កីឡាជាតិ
ជាតិ
លោក សាំង ចាន់រក្សា៖ កីឡាករគុនខ្មែរ ត្រូវមានសុជីវធម៌ សីលធម៌ ទាំងក្នុងការនិយាយស្ដី និងហ្វឹកហាត់
07, Oct 2023 , 7:19 pm        
រូបភាព
លោក សាំង ចាន់រក្សា គ្រូជំនួយក្លិបប្រដាល់គុនខ្មែរ អេ ភូថង
លោក សាំង ចាន់រក្សា គ្រូជំនួយក្លិបប្រដាល់គុនខ្មែរ អេ ភូថង
លោក សាំង ចាន់រក្សា គ្រូជំនួយក្លិបប្រដាល់គុនខ្មែរ អេ ភូថង អះអាងថា កំណើនសិស្ស ចូលហ្វឹកហាត់កាន់តែច្រើន ដូច្នេះ ក្លិប ជំរុញឲ្យសិស្ស ប្រកាន់ខ្ជាប់នូវសុជីវធម៌ និងសីលធម៌ ទាំងក្នុងការនិយាយស្ដី និងក្នុងការហ្វឹកហាត់។ គ្រូជំនួយរូបនេះ បន្ថែមទៀតថា កីឡាករ មានបច្ចេកទេស និងសមត្ថភាពខ្លាំង ហើយមានសុជីវធម៌ និងសីលធម៌ល្អទៀត កីឡាកររូបនោះ នឹងស័ក្តិសមជាគំរូល្អ និងទទួលការឲ្យតម្លៃកាន់តែខ្លាំងពីអ្នកគាំទ្រ។


 
លោក សាំង ចាន់រក្សា បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ ថាសិស្សប្រដាល់គុនខ្មែរ របស់ក្លិបអេភូថង បច្ចុប្បន្ន មានចំនួនជាង ៥០នាក់។ គ្រូជំនួយរូបនេះ បន្ថែមទៀតថា ការគ្រប់គ្រង ពិបាកបន្ដិចបន្ដួច ព្រោះពេលខ្លះមានចន្លោះ ចំពោះការបង្វឹកកីឡាករណាមួយ។ ប៉ុន្ដែ លោក ចាន់រក្សា អះអាងថា សមត្ថភាពរបស់កីឡាករ មិនបានធ្លាក់ខ្សោយទេ ព្រោះរូបលោក តែហ្វឹកហាត់បំប៉នលើកីឡាកររូបណា ដែលត្រៀមឡើងសង្វៀន នាចុងសប្ដាហ៍។
 
«ការមានសិស្សច្រើន លំបាកបន្ដិចបន្ដួចដែរ ដោយសារ យើងមើលខាងណេះ ចោលខាងណេះ ហើយណាមួយពេលដែលសិស្សច្រើនបែបនេះ ពិបាកគ្រប់គ្រងបន្ដិច ប៉ុន្ដែមិនអាចធ្វើឲ្យធ្លាក់បច្ចេកទេសហ្វឹកហាត់ និងសមត្ថភាពកីឡាករឡើយ។ នៅពេលកីឡាកររូបណា ត្រូវមានឈ្មោះវាយ ខ្ញុំត្រូវមើលថែកីឡាករនោះឲ្យបានឌិតដល់ ក្រៅពីនោះ ក៏មានសិស្សជាសិស្សច្បងក្នុងក្លិប ឲ្យជួយមើលអ្នកដែលទើបចូលហ្វឹកហាត់។»។ លោក សាំង ចាន់រក្សា បាននិយាយដូច្នេះ។
 
គ្រូជំនួយរូបនេះ ក៏បានប្រាប់ពីគន្លឹះសំខាន់របស់ក្លិប ដោយជម្រុញឲ្យសិស្សប្រដាល់ទាំងនោះ ត្រូវមានវិន័យ និងប្រកាន់ខ្ជាប់សីលធម៌ សុជីវធម៌ ទាំងជាមួយមិត្តរួមក្លិប និងជាមួយគូប្រកួតមកពីក្លិបផ្សេងៗទៀត ជាពិសេសត្រូវគោរពរៀមច្បង ដែលប្រឡូកក្នុងវិស័យនេះ ពីមុនមក។
 
លោក សាំង ចាន់រក្សា បាននិយាយប្រាប់ដូច្នេះ៖«យើង ត្រូវមានសុជីវធម៌ក្នុងខ្លួន ទាំងការនិយាយស្ដី ទាំងការហ្វឹកហាត់ និងក្រៅការហ្វឹកហាត់។ សុជីវធម៌ ធ្វើឲ្យយើង មិនជ្រលើសបើស គោរពគ្នាទៅវិញទៅមក មិនមើលងាយគូប្រកួត ជាពិសេស ការគោរពមិនត្រឹមតែសម្រាប់ក្លិប ឬមិនរួមក្លិបទេ ទោះជួបអ្នកមកពីក្លិបផ្សេងក៏ដោយ។»។
 
គ្រូជំនួយនេះ ក៏បន្ថែមថា កីឡាករ មានសមត្ថភាពខ្លាំងតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ ប៉ុន្ដែត្រូវមានអត្ដចរិក វិន័យ សីលធម៌ និង សុជីវធម៌ល្អ បន្ថែមទៀត ដើម្បីជាគំរូដល់កីឡាករ-កីឡាការិនី ជំនាន់ក្រោយ៕
 

Tag:
 ប្រដាល់គុនខ្មែរ
  សាំង ចាន់រក្សា
© រក្សាសិទ្ធិដោយ thmeythmey.com