សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី និងអារ៉ាប៊ីសាអូឌីតចំណេញប្រាក់រាប់ពាន់លានដុល្លារពីការកាត់បន្ថយផលិតកម្មប្រេង
09, Oct 2023 , 8:29 am        
រូបភាព
រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និងប្រធានាធិបតីរុស្ស៊ី វ៉្លឌីមៀ ពូទីន ។ រូបភាព​ ៖ AFP ។
រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និងប្រធានាធិបតីរុស្ស៊ី វ៉្លឌីមៀ ពូទីន ។ រូបភាព​ ៖ AFP ។
រុស្ស៊ី និងអារ៉ាប៊ីសាអូឌីតត្រូវបានគេមើលឃើញថា ទទួលបានប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀតពីការលក់ប្រេងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែតម្លៃកើនឡើងបន្ទាប់ពីពួកគេសម្រេចចិត្តរឹតបន្តឹងការផ្គត់ផ្គង់បន្ថែមទៀត។

 
រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បានប្រកាសបន្តវិធានការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងរហូតដល់ដំណាច់ឆ្នាំនេះ។ ការបន្តធ្វើបែបនេះ គឺជាយុទ្ធសាស្ត្រប្រថុយប្រថាន ទាំងផ្នែកហិរញ្ញវត្ថុ និងនយោបាយ។ យ៉ាងណាមិញ យុទ្ធសាស្ត្រនេះហាក់ដូចជាបានពង្រីកប្រសិទ្ធភាពសម្រាប់សមាជិកនៃអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន។
 
យោងតាមការគណនាដោយក្រុមហ៊ុនប្រឹក្សា Energy Aspects ការកើនឡើងតម្លៃប្រេងគឺគ្រប់គ្រាន់ដើម្បីទូទាត់សងសម្រាប់ការថយចុះនៃបរិមាណនាំចេញ។ ប្រាក់ចំណូលប្រេងរបស់អារ៉ាប៊ីសាអូឌីតក្នុងត្រីមាសទី៣ អាចនឹងកើនឡើង ៣០លានដុល្លារក្នុងមួយថ្ងៃបើធៀបនឹងត្រីមាសទី២។ ការកើនឡើងនេះគឺស្មើនឹង ៥,៧ភាគរយ ។ ទន្ទឹមនឹងនេះ ប្រាក់ចំណូលពីប្រេងរបស់រុស្ស៊ីត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ២,៨ពាន់លានដុល្លារ។
 
ប្រភពនៃប្រាក់នេះក៏ជួយអារ៉ាប៊ីសាអូឌីតផ្តល់ហិរញ្ញប្បទានដល់គម្រោងក្នុងស្រុកធំៗ ខណៈពេលដែលខ្លួនចង់បន្តការវិនិយោគនៅបរទេសដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។ ទន្ទឹមនេះ វាក៏ជួយបង្កើនថវិការបស់រុស្ស៊ីផងដែរ។
 
លទ្ធផលទាំងនេះអាចបណ្តាលឱ្យក្រុមសម្ព័ន្ធមិត្ត OPEC+ ពិចារណាលើការរឹតបន្តឹងការផ្គត់ផ្គង់បន្ថែមទៀតនាពេលអនាគត។ លោក Saad Rahim ប្រមុខសេដ្ឋវិទូនៅ Trafigura បាននិយាយថា ៖« OPEC+ កំពុងគ្រប់គ្រងលើទីផ្សារមួយនេះ ហើយអាចត្រូវបានគេមើលឃើញថាពួកគេនឹងធ្វើវាបន្ថែមទៀត »។
 
អង្គការនេះបានដាក់សម្ពាធលើទីផ្សារប្រេងពិភពលោកអស់រយៈពេលជាច្រើនខែ។ ប៉ុន្តែមុននោះ ចលនារបស់ពួកគេមិនមានប្រសិទ្ធភាពខ្លាំងនោះទេ ដោយសារការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចសកល និងកំណើនយឺតនៅចិនដែលបណ្តាលឱ្យតម្លៃប្រេងមានការប្រែប្រួលតិចតួច ។
 
កាលពីខែតុលាឆ្នាំ ២០២២ អង្គការ OPEC + បានប្រកាសពីការកាត់បន្ថយផលិតកម្មចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាចំនួនដ៏ធំបំផុតចាប់តាំងពីជំងឺកូវីដ-១៩ បានលេចឡើង។ ក្រោយមកខែឧសភា អារ៉ាប៊ីសាអូឌីតបានប្រកាសកាត់បន្ថយការស្ម័គ្រចិត្តបន្ថែម ១ លានបារ៉ែល ហើយនៅខែកក្កដាពួកគេបានកាត់បន្ថយ ១លានបារ៉ែលក្នុងមួយថ្ងៃបន្ថែមទៀត។ នៅដើមខែកញ្ញា ទាំងរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតបានប្រកាសក្នុងពេលដំណាលគ្នានូវគោលនយោបាយកាត់បន្ថយរហូតដល់ដំណាច់ឆ្នាំ។
 
