សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
មូលនិធិរូបិយវត្ថុអន្តរជាតិ ៖ ពិភពលោកអាចជៀសផុតពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច
08, Oct 2023 , 9:59 am        
រូបភាព
លោកស្រី Kristalina Georgieva ប្រមុខ IMF ។ រូបភាព ៖ AFP ។
លោកស្រី Kristalina Georgieva ប្រមុខ IMF ។ រូបភាព ៖ AFP ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អះអាងថា ការកើនឡើងនៃតម្រូវការសេវាកម្ម និងវឌ្ឍនភាពក្នុងការគ្រប់គ្រងអតិផរណា កំពុងជួយឱ្យសេដ្ឋកិច្ចពិភពលោកមានឱកាសកាន់តែច្រើនដើម្បីគេចផុតពីវិបត្តិសេដ្ឋកិច្ច។ យ៉ាងណានៅតែមានហានិភ័យហិរញ្ញវត្ថុដែលអាចកើតមានជាច្រើន។

 
ការលើកឡើងរបស់លោកស្រី Kristalina Georgieva ប្រមុខ IMF ធ្វើឡើងប៉ុន្មានថ្ងៃមុនពេលរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃប្រទេសទាំង ១៩០ ចូលរួមកិច្ចប្រជុំរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែតុលា នៅម៉ារ៉ុក ដើម្បីពិភាក្សាអំពីហានិភ័យដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខ។ 
 
លោកស្រី Georgieva បាននិយាយថា ចាប់តាំងពីឆ្នាំ ២០២០ ទិន្នផលពិភពលោកធ្លាក់ចុះចំនួន ៣៧០០ពាន់លានដុល្លារ ហើយកំណើនបច្ចុប្បន្ននៅតែទាបជាងរយៈពេលមុនកូវីដ-១៩ ហើយទស្សនវិស័យកំណើនរយៈពេលមធ្យមនៅមានភាពខ្សោយជាង។
 
លោកស្រីសង្កត់ធ្ងន់ថា សេដ្ឋកិច្ចពិភពលោកបានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ ដែលមានន័យថាសេដ្ឋកិច្ចអាចងើបឡើងវិញយឺត ប៉ុន្តែជៀសវាងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច។
 
សន្ទុះកំណើនពិភពលោកបច្ចុប្បន្នមានប្រមាណ ៣,៨ភាគរយដែលទាបជាងមុនពេលជំងឺរាតត្បាតកូវីដ-១៩ ហើយអតិផរណាអាចនៅតែខ្ពស់ជាងកម្រិតគោលដៅនៅក្នុងប្រទេសមួយចំនួនបានកំណត់រហូតដល់ឆ្នាំ ២០២៥។
 
បើតាមលោកស្រី Georgieva ការរំពឹងទុកអំពីលទ្ធភាពនៃការចុះទន់ខ្សោយសេដ្ឋកិច្ចពិភពលោកបានជួយបង្កើនតម្លៃនៃទ្រព្យសកម្មជាច្រើនប្រភេទ ប៉ុន្តែប្រសិនបើអតិផរណាកើនឡើងយ៉ាងខ្លាំងម្តងទៀត វាអាចនាំទៅរកការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ។ 
 
លោកស្រី Georgieva បានអំពាវនាវដល់ប្រទេសសមាជិកដែលមានសក្ដានុពលបង្កើនការរួមចំណែកដល់មូលនិធិកាត់បន្ថយភាពក្រីក្រ ដែលជាមូលនិធិប្រើដើម្បីគាំទ្រដល់សេដ្ឋកិច្ចសមាជិកក្រីក្របំផុតក៏ដូចជាមូលនិធិថ្មីចំនួន ៤០ពាន់លានដុល្លារ សម្រាប់កំណែទម្រង់លើបញ្ហាអាកាសធាតុ។
 
កន្លងមក IMF បានផ្តល់ជំនួយប្រហែល ៣២០ពាន់លានដុល្លារដល់ប្រទេសចំនួន ៩៦ ចាប់តាំងពីការរាលដាលជំងឺរាតត្បាតកូវីដ-១៩ ៕
 

Tag:
 កំណើន
  IMF
© រក្សាសិទ្ធិដោយ thmeythmey.com