អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ីលាលែងតំណែង ស្របពេល​មាន​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ
06, Oct 2023 , 2:39 pm        
រូបភាព
លោក Syahrul Yasin Limpo រដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី ។ រូបភាព ៖ the jakarta post ។
លោក Syahrul Yasin Limpo រដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី ។ រូបភាព ៖ the jakarta post ។
រដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី លោក Syahrul Yasin Limpo បានដាក់លិខិតលាលែងពីតំណែងទៅកាន់ប្រធានាធិបតី ចូកូ វីដូដូ ខណៈដែលគណៈកម្មការលុបបំបាត់អំពើពុករលួយឥណ្ឌូណេស៊ី (KPK) បង្កើនការស៊ើបអង្កេតនៅក្នុងក្រសួងមួយនេះ។

 
យោងតាម ​​KPK គណៈកម្មាធិការរកឃើញពីការទទួលសំណូកសម្រាប់ការផ្សព្វផ្សាយនៅក្រសួងកសិកម្ម ក៏ដូចជាគម្រោងក្លែងបន្លំពាក់ព័ន្ធនឹងអ្នកផ្គត់ផ្គង់ឯកជន។
 
នៅថ្ងៃទី៥ ខែតុលា លោក Syahrul Yasin Limpo ដែលជារដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី ទោះបីជាមិនមានឈ្មោះជាផ្លូវការជាជនសង្ស័យក៏ដោយបានលាលែងពីតំណែង ដើម្បីឲ្យភ្នាក់ងារពាក់ព័ន្ធងាយស្រួលដោះស្រាយសំណុំរឿងប្រឆាំងនឹងរូបលោក។  
 
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សាការតាលោក Syahrul Yasin Limpo បានសង្កត់ធ្ងន់ថា ៖ « សូមឱ្យដំណើរការផ្លូវច្បាប់ចាប់ផ្តើម ហើយខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងវា»។
 
កាលពីសប្តាហ៍មុន KPK បានត្រួតពិនិត្យលំនៅដ្ឋានផ្លូវការរបស់លោក Syahrul Yasin Limpo នៅទីក្រុងហ្សាការតា ខណៈពេលលោកកំពុងបំពេញទស្សនកិច្ចការងារនៅអ៊ីតាលី និងអេស្ប៉ាញ។
 
អ្នកនាំពាក្យរបស់ KPK លោក Ali Fikri បាននិយាយថា អ្នកត្រួតពិនិត្យបានរកឃើញកាំភ្លើង​ ១០ដើម និងក្រដាសប្រាក់ជាច្រើនមានតម្លៃប្រហែល ៣០ពាន់លានរូពី (១,៩លានដុល្លារ) ព្រមទាំងដកហូតបានឯកសារមួយចំនួននៅផ្ទះរបស់ Syahrul Yasin Limpo ។ KPK មិនអាច​បង្ហាញ​ឈ្មោះ​ជនសង្ស័យ​បានទេ ដោយសារ​សំណុំរឿង​កំពុង​បន្ត។
 
លោក Syahrul Yasin Limpo គឺជាអ្នកនយោបាយទី២របស់គណបក្ស Nasdem ដែលអាចត្រូវប្រឈមមុខនឹងការកាត់ទោសនាពេលថ្មីៗនេះ។ បច្ចុប្បន្ន តុលាការ​កំពុង​កាត់ទោស​លោក Johnny G. Plate អតីតរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រោមបទចោទទទួលសំណូកក្នុងអំឡុងពេលទិញឧបករណ៍សម្រាប់គម្រោងទំនាក់ទំនង 4G ៕
 

Tag:
 ឥណ្ឌូណេស៊ី
  លាលែងដំណែង
© រក្សាសិទ្ធិដោយ thmeythmey.com