អន្តរជាតិ
កាសែតអាម៉េរិក៖ លោក បៃឌិន គ្រោងជួបលោក ស៊ីនៅខែវិច្ឆិកា
06, Oct 2023 , 8:59 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
សេតវិមានអាម៉េរិកកំពុងរៀបចំផែនការសម្រាប់ជំនួបទល់មុខគ្នារវាងប្រធានាធិបតីអាម៉េរិក ចូ បៃឌិនជាមួយសមភាគីចិន ស៊ី ជិនភីង នៅទីក្រុង San Francisco នាខែក្រោយ ស្របពេលដែលប្រទេសទាំងពីរកំពុងតែពព្យាយាមស្វែងរកស្ថិរភាពទំនាក់ទំនងដែលមានបញ្ហារាប់សិបជំពូក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Washington Post នៅថ្ងៃទី៥ ខែតុលា។ 
 
មួយរយៈចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរមានភាពតានតឹងដែលបណ្ដាលមកពីបញ្ហាជាច្រើន ទាំងចាស់ ទាំងថ្មី បញ្ហាតៃវ៉ាន់ ជំងឺកូវីដ-១៩ ការចោទប្រកាន់ពីចារកម្ម បញ្ហាសិទ្ធិមនុស្ស និងការដាក់ពន្ធពាណិជ្ជកម្ម។ ប៉ុន្ដែយ៉ាងណាក្ដី ប្រទេសទាំងពីរនៅតែព្យាយាមរក្សាទំនាក់ទំនងរបស់ខ្លួន។ 
 
មន្រ្តីអាម៉េរិក ក៏ធ្វើដំណើរទៅកាន់ចិនជាច្រើនលើក សំដៅធានាបណ្ដាញទំនាក់ទំនង។ ប៉ុន្តែជំនួបមេដឹកនាំកំពូល នឹងធ្វើឱ្យទំនាក់ទំនងកាន់តែល្អប្រសើរវិញ។ 
 
បើតាមកាសែត Washington Post មន្ត្រី​ជាន់​ខ្ពស់​អាម៉េរិកមួយរូបបាននិយាយថា ការប្រព្រឹត្តទៅនៃជំនួបរវាងលោក ចូ បៃឌិន និងលោក ស៊ី ជិនភីង អាចធានាបាន ហើយគម្រោងនៃការរៀបចំក៏បានចាប់ផ្ដើមដូចគ្នា។ ឯអ្នកនាំពាក្យរបស់ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ប្រទេសទាំងពីរនៅតែស្ថិតក្នុងការទំនាក់ទំនង ហើយត្រូវតែការពង្រីកកិច្ចសហប្រតិបត្តិការដែលមានជំនឿទុកចិត្តដ៏ល្អមួយ។ 
 
ប្រមុខដឹកនាំចិន ត្រូវចូលរួមកិច្ចប្រជុំសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC ដែលអាម៉េរិកជាម្ចាស់ផ្ទះ។ ប៉ុន្តែលោក ស៊ី មិនទាន់បញ្ជាក់ការចូលរួមនៅឡើយ។
 
ជំនួបចុងក្រោយរបស់លោក បៃឌិន និងលោក ស៊ីបានកើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២២នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៊ី ដែលក៏ជាជំនួបផ្ទាល់លើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីពេលដែលលោក បៃឌិនក្លាយជាប្រធានាធិបតីមក៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com