កីឡាអន្តរជាតិ
អន្តរជាតិ
World Cup 2030 នឹងធ្វើនៅប្រទេស៦ មកពី៣ទ្វីបផ្សេងគ្នា ឯឆ្នាំ២០៣៤ អាចនៅអាស៊ី ឬអូសេអានី
06, Oct 2023 , 8:39 am        
រូបភាព
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកបុរស FIFA World Cup 2030 នឹងធ្វើឡើងនៅប្រទេសចំនួន ៦ ដែលមកពីទ្វីបចំនួន ៣ ផ្សេងគ្នាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយក៏ជាព្រឹត្តិការណ៍គម្រប់ខួប ១០០ឆ្នាំ។ ប្រទេស អេស្ប៉ាញ, ព័រទុយហ្កាល់ នៃទ្វីបអឺរ៉ុប និង ម៉ារ៉ុក នៃទ្វីបអាហ្រ្វិក ធ្វើជាសហម្ចាស់ផ្ទះ ចំណែកប្រទេសអ៊ុយរូហ្កាយ​, អាហ្សង់ទីន និងប៉ារ៉ាហ្កាយ រៀបចំការប្រកួតបើកឆាកចំនួន ៣ប្រកួតដំបូង។ ទាំង៦ក្រុម ទទួលបានកៅអីដោយស្វ័យប្រវត្តិតែម្តង ក្នុងការប្រកួតដែលមាន៤៨ក្រុមលើកដំបូង។

 
ការបើកឆាកការប្រកួតនៅក្នុងទឹកដីទ្វីបអាម៉េរិកខាងត្បូងសម្រាប់ World Cup 2030 នឹងក្លាយជាការប្រារព្ធខួប ១០០ឆ្នាំ នៃព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក ដោយការប្រកួត World Cup លើកដំបូងបានធ្វើឡើងនៅក្នុងទីក្រុង​ Monte Video ក្នុងប្រទេសអ៊ុយរូហ្កាយកាលពីឆ្នាំ ១៩៣០។ 
 
ការសម្រេចចិត្តផ្តល់សិទ្ធិដល់ប្រទេសទាំង ៦ ដើម្បីរៀបចំការប្រកួត សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នឹងផ្តល់សច្ចាប័នដល់ប្រទេសទាំងនេះនៅក្នុងសមាជរបស់ FIFA នៅឆ្នាំ ២០២៤។ 
  


បើតាមការអះអាងរបស់ FIFA ប្រទេសដែលមកពីទ្វីអាស៊ី និងទ្វីបអូសេអានី ត្រូវបានស្ថាប័នបាល់ទាត់ពិភពលោកពិចារណាផ្តល់សិទ្ធិក្នុងការរៀបចំការប្រកួតសម្រាប់ ​​​​​World Cup 2034។

ក្រៅពីប្រទេសមកពីទ្វីបអាស៊ី និងទ្វីបអូសេអានី ដែលដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ប្រទេសអារ៉ាប៊ីសាអូឌីត ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ខ្លួនក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះឆ្នាំ ២០៣៤ លើកដំបូងផងដែរ។
ដោយឡែកក្រៅពីការប្រកួតបើកឆាកចំនួន ៣ ដំបូងដែលធ្វើឡើងនៅក្នុងប្រទេស អ៊ុយរូហ្កាយ, អាហ្សង់ទីន និងប៉ារ៉ាហ្កាយ ការប្រកួតដទៃផ្សេងទៀតនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសម៉ារ៉ុកស្ថិតនៅក្នុងទ្វីបអាហ្រ្វិកភាគខាងជើង និងតំបន់អឺរ៉ុប ដែលមានប្រទេសអេស្ប៉ញ និងព័រទុយហ្កាល់ជាសហម្ចាស់ផ្ទះ។
 
ប្រទេសម៉ារ៉ុក នឹងក្លាយជាប្រទេសក្នុងទ្វីបអាហ្រ្វិកទីពីរដែលរៀបចំការប្រកួត World Cup បន្ទាប់ពីប្រទេសអាហ្រ្វិកខាងត្បូងកាលពីឆ្នាំ ២០១០។ 
 
ដូចទៅនឹងការប្រកួតព្រឹត្តិការណ៍ World Cup ដទៃទៀតអ៊ីចឹងដែរ ប្រទេសអ៊ុយរូហ្កាយ, អាហ្សង់ទីន, ប៉ារ៉ាហ្កាយ, អេស្ប៉ាញ, ព័រទុយហ្កាល់ និងម៉ារ៉ុក នឹងត្រូវក្លាយជាក្រុមដែលទទួលបានកៅអីការប្រកួតជុំផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ក្នុងនាមជាសហម្ចាស់ផ្ទះ។
 
គួររំលឹកថាមុនការប្រកួតព្រឹត្តិការណ៍នៅក្នុងឆ្នាំ ២០៣០ មកដល់ ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ នឹងធ្វើឡើងនៅក្នុងប្រទេសចំនួន ៣ ដែលរួមមាន អាម៉េរិក, កាណាដា និងម៉ិកស៊ិក ក្នុងកំណែរទម្រង់ការប្រកួតថ្មី ដែលបន្ថែមក្រុមពី៣២ ទៅ ៤៨ក្រុមចូលរួមលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕
 

Tag:
 World Cup
  World Cup 2030
© រក្សាសិទ្ធិដោយ thmeythmey.com