អន្តរជាតិ
យូនីសេហ្វ៖ គ្រោះមហន្តរាយទាក់ទងអាកាសធាតុ បានធ្វើឱ្យកុមាររាប់លាននាក់ផ្លាស់ទីលំនៅ
07, Oct 2023 , 2:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
អង្គការយូនីសេហ្វ (UNICEF) នៅថ្ងៃទី៦ ខែតុលា បានប្រកាសថា ទឹកជំនន់ ព្យុះ និងគ្រោះមហន្តរាយ ដែលទាក់ទងនឹងអាកាសធាតុ បានជំរុញកុមាររាប់លាននាក់ ចាកចេញពីផ្ទះរបស់ពួកគេ។ ស្ថានភាពបែបនេះ កាន់តែយ៉ាប់យ៉ឺន ប្រសិនបើគ្មានវិធានការ។

 
យោងតាមរបាយការណ៍អង្គការយូនីសេហ្វ ការផ្លាស់ទីលំនៅក្នុងប្រទេសរបស់កុមារមានចំនួន ៤៣,១ លាននាក់ នៅ ៤៤ ប្រទេស ចាប់ពីចន្លោះឆ្នាំ ២០១៦ និង២០២១ ដោយសារតែគ្រោះធម្មជាតិ ដូចជាគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ។ អង្គការយូនីសេហ្វបានកត់ត្រាការផ្លាស់ទី លំនៅរបស់កុមារភាគច្រើនទាក់ទងនឹងអាកាសធាតុច្រើនបំផុតនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយសារតែបំពុលខ្យល់។ 
 
ក្នុងចំណោមប្រទេសដែលមានចំនួនកុមារផ្លាស់ទីសរុបខ្ពស់បំផុតគឺចិន និងហ្វីលីពីន ដោយសារការប៉ះពាល់នឹងការប្រែប្រួលអាកាសធាតុ ចំនួនកុមារដ៏ច្រើន និងសមត្ថភាពក្នុងការបំលាស់ទី។
 
«នៅពេលដែលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកើនឡើង ការប្តូរកន្លែងរកនៅជំរុញដោយអាកាសធាតុ ក៏នឹងកើតឡើងដែរ»។ នាយកប្រតិបត្តិអង្គការយូនីសេហ្វ លោកស្រី Catherine Russell លើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៦ ខែតុលា ដោយបន្តថា ប្រទេសនានាមានទាំងឧបករណ៍ និងចំណេះដឹង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើនឡើងនេះសម្រាប់កុមារ ប៉ុន្តែធ្វើសកម្មភាពយឺតពេក ដើម្បីឆ្លើយតប។
 
តាមរបាយការណ៍ខាងលើដដែលក្នុងអំឡុងពេលប្រាំមួយឆ្នាំនេះ ទឹកជំនន់ និងខ្យល់ព្យុះមានចំនួន ៩៥ ភាគរយនៃការផ្លាស់ទីលំនៅរបស់កុមារ។ អ្នកដឹកនាំសកលស្តីពីការធ្វើចំណាកស្រុក និងការផ្លាស់ទីលំនៅរបស់អង្គការយូនីសេហ្វ លោកស្រី Verena Knaus បានសម្គាល់ថា ការផ្លាស់ទីលំនៅរបស់កុមារ គឺសឹងតែមិនមែនជាការងារសំខាន់របស់មេដឹកនាំឡើយ។ 
 
យូនីសេហ្វបានព្យាករណ៍ផងដែរអំពីកុមារជិត ៩៦ លាននាក់ នឹងត្រូវផ្លាស់ទីលំនៅដោយសារទឹកជំនន់ពីទន្លេ ក្នុងរយៈពេល ៣ទសវត្សរ៍ខាងមុខ ដែលជាមធ្យមមាន កុមារជិត ៣,២លាននាក់នឹងត្រូវផ្លាស់ទីជារៀងរាល់ឆ្នាំ៕

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com