កីឡាជាតិ
ជាតិ
សាលី អ៊ូមើត៖ ខ្ញុំចង់ឲ្យអាម៉េរិក និងប្រទេសផ្សេងទៀត ដឹងថាកីឡាករម៉ូតូទឹកកម្ពុជាខ្លាំង
07, Oct 2023 , 5:59 pm        
រូបភាព
កីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកម្រិតពិភពលោក រូបពី សាលី អ៊ូមើត
កីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកម្រិតពិភពលោក រូបពី សាលី អ៊ូមើត
សាលី អ៊ូមើត ប្រធានក្រុមកីឡាករម៉ូតូទឹកកម្ពុជា និងជាម្ចាស់មេដាយមាសកីឡាអាស៊ី លើកទី១៨ បាននិយាយថា ត្រឹមតែ៣ថ្ងៃ កីឡាករម៉ូតូទឹកកម្ពុជា ធ្វើឲ្យប្រជាជនអាម៉េរិក និង៣០ប្រទេសផ្សេងទៀត ដែលចូលរួមព្រឹត្តិការណ៍ Jet Ski World Series 2023 ជុំផ្ដាច់ព្រ័ត្រ នៅទីក្រុង Lake Havasu រដ្ឋ Arizona ភ្ញាក់ផ្អើលដោយឈ្នះមេដាយមាស ៤ និងប្រាក់៣។ ព្រឹត្តិការណ៍កីឡាម៉ូតូទឹកកម្រិតពិភពលោកនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៤- ៨ខែតុលា ឆ្នាំ២០២៣។ ប្រធានក្រុមកីឡាកររូបនេះ បន្ថែមទៀតថា នេះគឺជាឆន្ទៈ ដែលរូបលោក ចង់បានព្រោះចង់ឲ្យអន្ដរជាតិ ស្គាល់ពីសមត្ថភាពខ្លាំងរបស់កីឡាករកម្ពុជា។


 
កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក្នុងវីដេអូផ្សាយផ្ទាល់ កីឡាករ សាលី អ៊ូមើត បានបង្ហាញអារម្មណ៍រំភើបរីករាយ និងមោទកភាព ចំពោះកីឡាករកម្ពុជា ដែលដណ្ដើមបានមេដាយ ក្នុងព្រឹត្តិការណ៍ Jet Ski World Series 2023 នៅសហរដ្ឋអាម៉េរិក។ ប្រធានក្រុមរូបនេះ ចាត់ទុកថាកីឡាករទាំងនោះ គឺជាទំពាំងស្នងឫស្សី ដ៏ល្អ ព្រោះមានសមត្ថភាពអាចដណ្ដើមបានមេដាយមាស កម្រិតពិភពលោក ដែលមាន ៣០ប្រទេស មកពីបណ្ដាទ្វីប ៣ ចូលរួម ចង់បាន ប៉ុន្ដែមិនមានសមត្ថភាពដណ្ដើមបាន។ 
 
ដោយឡែក ប្រទេស ដែលមានសក្ដានុពលខាងវិស័យកីឡាម៉ូតូទឹក ទើបត្រូវបានគណៈកម្មាធិការរៀបព្រឹត្តិការណ៍ អញ្ជើញឲ្យចូលរួមប្រកួតបាន។ ដូច្នេះ កម្ពុជា គឺប្រទេសមួយ ដែលត្រូវបានអន្ដរជាតិទទួលស្គាល់ថា មានសក្ដានុពលត្រង់កីឡានេះ។
 
«ខ្ញុំ មិនដែលមើលរំលង កីឡាករកម្ពុជា ដែលខ្ញុំនាំមកនេះទេ។ ខ្ញុំ រំពឹងលើពួកគាត់ទាំងអស់ ដោយសារខ្ញុំ ដឹងពីសមត្ថភាពរបស់ពួកគាត់ផ្ទាល់។ ប្រសិនជាពួកគាត់មានម៉ូតូទឹកល្អៗ ពួកគាត់មិនងាយនឹងចាញ់ទេ។ ពួកគាត់មានសមត្ថភាព និយាយរួមគឺកម្រិតពិភពលោក។ ពួកគាត់ជាទំពាំងស្នងឫស្សីល្អ សម្រាប់កម្ពុជាយើង។»។ សាលី អ៊ូមើត បាននិយាយក្នុងវីដេអូផ្សាយផ្ទាល់ដូច្នេះ។
 
