្មចេញដោយបន្សល់ទុកតែទ្រីទីយ៉ូមដែលអ្នកជំនាញអះអាងថាមានផលប៉ះពាល់តិចតួចចំពោះសុខភាព។ 
 
ក្រុមហ៊ុន TEPCO បានបញ្ចេញទឹកសំណល់វិទ្យុសកម្មចាប់ពីថ្ងៃទី ២៤ ខែសីហា ដល់ថ្ងៃទី ១១ ខែកញ្ញា ដោយបានបូមទឹកសំណល់វិទ្យុសកម្មចំនួន ៧៧៨៨តោនពីធុងចំនួន ១០ ចូលទៅក្នុងសមុទ្រ។ ក្រុមហ៊ុន​បាន​យក​គម្រូ​ទឹក​សមុទ្រ​ទាំង ១០​ទីតាំង​ក្នុង​រង្វង់​៣​គីឡូម៉ែត្រ​នៃ​រោងចក្រ​​ធ្វើ​តេស្ត​ជា​ប្រចាំ​ថ្ងៃ។ 
 
លទ្ធផលបានបង្ហាញថាកំហាប់ទ្រីទីយ៉ូមខ្ពស់បំផុតគឺ ១០becquerel ក្នុង១លីត្រទឹកគឺទាបជាងកម្រិត៧០០becquerel ក្នុង១លីត្រទឹក (Becquerel គឺជាឯកតានៃវិទ្យុសកម្មនៅក្នុងប្រព័ន្ធអន្តរជាតិ) ដែលក្រុមហ៊ុនកំណត់ដើម្បីបញ្ឈប់ការបញ្ចេញ។ 
 
យ៉ាងណាមិញ ជប៉ុននៅតែប្រឈមមុខនិងការប្រឆាំងពីប្រទេសជិតខាងជាពិសេសចិន។ ចិន​បាន​រិះគន់​ជប៉ុនចំៗ និង​ដាក់​បម្រាម​នាំចូល​គ្រឿងសមុទ្រ​ទាំងអស់​ពី​ប្រទេស​នេះ។ រុស្ស៊ី​ក៏​កំពុង​ពិចារណា​លើ​វិធានការ​ស្រដៀង​គ្នា​នេះ​ដែរ។ 
 
ទន្ទឹមនេះ ទីក្រុងតូក្យូបាននិយាយថា ខ្លួនកំពុងពិចារណាលើលទ្ធភាពនៃការដាក់ពាក្យបណ្តឹងប្រឆាំងនឹងទីក្រុងប៉េកាំងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការហាមប្រាមអាហារសមុទ្ររបស់ខ្លួន៕ 
 

Tag:
 ជប៉ុន
  Fukushima
© រក្សាសិទ្ធិដោយ thmeythmey.com