ជាតិ
សមាគមត្រសក់ផ្អែមសៀមរាប កំពុងផ្គត់ផ្គង់ត្រសក់ដល់ផ្សារទំនើបតូចធំ ស្ទើរទូទាំងប្រទេស
08, Oct 2023 , 9:39 pm        
រូបភាព
សៀមរាប៖ សមាគមត្រសក់ផ្អែមសៀមរាបមានជ័យ បានបង្កើតឡើងដោយការប្រមូលផ្តុំ របស់កសិករចំនួន៥ខេត្ត។ សមាគមនេះផ្តោតលើការដាំត្រសក់ផ្អែម និងឪឡឹកលឿង ដែលកំពុងផ្គត់ផ្គង់ តាមផ្សារទំនើបតូចធំនៅរាជធានី និងខេត្តសំខាន់ៗ។

 
ប្រធានសមាគមលោក វ៉ាន់ អៀន ជាមធ្យមសមាគមបានប្រមូលទិញត្រសក់ផ្អែម និងឪឡឹកសាច់លឿងពីពលរដ្ឋ ដែលជាចង្កោមសមាគមចាប់ពី៥០០គីឡូក្រាមទៅ៣តោនជាប្រចាំថ្ងៃ អាស្រ័យតាមការបញ្ជាទិញ ពីអតិថិជន។ លោកបន្តថា ទីផ្សារដែលសមាគមកំពុងផ្គត់ផ្គង់សព្វថ្ងៃ មាននៅរាជធានីភ្នំពេញ សៀមរាប កំពង់ចាម កំពង់សោម និងបណ្ដាខេត្តមួយចំនួនទៀតស្ទើរទូទាំងប្រទេស។
 
តាមការបញ្ជាក់ពីលោកប្រធានសមាគម សព្វថ្ងៃដំណាំត្រសក់ផ្អែមត្រូវបានសាធារណជនស្គាល់ច្រើន និងពេញនិយមសម្រាប់ការទទួលទាន។ លោកបញ្ជាក់ថា ត្រសក់ផ្អែមមាន៣ប្រភេទ មានពណ៌ស ពណ៌លឿង និងក្រឡាសំណាញ់។ 


 
បច្ចុប្បន្នសមាគមត្រសក់ផ្អែមសៀមរាប មានសមាជិកសរុប ៣១៥គ្រួសារ គ្របដណ្ដប់លើខេត្តចំនួន៥ មានបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប។ សមាគមនេះបង្កើតឡើងនៅឆ្នាំ ២០១១ ដែលដើមឡើយជាកសិករដាំបន្លែស្លឹក និងមានសមាជិក២៧នាក់ប៉ុណ្ណោះ។ ដោយមានការគាំទ្រពីអង្គការ iDE សមាគមបានវិវត្តន៍ខ្លួនយ៉ាងលឿន ដោយមានការបណ្ដុះបណ្ដាល ការបង្រៀនបច្ចេកទេស និងមានមន្រ្តីកសិករសម្រាប់តម្រង់ទិសនៅពេលដាំដុះជាដើម។ 
 
ដើម្បីរក្សាតុល្យភាពផលិតផល គុណភាព និងទីផ្សារ សមាគមបានរៀបចំផែនការដាំដល់កសិករ ដោយធានាថា ផលិតផលរបស់ពួកគេត្រូវលក់ដាច់ មានទីផ្សារល្អ និងមិនចាល់ឡើយ។ ចំណុចនេះលោក វ៉ាន់ អៀន ពន្យល់ថា៖«សំខាន់តម្រូវការអតិថិជន ដាក់វេនឱ្យគាត់ដាំ។ ដូចបច្ចុប្បន្ន គាត់ត្រូវការឪឡឹកសាច់លឿងច្រើន ត្រសក់ផ្អែមសំណាញ់ច្រើន ពណ៌សច្រើន យើងដាក់ផែនការដាំដុះ ពេញមួយឆ្នាំ ទី២គិតពីសក្កានុពលគាត់ មុននឹងឱ្យដាំយើងមើលតំបន់មានទឹកអត់ លិចអត់ខ្វះទឹកអត់ ត្រូវមើលតំបន់ជាក់លាក់។ ព្រោះតំបន់មួយៗយើងមានប្រធានតំបន់សម្រាប់មើល ជំនួសសមាគម ព្រោះសមាគមមិនអាចមើលអស់ទេ»៕





Tag:
 ត្រសក់ផ្អែម
  វ៉ាន់ អៀន
© រក្សាសិទ្ធិដោយ thmeythmey.com