ជាតិ
បុរសវ័យ៥០ឆ្នាំម្នាក់នៅខេត្តស្វាយរៀង ស្លាប់ដោយសារជំងឺផ្តាសាយបក្សី(H5N1)
08, Oct 2023 , 8:23 pm        
រូបភាព
បុរសវ័យ ៥០ឆ្នាំ ម្នាក់ រស់នៅឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី(H5N1)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៨ តុលានេះ។



នេះគឺជាករណីស្លាប់ទី៣៩ ក្នុងចំណោមករណីរផ្តាសាយបក្សីទី៥៨ ដែលបានកើតលើមនុស្សចាប់តាំងពីឆ្នាំ២០០៥មក ហើយនេះគឺជាករណីទី២ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣នេះ។ បើតាមក្រសួងសុខាភិបាល ថ្មីៗនេះ ផ្ទះអ្នកជិតខាងបុរសនេះ បានទិញមាន់យកមកស្តុកទុកលក់ ហើយបន្ទាប់មក ក៏មានមាន់នៅផ្ទះជនរងគ្រោះ និងមាន់អ្នកជិតខាងផ្សេងទៀតងាប់ប្រមាណ៥០ក្បាល។ មាន់ងាប់ទាំងនោះ ក៏ត្រូវបានអ្នកភូមិចែកគ្នាបរិភោគដែរ។  

ក្រុមឆ្លើយតបបន្ទាប់របស់ក្រសួងសុខាភិបាល និងអ្នកជំនាញ បាននិងកំពុងអង្កេតស្រាវជ្រាវស្វែងរកប្រភពការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកផ្សេងទៀតក្នុងសហគមន៍។ ទន្ទឹមនឹងនេះ ​ក្រសូងសុខាភិបាល រំឭកជាថ្មីដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីនេះ ដែលវានៅតែបន្តគំរាមកំហែងដល់ពលរដ្ឋពិសេសកុមារ និងក្រុមមានហានិភ័យ ឬភាពងាយរងគ្រោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com