កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីនកោះហៅ Messi សម្រាប់ការប្រកួតជម្រុះ ​World Cup ទោះរបួស
07, Oct 2023 , 8:39 am        
រូបភាព
ក្រុមជម្រើសជាតិអាហ្សង់ទីនបានកោះហៅប្រធានក្រុម Lionel Messi សម្រាប់ការប្រកួតជម្រុះពានរង្វាន់ World Cup 2026 តំបន់អាម៉េរិកខាងត្បូង បើទោះបីជាខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ កំពុងតែស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាកររបួសក៏ដោយ។



Messi បានខនខានការប្រកួតសម្រាប់ក្រុម Inter Miami ដែលប្រកួតចាញ់ក្រុម Atlanta United ៥-២ ក៏ដូចជាការប្រកួត US Open Cup វគ្គផ្តាច់ព្រ័ត្រចាញ់ក្រុម Houston Dynamo ដោយលទ្ធផល ២-១ របូតពានរង្វាន់ដែលពួកគេត្រូវដណ្តើមទីពីរ។​ 
 
ការប្រកួតកាលពីដើមសប្តាហ៍ ដែល Miami ប្រកួតចាញ់ក្រុម Chicago Fire លទ្ធផល ៤-១ ថែមទៀតដែលធ្វើឱ្យក្រុមកាន់តែខើចឱកាសដើម្បីអាចឈានជើងឡើងទៅលេងវគ្គ Playoffs។
  


អាហ្សង់ទីននឹងស្វាគមន៍ក្រុមប៉ារ៉ាហ្កាយ នៅថ្ងៃទី១២ ខែតុលា ហើយត្រូវធ្វើដំណើរទៅប្រកួតជាមួយនឹងក្រុមប៉េរូនៅ ៥ថ្ងៃបន្ទាប់នៃការប្រកួតជម្រុះតំបន់ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) សម្រាប់ព្រឹត្តិការណ៍ World Cup 2026។
 
សម្រាប់អវត្តមានរបស់ Messi ដោយសារតែបញ្ហារបួស គ្រូបង្វឹកក្រុម Miami លោក Gerardo Martino បាននិយាយថាខ្សែប្រយុទ្ធប្រធានក្រុមរងរបួសត្រង់សាច់ដុំ ដែលជារបួសចាស់របស់គេដែលធ្លាប់បានកើតមានកាលពីមុនមក។
 
គ្មានវត្តមានប្រធានក្រុមក្លិប Miami ដែលមានលោក David Beckham រងបរាជ័យជាបន្តបន្ទាប់រហូតរបូតពានរង្វាន់នានាថែមទៀត ខណៈដែលរឿងរ៉ាវបានធ្វើឱ្យអ្នកគាំទ្រជាច្រើនដែលទន្ទឹងរង់ចាំចង់ឃើញ Messi មានភាពក្តៅក្រហាយ ដោយពួកគេបានចំណាយលុយយ៉ាងច្រើនទិញសំបុត្រ តែមិនបានឃើញអ្វីដែលពួកគេចង់ឃើញក្នុងការប្រកួត។
 
កាលពីប្រកួតទល់នឹងក្រុម Chicago Fire នៅក្នុងកីឡដ្ឋាន Soldier Field អ្នកគាំទ្រប្រមាណ ៦២,១២៤នាក់ បានទិញសំបុត្រដែលមានតម្លៃថ្លៃជាង ២០០ដុល្លារ សម្រាប់ទស្សនាការប្រកួត និងដើម្បីឃើញម្ចាស់ពានរង្វាន Ballon d’Or ៧សម័យ។ តែជារឿងដែលគួរឱ្យខកចិត្ត Messi មិនបង្ហាញខ្លួន។
 
សម្រាប់ជម្រើសជាតិមិត្តរួមក្រុមនៅ Miami កីឡាករ Facundo Farias ដែលមានវ័យ ២១ឆ្នាំ ត្រូវបានកោះហៅចូលជម្រើសជាតិអាហ្សង់ទីនលើកដំបូង ខណៈដែលកីឡាករក្រុម Manchester United កីឡាករខ្សែប្រយុទ្ធវ័យក្មេង Alejandro Garnacho ក៏ត្រូវបានក្រុមលោក ​Lionel Scaloni កោះហៅ៕
 

Tag:
 World Cup 2026
  World Cup
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com