នៅត្រីមាសទី៣ តម្លៃប្រេង Brent បានកើនឡើង២៥ភាគរយឈានដល់ ៩៥ដុល្លារក្នុងមួយបារ៉ែល។ អង្គការ OPEC + ព្យាករពីកង្វះខាតប្រេងជាសកលចំនួន ៣,៣លានបារ៉ែលក្នុងមួយថ្ងៃក្នុងត្រីមាសទី៤នេះ ។ ចំណែកអ្នកវិភាគជាច្រើនបានព្យាករថាតម្លៃប្រេង Brent នឹងកើនឡើងដល់ ១០០ដុល្លារក្នុងពេលឆាប់ៗនេះ។
 
យុទ្ធសាស្ត្រកាត់បន្ថយការផ្គត់ផ្គង់គឺជាការប្រថុយប្រថានខ្លាំងពីព្រោះថា ពួកគេនឹងត្រូវលះបង់ចំណែកទីផ្សារដល់ដៃគូប្រកួតប្រជែងរបស់ពួកគេ។ ប្រសិនបើតម្លៃមិនកើនឡើង ពួកគេត្រូវតែទទួលយកការកាត់បន្ថយប្រាក់ចំណូល។ អាម៉េរិកមិនចូលចិត្តការកើនឡើងតម្លៃថាមពលទេព្រោះវាអាចបង្កើនសម្ពាធអតិផរណាលើសេដ្ឋកិច្ច។
 
ការចំណាយលើការផលិតប្រេងនៅអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីមានកម្រិតទាបណាស់។ ការប៉ាន់ប្រមាណរបស់ក្រុមហ៊ុន Rystad Energy បានដាក់តួលេខនៅ ៩,៣ដុល្លារ និង១២,៨ដុល្លារក្នុងមួយបារ៉ែលរៀងគ្នា។
 
តម្លៃខ្ពស់ផ្តល់អត្ថប្រយោជន៍ដល់អារ៉ាប៊ីសាអូឌីត។ ប្រទេសនេះបានឆ្លងកាត់ការរីកចម្រើន និងការធ្លាក់ចុះជាច្រើនបន្ទាប់ពីការឡើងចុះនៃតម្លៃប្រេង។ គម្រោងអភិវឌ្ឍន៍ដែលមានតម្លៃថ្លៃៗរបស់ពួកគេក៏មានលទ្ធផលចម្រុះផងដែរ។
 
នៅក្នុងឆមាសទី១ឆ្នាំនេះ ការចំណាយថវិការបស់អារ៉ាប៊ីសាអូឌីតមាន ៣៧ភាគរយខ្ពស់ជាងគ្រាដូចគ្នាឆ្នាំមុន។ គម្រោងបង្កើតទីក្រុងថ្មីដែលមានតម្លៃ ៥០០ពាន់លានដុល្លារក៏បានចាប់ផ្តើមផងដែរ។ នេះបើយោងតាមក្រុមហ៊ុន Capital Economics ។
 
កាលពីដើមឆ្នាំនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប៉ាន់ប្រមាណថា ទីក្រុងរីយ៉ាដ ត្រូវការតម្លៃប្រេង ៨១ដុល្លារ ដើម្បីរក្សាតុល្យភាពថវិការបស់ខ្លួន។ ប្រសិនបើពួកគេមិនអាចទាក់ទាញការវិនិយោគបរទេសសម្រាប់គម្រោងធំៗខាងលើទេ ពួកគេនឹងត្រូវការតម្លៃប្រេងកើនឡើងដល់ ១០០ដុល្លារ។
 
រុស្ស៊ីក៏ត្រូវចំណាយច្រើនក្នុងឆ្នាំនេះ។ នៅក្នុងត្រីមាសទី១ ពួកគេបានចំណាយ ៣៥ភាគរយច្រើនជាងគ្រាដូចគ្នាឆ្នាំមុន ។ រដ្ឋាភិបាលរុស្ស៊ីនៅតែស្ថិតក្នុងឱនភាពថវិកាចាប់តាំងពីពាក់កណ្តាលឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុន Oxford Economics។
 
ប្រេងពេញនិយមបំផុតរបស់រុស្ស៊ីបានកើនឡើងដល់ ៧៥ដុល្លារនាប៉ុន្មានថ្ងៃថ្មីៗនេះ។ ក្នុងត្រីមាសទី២ តម្លៃជាមធ្យមត្រឹមតែ ៦៥ដុល្លារប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ កម្រិតតម្លៃដែលលោកខាងលិចដាក់លើប្រេងរុស្ស៊ីគឺ ៦០ដុល្លារ។
 
កាលពីសប្តាហ៍មុន វិមានក្រឹមឡាំងបានហាមឃាត់ការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូត ដែលជាការរឹតបន្តឹងបន្ថែមទៀតដល់ការផ្គត់ផ្គង់ថាមពលសកល ដែលបណ្តាលឲ្យតម្លៃប្រេងម៉ាស៊ូតសកលបានកើនឡើងភ្លាមៗ៕ 
 

Tag:
 រុស្ស៊ី
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com