សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក ដូណាល់ ត្រាំ ធ្លាក់ចេញពីបញ្ជីឈ្មោះអ្នកមានបំផុតនៅអាម៉េរិកទាំង៤០០នាក់
05, Oct 2023 , 8:59 pm        
រូបភាព
អតីត​ប្រធានាធិបតី​ ត្រាំ នៅ​ក្នុង​សវនាការ​នៅ​ Manhattan ​ថ្ងៃ​ទី 2 ខែ​តុលា ។ រូបភាព ៖  Reuters ។
អតីត​ប្រធានាធិបតី​ ត្រាំ នៅ​ក្នុង​សវនាការ​នៅ​ Manhattan ​ថ្ងៃ​ទី 2 ខែ​តុលា ។ រូបភាព ៖ Reuters ។
ទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅឆ្នាំនេះបានធ្លាក់ចុះជិត ២០ភាគរយមកនៅត្រឹម ២,៦ពាន់លានដុល្លារ ដែលធ្វើឱ្យលោកបាត់ឈ្មោះពីបញ្ជីអ្នកមានបំផុតទាំង៤០០នាក់នៅអាម៉េរិក។

 
បញ្ជីឈ្មោះអ្នកមានបំផុតចំនួន៤០០ នាក់នៅអាម៉េរិកដែលចេញផ្សាយដោយទស្សនាវដ្តី Forbes នៅដើមសប្តាហ៍នេះ (Forbes 400) ពុំមានរាប់បញ្ចូលឈ្មោះលោក ដូណាល់ ត្រាំ នោះទេ។ ទ្រព្យសម្បត្តិរបស់លោកបានថយចុះ១៩ភាគរយមកនៅត្រឹម ២,៦ពាន់លានដុល្លារដោយបាត់បង់ ៣០០លានដុល្លារ។
 
នេះជាលើកទី៣ ហើយដែលលោក ត្រាំ គ្មានវត្តមានក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំ។ លោក​ ត្រាំ ចាប់អារម្មណ៍ខ្លាំងចំពោះការបោះពុម្ពផ្សាយរបស់ Forbes ហើយលោកថែមទាំងត្រូវបានចោទប្រកាន់ពីបទបំផ្លើសទ្រព្យសម្បត្តិដើម្បីចូលក្នុងបញ្ជីទស្សនាវដ្តីនេះ។
 
ការចាកចេញពីបញ្ជីអ្នកមានទាំង ៤០០នាក់បានកើតឡើងក្នុងបរិបទដែលអតីតប្រធានាធិបតីអាម៉េរិករូបនេះប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាបន្តបន្ទាប់។ នៅសប្តាហ៍នេះ ត្រាំ បានបង្ហាញខ្លួននៅក្នុងតុលាការរដ្ឋញូវយ៉ក ដើម្បីចូលរួមក្នុងការកាត់ក្តីពីបទចោទការប្រកាសទ្រព្យសម្បត្តិ និងប្រាក់ចំណេញខុសច្បាប់។ 
 
ហេតុផលសំខាន់ពីរដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក ត្រាំ ធ្លាក់ចុះនោះគឺវេទិកាបណ្តាញសង្គម និងអគារដែលលោកកាន់កាប់បានបាត់បង់តម្លៃ។
 
លោក ត្រាំ បានបើកដំណើរការបណ្តាញសង្គម Truth Social នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយការផ្សាយពាណិជ្ជកម្មនេះជាការគំរាមកំហែងដល់ Facebook និង Twitter ។ យ៉ាងណាមិញ Truth Social មិនបានអភិវឌ្ឍខ្លាំងដូចការរំពឹងទុកនោះទេ។ នៅអាម៉េរិក បណ្តាញសង្គមនេះមានអ្នកប្រើប្រាស់សកម្ម ៧៣៨ពាន់នាក់ក្នុងមួយខែនៅលើកម្មវិធី iOS និង Android កាលពីខែសីហា ដែលចំនួននេះគឺធ្លាក់ចុះពី ១,៣លាននាក់កាលពីខែធ្នូ។ នេះបើយោងតាមក្រុមហ៊ុនវិភាគទិន្នន័យ Similarweb ។
 
នោះហើយជាមូលហេតុដែល Forbes កាត់បន្ថយការវាយតម្លៃភាគហ៊ុន ៩០ភាគរយរបស់ ត្រាំ នៅក្នុង Truth Social ពី ៧៣០លានដុល្លារកាលពីឆ្នាំមុនមកតិចជាង ១០០លានដុល្លារនៅឆ្នាំនេះ។
 
អាណាចក្រ​អចលនទ្រព្យ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ក៏​កំពុង​រង​ឥទ្ធិពល​ខ្លាំង​ដែរ។ ក្រុមហ៊ុនស្រាវជ្រាវ McKinsey Global ប៉ាន់ប្រមាណថា គោលនយោបាយការងារពីចម្ងាយអាចបំផ្លាញទឹកប្រាក់តម្លៃ ៨០០ពាន់លានដុល្លារពីអគារការិយាល័យទូទាំងពិភពលោក។
 
សាន់ហ្វ្រាន់ស៊ីស្កូ គឺជាកន្លែងដែលអាណាចក្រអចលនទ្រព្យរបស់លោក ត្រាំ ស្ថិតនៅធំជាងគេត្រូវបានរងផលប៉ះពាល់ខ្លាំង។ អាជីវកម្មជាច្រើនបានចាកចេញពីទីក្រុងដូចជា Whole Foods, Target, Nordstrom និង Starbucks និងថ្មីៗជាច្រើនទៀត។
 
ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា តម្លៃភាគហ៊ុនរបស់ ត្រាំ នៅអគារ 555 California Street បានធ្លាក់ចុះ ៣០ភាគរយ។ ភាគហ៊ុនរបស់លោកនៅ 1290 Avenue of the Americas ក៏ធ្លាក់ចុះជិត ៦០លានដុល្លារ។
 
ទន្ទឹមនេះ ទីលានវាយកូនហ្គោលរបស់លោក ត្រាំ មិនដំណើរការល្អដូចពីមុននោះទេ។ សាច់ប្រាក់របស់អតីតប្រធានាធិបតីអាម៉េរិកដែលរកបានពីការលក់សៀវភៅ សុន្ទរកថា និងអាជីវកម្ម ក៏នៅតែមិនផ្លាស់ប្តូរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ចំនួននេះសរុបបញ្ចូលគ្នាមានប្រមាណ ៤២៦លានដុល្លារ។
 
លោក​ ត្រាំ បានចាកចេញពីបញ្ជី Forbes 400 ក្នុងឆ្នាំ ១៩៩០ និង ២០២១ នៅពេលដែលលោកបានជួបប្រទះបញ្ហាហិរញ្ញវត្ថុជាច្រើន។ សណ្ឋាគារ និងកាស៊ីណូ Trump Taj Mahal បានដាក់ពាក្យក្ស័យធនក្នុងឆ្នាំ ១៩៩១។​ ក្រោយមក Trump Castle Associates ក៏បានក្ស័យធននៅឆ្នាំបន្ទាប់៕ 
 

Tag:
 ដូណាល់ ត្រាំ
 ​ អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com