សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វិនិយោគិនបរទេសសម្រុកទិញអចលនទ្រព្យនៅជប៉ុន ស្របពេលប្រាក់យ៉េនចុះថោក
07, Oct 2023 , 12:39 pm        
រូបភាព
ទិដ្ឋភាពអគារនៅទីក្រុងតូក្យូ ។ រូបភាព ៖​ AFP ។
ទិដ្ឋភាពអគារនៅទីក្រុងតូក្យូ ។ រូបភាព ៖​ AFP ។
ទីផ្សារអចលនទ្រព្យជប៉ុនកំពុងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយរូបិយវត្ថុដែលធូររលុងខ្លាំង ខណៈប្រទេសផ្សេងទៀតកំពុងតែរឹតបន្តឹងនៅឡើយ។ អត្រាការប្រាក់ទាបបានជំរុញឲ្យអ្នកវិយោគបរទេសជាពិសេសសិង្ហបុរី អាម៉េរិក កាណាដាបង្កើនការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅជប៉ុន។

 
ដើមទុនវិនិយោគបរទេសនៅក្នុងទីផ្សារអចលនទ្រព្យជប៉ុនបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយសារអ្នកវិនិយោគបានទាញយកអត្ថប្រយោជន៍ពីនិន្នាការទម្លាក់តម្លៃនៃប្រាក់យ៉េនជប៉ុនក្នុងបរិបទរបស់ធនាគារកណ្តាលជប៉ុន (BOJ) នៅតែបន្តរក្សានូវគោលនយោបាយរូបិយវត្ថុដែលធូររលុងខ្លាំង។
 
លោក Henry Chin ប្រធានផ្នែកស្រាវជ្រាវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនស្រាវជ្រាវនិងប្រឹក្សាអចលនទ្រព្យ CBRE បានប្រាប់ទូរទស្សន៍ CNBC ថា នេះជាយុគមាសសម្រាប់អចលនទ្រព្យជប៉ុន ។ ទីផ្សារអចលនទ្រព្យរបស់ជប៉ុនកំពុងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយរូបិយវត្ថុដែលធូររលុងខ្លាំង ខណៈប្រទេសផ្សេងទៀតបន្តការរឹតបន្តឹង។
 
អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា តម្រូវការទិញអចលនទ្រព្យនៅជប៉ុនកំពុងត្រូវបានជំរុញលក្ខខណ្ឌផ្តល់ប្រាក់កម្ចីអំណោយផល ដោយតម្លៃប្រាក់កម្ចីមានរហូតដល់ ៧០ភាគរយនៃតម្លៃផ្ទះជាមួយនឹងអត្រាការប្រាក់ត្រឹមតែ ១ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ។ ជាការពិតណាស់ ប្រាក់យ៉េនរបស់ជប៉ុនចុះថោក គឺជាកត្តាមួយដែលមិនអាចមើលរំលងបាន។
 
កត្តាទាំងអស់នេះបានមកពីគោលនយោបាយរូបិយវត្ថុដើរបញ្ច្រាសរបស់ជប៉ុន បើធៀបទៅនឹងប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត។ ធនាគារកណ្តាលអាម៉េរិក (Fed) ធនាគារកណ្តាលអឺរ៉ុប (ECB) និងធនាគារអង់គ្លេស (BOE) បានបន្តដំឡើងអត្រាការប្រាក់អស់រយៈពេលជិត២ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា ខណៈ BOJ បានរក្សាអត្រាការប្រាក់រយៈពេលខ្លីនៅ -០,១ភាគរយដែលបានធ្វើឱ្យប្រាក់យ៉េនរបស់ជប៉ុនបាត់បង់តម្លៃជាង ១១ភាគរយបើធៀបនឹងប្រាក់ដុល្លារចាប់តាំងពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន។
 
