កីឡាជាតិ
ជាតិ
បញ្ចប់ភារកិច្ចការប្រកួតកីឡាអាស៊ី កម្ពុជា បានមេដាយសំរិទ្ធ១ និងឈរចំណាត់ថ្នាក់លេខ ៣៨
08, Oct 2023 , 11:39 am        
រូបភាព
ក្រុមកីឡាការិនីការ៉ាតេ ម្ចាស់មេដាយសំរិទ្ធកីឡាអាស៊ី រូបពី NOCC
ក្រុមកីឡាការិនីការ៉ាតេ ម្ចាស់មេដាយសំរិទ្ធកីឡាអាស៊ី រូបពី NOCC
កម្ពុជា បានបញ្ជូនអត្ដពលិកចំនួន ១១៤នាក់ លើ ១៧ ប្រភេទកីឡា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន។ ក្នុងចំណោម ១៧ប្រភេទកីឡានោះ ការ៉ាតេ ជាកីឡាមួយ ដែលរកបានមេដាយសំរិទ្ធឲ្យកម្ពុជា។ ដោយឡែក ក្នុងចំណោម ៤៥ប្រទេសចូលរួម ប៊ូតង់, ទីម័រខាងកើត, ម៉ាលឌីវ និង យេម៉ែន ជាប្រទេសមិនឈ្នះមេដាយណាមួយ ក្នុងព្រឹត្តិការណ៍នេះ ឡើយ។ ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ បើកការប្រកួតជាផ្លូវការនៅថ្ងៃទី២៣ ខែកញ្ញា និងបិទបញ្ចប់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Hangzhou។


 
ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ត្រូវធ្វើពិធីបិទ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រោយបានប្រព្រឹត្តទៅអស់រយៈពេល ២០ថ្ងៃ ដោយចាប់ប្រកួតពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ កីឡា ១៧ប្រភេទ ដែលកម្ពុជា បញ្ចូនចូលរួមប្រកួត មាន៖ ហែលទឹក អត្ដពលិក ៤នាក់, វាយសី អត្ដពលិក ២នាក់ ,បាល់បោះ ៣ទល់៣ អត្ដពលិក ៤នាក់ ,គ្រីកឃីត អត្ដពលិក ១៥នាក់ ,ទូកនាគ អត្ដពលិក ១៤នាក់ ,គុនដាវ អត្ដពលិក ២នាក់ ,យូដូ អត្ដពលិក ២នាក់ ,ជឺជិតស៊ូ អត្ដពលិក ២នាក់, ការ៉ាតេ អត្ដពលិក ១០នាក់ ,អុកចិន អត្ដពលិក ២នាក់ ,ទូកក្ដោង អត្ដពលិក ៣នាក់ ,តេក្វាន់ដូ WT អត្ដពលិក ៦នាក់ ,សូហ្វតិន្នីស អត្ដពលិក ១០នាក់ ,ទ្រីយ៉ាត្លុង អត្ដពលិក ២នាក់, បាល់ទះក្នុងសាល អត្ដពលិក ១២នាក់ (បុរស) និងចំបាប់ អត្ដពលិក ១៤នាក់។
 
ក្នុងចំណោមកីឡាទាំងនោះ កម្ពុជា រកបានមេដាយសំរិទ្ធ១ លើប្រភេទកីឡាការ៉ាតេ វិញ្ញាសាសម្ដែង ដោយក្រុមកីឡាការិនី ៣រូប មាន៖ ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច។ មេដាយសំរិទ្ធនេះ ធ្វើឲ្យកម្ពុជា មានឈ្មោះក្នុងតារាង ប្រទេសដែលឈ្នះមេដាយ ខណៈ ៤ប្រទេសផ្សេងទៀត ប៊ូតង់, ទីម័រខាងកើត, ម៉ាលឌីវ និង យេម៉ែន មិនឈ្នះមេដាយណាមួយឡើយ។ កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៣៨ ដោយស្មើគ្នាជាមួយ លីបង់, ប៉ាឡេស្ទីន និងសាធារណរដ្ឋអារ៉ាប់ស៊ីរី។
 
ចំណែកម្ចាស់ផ្ទះ ចិន ជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ដោយដណ្ដើមបានមេដាយមាស ច្រើនជាងគេ។ ចិន ឈរចំណាត់ថ្នាក់លេខ១ ដោយដណ្ដើមបានមេដាយសរុប ចំនួន៣៨២ ក្នុងនោះ មាស២០០ ប្រាក់១១១ និងសំរិទ្ធ៧១។ ចំណាត់ថ្នាក់លេខ២ បានទៅលើប្រទេសជប៉ុន ឈ្នះមេដាយសរុប ចំនួន១៨៦ មាស៥១ ប្រាក់៦៦ និងសំរិទ្ធ៦៩ តាមពីក្រោយដោយកូរ៉េខាងត្បូង មេដាយសរុប ១៩០ មាស៤២ ប្រាក់៥៩ និងសំរិទ្ធ៨៩។
 
កីឡាអាស៊ីលើកទី១៩ ដែលមានប្រទេសចូលរួម៤៥ បានចាប់ផ្តើមប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកញ្ញាតទៅ ដោយ មាន៤០ប្រភេទកីឡា ក្នុងនោះមាន៤៨១វិញ្ញាសា ដើម្បីប្រកួតប្រជែងគ្នាក្នុងទីក្រុងហាងចូល ប្រទេសចិន។ ពីធីបិទព្រឹត្តិការណ៍កីឡាអាស៊ី នឹងត្រូវធ្វើនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣៕
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com