កីឡាអន្តរជាតិ
អន្តរជាតិ
ប្រជាជនម៉ារ៉ុក រំភើបចំពោះការទទួលបានសិទ្ធិធ្វើជាសហម្ចាស់ផ្ទះ World Cup ឆ្នាំ ២០៣០
08, Oct 2023 , 2:59 pm        
រូបភាព
ប្រជាជន ម៉ារ៉ុក បង្ហាញក្តីសប្បាយរីករាយ ចំពោះការទទួលបានសិទ្ធធ្វើជាសហម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣០ ដោយរួមជាមួយនឹងប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់ បន្ទាប់ពីការព្យាយាមយ៉ាងខ្លាំងក្លារយៈពេល ១ឆ្នាំ រួចមក។


 
សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានចេញសេចក្តីប្រកាសយ៉ាងភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី៤ ខែតុលា ដោយបានបញ្ជាក់ថាប្រទេសអេស្ប៉ាញ, ព័រទុយហ្កាល់ និងម៉ារ៉ុក អាចរួមគ្នាធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួត បន្ទាប់ពីការដេញថ្លៃដទៃបានដកខ្លួន។ ទោះប្រទេសទាំង៣ ដែលមកពីទ្វីបអឺរ៉ុប និងទ្វីបអាហ្រ្វិក ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតក្តី តែការប្រកួតបើកឆាកចំនួន ៣ប្រកួតដំបូងនឹងត្រូវធ្វើនៅប្រទេសអ៊ុយរូហ្កាយ អាហ្សង់ទីន និងប៉ារ៉ាហ្កាយ ដើម្បីគម្រប់ខួប ១០០ឆ្នាំ នៃព្រឹត្តិការណ៍ World Cup។
 
ក្រោយបរាជ័យចំនួន ៥លើក ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ការប្រកាសរបស់ FIFA បានធ្វើឱ្យប្រទេសម៉ារ៉ុកបានបង្ហាញនូវការអបអរសាទរខ្លាំង ក៏ដូចជាបានផ្តល់នូវកិត្តិយសនៃការធ្វើជាម្ចាស់ផ្ទះនេះ ដើម្បីឧទ្ទិសទៅកាន់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដីកាលពីខែមុនផងដែរ។ រញ្ជួយដីក្នុងប្រទេសម៉ារ៉ុកបានសម្លាប់មនុស្សប្រមាណជិត ៣ពាន់នាក់។
 
កីឡាបាល់ទាត់គឺជាផ្នែកមួយនៃជីវិតរបស់ប្រទេសជនម៉ារ៉ុក ដោយមានក្រុមធំៗក្នុងប្រទេសជាច្រើនតែងតែឈ្នះពានរង្វាន់លំដាប់តំបន់អាហ្រ្វិក ក៏ដូចជាអ្នកគាំទ្រតែងចូលទស្សនាការប្រកួតពេញៗកីឡដ្ឋាន។ ម៉ារ៉ុកក្លាយជាប្រទេសទីមួយដែលប្រើប្រាស់ភាសាអារ៉ាប់ ហើយមកពីទ្វីបអាហ្រ្វិកដែលឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 នៅក្នុងប្រទេសកាតា។
 
ការសម្រេចចិត្តផ្តល់សិទ្ធិនេះត្រូវបានធ្វើឡើងក្រោយរយៈពេលប៉ុន្មានថ្ងៃដែលប្រទេសម៉ារ៉ុកទើបតែត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ Africa Cup of Nations ក្រោយប្រទេសមួយចំនួនបានដកខ្លួនចេញពីការដេញថ្លៃ។ ការរៀបចំការប្រកួតក្នុងនាមជាម្ចាស់ផ្ទះបានជួយប្រទេសម៉ារ៉ុក បង្កើនកំណើនសេដ្ឋកិច្ចរបស់ពួកគេផងដែរ។
 
ប្រជាជនម៉ារ៉ុកគ្រប់ស្រទាប់ បានបញ្ចេញមតិសាទរនៅលើបណ្តាញសង្គម ចំពោះឱកាសនៃការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup 2030។ ប្រធានសហព័ន្ធបាល់ទាត់ម៉ារ៉ុកលោក Fouzi Lekjaa បាននិយាយនៅក្នុងកិច្ចសម្ភាសជាមួយនឹងវិទ្យុមួយនាថ្ងៃទី៥ ខែតុលា ប្រទេសម៉ារ៉ុកនឹងបង្កើតកីឡដ្ឋានចំនួន ៦បន្ថែមទៀតនៅក្នុងទីក្រុងចំនួន ៦ផ្សេងគ្នា សម្រាប់ត្រៀមការប្រកួត។ 
 
ម៉ារ៉ុកធ្លាប់បានបរាជ័យក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ ៤លើកមុនសម្រាប់ឆ្នាំ ១៩៩៤, ១៩៩៨, ២០០៦ និង ២០២៦៕

Tag:
 World Cup
  World Cup 2030
  ម៉ារ៉ុក
© រក្សាសិទ្ធិដោយ thmeythmey.com