លោក Koji Nato នាយកស្រាវជ្រាវនៃក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាអចលនទ្រព្យ Jones Lang LaSalle បាននិយាយថា តម្លៃនៃការទិញអចលនទ្រព្យនៅជប៉ុនដោយអ្នកវិនិយោគបរទេសនៅត្រីមាសទី១ឆ្នាំនេះ បានកើនឡើង ១០០ភាគរយធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ 
 
យោងតាមរបាយការណ៍ថ្មីៗរបស់ Jones Lang LaSalle ជប៉ុនគឺជាទីផ្សារអចលនទ្រព្យមួយក្នុងចំណោមទីផ្សារអចលនទ្រព្យដែលមានប្រតិបត្តិការច្រើនជាងគេនៅលើពិភពលោកក្នុងឆ្នាំនេះ។ Jones Lang LaSalle ជឿជាក់ថា អត្រាការប្រាក់ទាបបំផុតរបស់ជប៉ុនគឺជាកម្លាំងចលករដ៏សំខាន់នៅពីក្រោយភាពរីកចម្រើននៃទីផ្សារអចលនទ្រព្យ។
 
យោងតាមទិន្នន័យរបស់ Jones Lang LaSalle  គិតត្រឹមត្រីមាសទី១ ចំនួនដើមទុនដែលវិនិយោគិនបរទេសបានចាក់ចូលទៅក្នុងវិស័យអចលនទ្រព្យជប៉ុនបានកើនឡើងទ្វេដងដល់  ២ពាន់លានដុល្លារ។ 
 
ចំណែកទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុនប្រឹក្សា CBRE ការវិនិយោគបរទេសសរុបនៅក្នុងអចលនទ្រព្យជប៉ុនបានកើនឡើង ៤៥ភាគរយនៅឆមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 
ការងើបឡើងវិញយ៉ាងខ្លាំងនៃវិស័យទេសចរណ៍ជប៉ុន ក្រោយការរាលដាលជំងឺកូវីដ-១៩បានធ្វើឱ្យសន្ទុះនៃការជួលបន្ទប់សណ្ឋាគារក្នុងប្រទេសកើនឡើងយ៉ាងខ្លាំង ហើយនាំឱ្យការវិនិយោគអចលនទ្រព្យសណ្ឋាគារកាន់តែរស់រវើកនៅខែកក្កដាឆ្នាំនេះ។ 
 
លើសពីនេះ ការវិនិយោគលើសណ្ឋាគារនៅជប៉ុនក៏ទទួលបានការជំរុញ បន្ទាប់ពីអាជ្ញាធរបានផ្តល់ភ្លើងខៀវសម្រាប់ការសាងសង់រមណីយដ្ឋាននៅអូសាការាប់បញ្ចូលទាំងកាស៊ីណូដំបូងរបស់ប្រទេសនេះ។ គម្រោងនេះមានគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់ការប្រើប្រាស់ក្នុងស្រុក។
 
ក្នុងចំណោមអ្នកវិនិយោគអចលនទ្រព្យពាណិជ្ជកម្មពីបរទេសដែលហូរចូលមកជប៉ុននាពេលបច្ចុប្បន្ននេះ វិនិយោគិនសិង្ហបុរីគឺជាកម្លាំងដ៏ធំបំផុតដែលមានតម្លៃប្រតិបត្តិការឈានដល់ ៣ពាន់លានដុល្លារចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន ។ យោងទៅតាមលោកស្រី Christine Li ប្រធានផ្នែកស្រាវជ្រាវអាស៊ីប៉ាស៊ីហ្វិកនៅ Knight Frank។ អាម៉េរិកគឺជាក្រុមធំទីពីរដែលមានតម្លៃប្រតិបត្តិការ ២,៥៨ពាន់លានដុល្លារតាមពីក្រោយដោយវិនិយោគិនកាណាដាដែលមានទឹកប្រាក់ ១ពាន់លានដុល្លារ៕ 
 

Tag:
 ជប៉ុន
  អចលនទ្រព្យ
  ប្រាក់យ៉េន
© រក្សាសិទ្ធិដោយ thmeythmey.com