អន្តរជាតិ
អាមេរិក​បង្ក្រាប​«ឧក្រិដ្ឋកម្ម​ក្រុមហ៊ុន​សាជីវកម្ម​ដែល​ទាក់ទិន​នឹង​សន្តិសុខ​ជាតិ»
06, Oct 2023 , 7:39 pm        
រូបភាព
ដោយ: VOA
អនុ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក​ស្រី Lisa Monaco​ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​យុត្តិធម៌​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៣។

 
ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​កំពុង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ក្រុមហ៊ុន​សាជីវកម្ម​ដែល​ធ្វើការ​គំរាម​កំហែង​សន្តិសុខ​ជាតិ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ម្នាក់​ដែល​មាន​តួនាទី​ទី​២​នៅ​ក្នុង​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក។
 
អនុ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក​ស្រី Lisa Monaco​ បាន​ប្រាប់​ប្រធាន​ប្រតិបត្តិ​មួយ​ក្រុម​ថា​ក្រសួង​យុត្តិធម៌​បាន​ចាត់វិធានការ​មួយ​ចំនួន​ប្រឆាំង​នឹង«ឧក្រិដ្ឋ​កម្ម​ក្រុមហ៊ុន​សាជីវកម្ម​ដែល​ទាក់ទិន​នឹង​សន្តិសុខ​ជាតិ»ក្នុង​រយៈពេល​២ឆ្នាំ​កន្លង​មក​នេះ។
 
លោក​ស្រី Monaco បាន​និយាយ​ថា​ឧក្រិដ្ឋកម្ម​ទាំង​នេះ​ដែល​រួម​មាន​ការរំលោភ​ការ​ដាក់​ទណ្ឌកម្ម ​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ភេរវកម្ម​និង​សកម្មភាព​ខុស​ច្បាប់​ផ្សេងៗ​ទៀត​ បាន​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ហើយ​បាន​«គំរាម​កំហែង​សន្តិសុខ​រួម​របស់​យើង»។ លោកស្រី Monaco​បាន​កាន់​តំណែង​សន្តិសុខ​ជាតិ​ជាន់​ខ្ពស់​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ។
 
ក្រសួង​យុត្តិធម៌​បាន​ប្រកាស​ពី​ករណី​ធំៗ​ជា​ច្រើន​ក្នុង​រយៈពេល​១ឆ្នាំ​កន្លង​មក​នេះ។
 
ក្នុង​កិច្ចព្រមព្រៀង​ទទួល​សារភាព​ជា​ប្រវត្តិសាស្ត្រ​មួយ​កាលពី​ខែ​តុលា ​ឆ្នាំ​មុន មហា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​បារាំង​មួយ​ដែល​មាន​ឈ្មោះ​ថា ​Lafarge ​បាន​សារភាព​ចំពោះ​ការផ្តល់​ប្រាក់​ដល់​ក្រុម​រដ្ឋ​ឥស្លាម​និង​សាខា​ក្រុម al-Qaida នៅ​ក្នុង​ប្រទេស​ស៊ីរី។ ក្រុមហ៊ុន​នោះ​បាន​បង់​ប្រាក់​ដើម្បី​ការពារ​ផល​ចំណេញ​របស់​ខ្លួននិង​ទទួល​បាន​ចំណែក​នៃ​ទីផ្សារ​ក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ។ វា​ជា​លើក​ទី១​ដែល​ក្រុមហ៊ុន​មួយ​នេះ​បាន​សារភាព​ទទួល​កំហុស​ដើម្បី​ផ្តល់​ការគាំទ្រ​ផ្នែក​សម្ភារៈ​ដល់​អំពើ​ភេរវកម្ម​នោះ។
 
កាលពី​ខែ​មេសា ក្រុមហ៊ុន​ថ្នាំ​ជក់​អង់គ្លេស​ អាមេរិកាំង British American Tobacco​ ឬ BAT​ក៏​សម្រេចកិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រសួង​យុត្តិធម៌​ដែល​បាន​សារភាព​ពី​ការលក់​ថ្នាំ​ជក់​ទៅ​ឱ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​ដែរ។
 
កាលពី​ចុង​ខែ​មុន​ ក្រសួង​យុត្តិធម៌​បាន​ប្រកាស​ពី​រឿងក្តី​ដែល​មិន​ធ្លាប់​មាន​កាលពី​ពេល​មុន​នៃ​ការរំលោភ​ការដាក់​ទណ្ឌកម្ម​ដែល​ទាក់ទិន​នឹង​ប្រេង​របស់​អ៊ីរ៉ង់។
 
ក្រុមហ៊ុន ​Suez Rajan Ltd.ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​បាន​សារភាព​ទទួល​ទោស​ហើយ​បាន​ប្រគល់​ប្រេង​អ៊ីរ៉ង់​ដែល​រត់ពន្ធ​ជិត១លាន​ធុង​ដល់​សហរដ្ឋ​អាមេរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com