កីឡាករកម្ពុជារូបនេះ បានបន្ថែមទៀតថា កាលពី ៤-៥ឆ្នាំមុន មានតែរូបលោកម្នាក់ ប៉ុណ្ណោះ បានដណ្ដើមបានមេដាយមាស ប៉ុន្ដែពេលនេះ កីឡាករកម្ពុជា ផ្សេងទៀតក៏អាចដណ្ដើមបានមេដាយ ដែរ។ សាលី អ៊ូមើត ចាត់ទុកសមិទ្ធិផលនេះ គឺជាការសម្រេចក្ដីប្រាថ្នារបស់ខ្លួន ដែលចង់ឲ្យបរទេស ជាពិសេស អាម៉េរិក និងប្រទេសក្នុងតំបន់អឺរ៉ុប ស្គាល់ពីសមត្ថភាពរបស់កីឡាករកម្ពុជា កាន់តែច្បាស់។ ម្ចាស់មេដាយមាសកីឡាអាស៊ី លើកទី១៨ រូបនេះ បន្តថា មេដាយមាសទាំងនោះ គឺបង្ហាញពីសមត្ថភាពពិត មិនមែនយកលុយទៅប្ដូរទើបបានទេ។
 
សាលី អ៊ូមើត បានប្រាប់ដូច្នេះថា៖«ខ្ញុំ ចង់ឲ្យអាម៉េរិក ដឹងពីធនធានកីឡាករកម្ពុជា ហើយសំខាន់កីឡាករយើងខ្លាំង។ ត្រឹមតែ ២ ថ្ងៃជាប់គ្នា កីឡាករកម្ពុជា ធ្វើឲ្យអ្នកនៅអាម៉េរិក ភ្ញាក់ផ្អើល គឺដណ្ដើមបានមេដាយមាស ៣ និងប្រាក់៣។ តាំងពីដើមមកមានតែខ្ញុំម្នាក់ ដែលអាចរកបានមេដាយ ហើយក្រោយមកទៀត មីន មូសស្ដាន ហើយឥឡូវយើងមានកីឡាករ ២ ៣នាក់ទៀត អាចដណ្ដើមបានមេដាយមាស លើឆាកអន្ដរជាតិ។យើង អាចមកដណ្ដើមមេដាយមាស នៅក្នុងទឹកដីមហាអំណាច សហរដ្ឋអាម៉េរិក គឺជាមេដាយមួយ ដែលអ្នកណាក៏ចង់បានដែរ ហើយកូនខ្មែរយើង អាចធ្វើបាន។ ពានមួយនេះ បញ្ជាក់ថា កីឡាករយើងខ្លាំង។ កីឡាករ យើងមានថ្វីដៃល្អ ទោះបីម៉ូតូទឹក មិនខ្លាំង ម៉ូតូទឹក កែមិនដល់គេ ក៏អាចឲ្យម៉ូតូយើង វ៉ាម៉ូតូទឹកគេបាន។ អ៊ីចឹងសមត្ថភាពកីឡាករកូនខ្មែរយើង គឺមិនធម្មតាទេ។»។
 
គួរបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី៦ ខែតុលានេះ កីឡាករម៉ូតូទឹកកម្ពុជា ៤រូប ដណ្ដើមបានមេដាយបណ្តោះអាសន្នចំនួន៧ ក្នុងព្រឹត្តិការណ៍ Jet Ski World Series 2023 ជុំផ្ដាច់ព្រ័ត្រ ដោយក្នុងនោះមេដាយមាស ៤ និងប្រាក់ ៣។ មេដាយទាំងនោះរកបានដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស ១, សាលី ហ្វីលីន មេដាយមាស ២ និងប្រាក់២, កីឡាករ កៃ វ៉ាន់ស៊ីដែន មេដាយមាស ១ និងកីឡាករ មីន អូស្មាន់ មេដាយប្រាក់១។ សាលី អ៊ូមើត ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម បានដឹកនាំកីឡាករម៉ូតូទឹកកម្ពុជា ចំនួន ៨រូប ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Jet Ski World Series 2023 នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣-៨ ខែតុលា ឆ្នាំ២០២៣៕
 

Tag:
 សាលី អ៊ូមើត
  ម៉ូតូទឹក
© រក្សាសិទ្ធិដោយ thmeythmey.com