សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទីក្រុងឌូបៃនាំមុខគេលើពិភពលោក ជុំវិញកំណើនលក់ផ្ទះចាប់ពី១០លានដុល្លារ
09, Oct 2023 , 9:29 am        
រូបភាព
ទិដ្ឋភាពអគារខ្ពស់ៗនៅទីក្រុងឌូបៃ។ រូបភាព ៖ AP ។
ទិដ្ឋភាពអគារខ្ពស់ៗនៅទីក្រុងឌូបៃ។ រូបភាព ៖ AP ។
រយៈពេល ៩ខែឆ្នាំនេះ ទីក្រុងឌូបៃបានបន្តនាំមុខគេលើពិភពលោកដោយលក់ផ្ទះចំនួន ២៧៧ខ្នងចាប់ពីតម្លៃ១០លានដុល្លារឡើងទៅ ។

 
របាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី៤ ខែតុលាដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ៩ខែឆ្នាំនេះ ចំនួនផ្ទះដែលមានតម្លៃចាប់ពី ១០លានដុល្លារ ឬច្រើនជាងនេះនៅទីក្រុងឌូបៃលក់បានចំនួន ២៧៧ខ្នង។
 
នេះគឺជាកំណត់ត្រាថ្មីមួយសម្រាប់ទីក្រុងឌូបៃ ដោយជួយពង្រឹងទីតាំងខ្លួននៅក្នុងទីផ្សារអចលនទ្រព្យប្រណីតដ៏មមាញឹកបំផុតរបស់ពិភពលោកនាំមុខទីក្រុងញូវយ៉ក ហុងកុង និងទីក្រុងឡុងដ៍។ តម្លៃសរុបនៃអាផាតមិនទាំងនេះត្រូវបានលក់ចេញមានប្រហែល ៥ ពាន់លានដុល្លារ។
 
នៅត្រីមាសទី៣ ទំហំនៃការលក់ផ្ទះតម្លៃ ១០លានដុល្លារ ឬច្រើនជាងនេះទទួលបានចំណូល ១,៦ពាន់លានដុល្លារ។ តួលេខនេះគឺកើនឡើងពី ១,១៣ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 
ទីក្រុងឌូបៃកំពុងទាក់ទាញធនធានមនុស្ស និងដើមទុនយ៉ាងសកម្មដើម្បីលើកកម្ពស់កំណើននៅរយៈពេលវែង។ សសរស្តម្ភសេដ្ឋកិច្ចជាតិរបស់ទីក្រុងមួយនេះ ពឹងផ្អែកចម្បងលើការ​វិនិយោគអចលនទ្រព្យ ទេសចរណ៍ និងការវិនិយោគបរទេស។
 
នៅឆ្នាំនេះ ទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃបានរីកដុះដាលខ្លាំង ដោយសារតម្រូវការពីភ្ញៀវរុស្ស៊ីក្រោយពីមានជម្លោះជាមួយអ៊ុយក្រែន រួមទាំងការបន្ធូរបន្ថយច្បាប់ស្នាក់នៅរបស់ទីក្រុងឌូបៃ។ ទីក្រុងនេះទទួលបានចំនួនប្រតិបត្តិការដែលមានតម្លៃរហូតដល់ ១៧៧ពាន់លាន dirhams (៤៨ពាន់លានដុល្លារ) នៅឆមាសទី១ឆ្នាំនេះ។
 
រលកនៃអ្នកទិញថ្មីបានជួយបញ្ចប់រយៈពេល៧ឆ្នាំនៃការធ្លាក់ចុះទីផ្សារអចលនទ្រព្យនៅទីនេះ។ យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ទីក្រុងឌូបៃបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោកក្នុងប្រតិបត្តិការទិញផ្ទះដែលមានតម្លៃ ១០លានដុល្លារឬច្រើនជាងនេះនៅក្នុងត្រីមាសទី២។
 
លោក Faisal Durrani នាយកស្រាវជ្រាវសម្រាប់មជ្ឈិមបូព៌ា និងអាហ្រ្វិកនៅ Knight Frank បាននិយាយថា តម្រូវការផ្ទះប្រណីតនៅទីក្រុងឌូបៃនៅតែមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់មិនអាចគ្រប់ទាន់ពេលបានឡើយ។
 
ក្រុមហ៊ុនអចលនទ្រព្យ Danube Properties បានចាប់ផ្តើមគម្រោងចំនួន ៥សម្រាប់លក់ឆ្នាំនេះ។ សរុបមកក្នុងរយៈពេល ១៩ខែកន្លងមកនេះ ក្រុមហ៊ុនបានបើកគម្រោងលក់ចំនួន ១០ ។ ទន្ទឹមនេះ Samana Developers រំពឹងថានឹងបើកគម្រោងចំនួន ១២ សម្រាប់លក់ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ៕
 

Tag:
 ឌូបៃ
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com