អន្តរជាតិ
ប្រមុខការទូតចិន អំពាវនាវ​ឱ្យមានការគោរពបូរណភាព​ទឹកដីទៅវិញទៅមក
06, Oct 2023 , 9:56 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី​ នាថ្ងៃទី៥ ខែកញ្ញាបានថ្លែងនៅក្នុងវេទិកានៅទីបេថា ប្រជាជាតិ​ក្នុង​តំបន់​ត្រូវតែគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក។ លោក វ៉ាង ថ្លែងបែបនេះស្របពេលភាព​តានតឹងជាមួយឥណ្ឌាជុំវិញជម្លោះនៅព្រំដែនភាគខាងកើតភ្នំហិមាល័យដែលនៅមិនឆ្ងាយពីទីបេ។

 
«យើងត្រូវប្រកាន់ខ្ជាប់នូវការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមគ្នារក្សាឯកភាពក្នុងតំបន់ និងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក»។ លោក វ៉ាង យី និយាយបែបនេះនៅក្នុងវេទិកាក្នុងទីក្រុង Nyingchi ចម្ងាយ១៦០គីឡូម៉ែត្រពីរដ្ឋ Arunachal Pradesh របស់ឥណ្ឌា ដែលចិនទាមទារជាផ្នែកមួយនៃតំបន់ស្វ័យតទីបេ។
 
លោក វ៉ាង សង្កត់ធ្ងន់ថា ការកុហកដែលប្រឌិតដោយកងកម្លាំងលោកខាងលិចមួយចំនួនអំពីទីបេ ជារឿងមិនអាចប្រកែកបាន ហើយរឿងនេះត្រូវបានដោះស្រាយដោយការប្រឈមមុខនឹងការពិត។
 
មន្ត្រីមកពីប្រទេសជាច្រើនរួមមាន នេប៉ាល់ ប៉ាគីស្ថាន អាហ្វហ្កានីស្ថាន និងម៉ុងហ្គោលី ចូលរួមក្នុងសន្និសីទនេះ។ អ្នកតំណាងមកពីឥណ្ឌាមិនបានចូលរួមឡើយនៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដោយសារភាពតានតឹងជាមួយចិន។
 
ទំនាក់ទំនងរវាងចិន និងឥណ្ឌាបានឈានដល់ដំណាក់កាលតានតឹងឡើងក្នុងឆ្នាំ២០២០ បន្ទាប់ពី​ការ​ប៉ះទង្គិចគ្នានៅតាមព្រំដែនដែលទាហានឥណ្ឌា២០នាក់ និងទាហានចិន៤នាក់ត្រូវរាយការណ៍ថាបាន​ស្លាប់។ នៅឆ្នាំនេះ ចិនធ្វើឱ្យឥណ្ឌាក្ដៅស្លឹកត្រចៀកនៅពេលចេញផ្សាយ​ផែនទីដែលបង្ហាញពីរដ្ឋ Arunachal Pradesh របស់ឥណ្ឌាដែលនៅភាគខាងកើតជួរភ្នំ ហិមាល័យជាផ្នែកមួយដែលចិនហៅថាទីបេខាងត្បូង។
 
ទីបេ ដែលជាទឹកដីដ៏ធំ ជាបណ្ដុំក្ដីកង្វល់មួយរបស់អន្តរជាតិ ទោះចិនច្រានចោលក្ដី។ អ្នកជំនាញ UN នៅឆ្នាំនេះ បានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតអំពីស្ថានភាពសិទ្ធិមនុស្សនៅទីបេ។ កាល​ពី​ខែ​សីហា អាម៉េរិបានដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីចិនជុំវិគការបង្ខំនៃកុមារទីបេនៅតាម​សាលា​គ្រប់​គ្រង​ដោយរដ្ឋដែលស្វែងរកការលុបបំបាត់ទំនៀមទម្លាប់របស់ទីបេ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com