កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ឈ្នះ Man City ក្នុងលីគកំពូលអង់គ្លេសលើកដំបូងតាំងពីឆ្នាំ ២០១៥
09, Oct 2023 , 10:41 am        
រូបភាព
ខ្សែប្រយុទ្ធ Gabriel Martinelli រកបានគ្រាប់បាល់ចុងម៉ោងជួយក្រុម Arsenal យកឈ្នះលើក្រុមការពារជើងឯក Manchester City លទ្ធផល ១-០ នៅក្នុងទឹកដីកីឡដ្ឋាន Emirate។ ១គ្រាប់ជ័យជម្នះពីសំណាក់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានជួយឱ្យក្រុមកាំភ្លើងធំបានយកឈ្នះការប្រកួតលើកដំបូងលើក្រុម Man City ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៥។



ការខកចិត្តដ៏ធំសម្រាប់ក្រុមការពារជើងឯក បានកើតឡើងនៅក្នុង ៤នាទី ចុងក្រោយនៃការប្រកួត ក្រោយពេលដែលក្រុមទាំងពីរបានឆ្លងកាត់ការប្រកួតរយៈពេលជាយូនិងមានភាពប្រុងប្រយ័ត្នរៀងៗខ្លួន ដើម្បីអាចយកពិន្ទុពីការប្រកួត។ Martinelli ដែលប្តូរចូលនៅដើមវគ្គទីពីរនាទី៤៦ បានស៊ុតគ្រាប់បាល់យ៉ាងល្អនៅនាទី៨៦ ។
 
ក្រុមកាំភ្លើងធំមិនដែលយកឈ្នះលើក្រុម Man City ចាប់តាំងពីឆ្នាំ ២០១៥ ដោយការប្រកួត ១៥លើក គឺក្រុមស្ថិតក្នុងទីក្រុងឡុងដ៍ មិនដែលឈ្នះការប្រកួតឡើយ ភាគច្រើនចាញ់ និងស្មើតែប៉ុណ្ណោះ។ ១៥ប្រកួតមិនដែលឈ្នះលើ Man City បានក្លាយជាការចាញ់វែងបំផុតរបស់ Arsenal នៅក្នុងប្រវត្តិសាស្ត្រលីគដែលក្រុមទាំងពីរបានប៉ះគ្នា។
 
Arsenal អបអរសម្រាប់ការយកបានជ័យជម្នះលើក្រុមជើងខ្លាំង Man City ​បានធ្វើឱ្យក្រុមរបស់លោក Mikel Arteta ដណ្តើមបាន ៣ពិន្ទុ ហើយបន្តឡើងឈរប្រជែងនៅចំណាត់ថ្នាក់កំពូលតារាងជាមួយនឹងក្រុម ដែលកំពុងតែឡើងជើងខ្លាំង Tottenham Hotspur ដោយមាន ២០ពិន្ទុដូចគ្នា។
 
ការប្រកួតដែលធ្វើឡើងនៅថ្ងៃទី៨ ខែតុលា​ ចំនួន ៤គូ មានតែក្រុម Arsenal តែប៉ុណ្ណោះដែលបានយកឈ្នះការប្រកួត ចំណែកក្រុមចំនួន ៣ ផ្សេងទៀតបានប្រកួតស្មើគ្នាទាំងអស់។
 
ក្រុម Brighton & Hove Albion បានប្រកួតវាយបកស្មើ ២-២ ទល់និងក្រុម Liverpool នៅក្នុងកីឡដ្ឋាន The American Express Community។ កីឡាករ Simon Adingra បានស៊ុតបើកឆាកសម្រាប់ក្រុមដឹកនាំដោយលោក ​Roberto de Zerbi នៅនាទី២០ មុនពេលត្រូវបានកីឡាករ Mohamed Salah ស៊ុតបាល់ ២គ្រាប់មកវិញនៅនាទី៤០ និង ៤៥+១ នៅត្រឹមវគ្គទីមួយ តែយ៉ាងណានៅវគ្គទីពីរខ្សែការពារ Lewis Dunk បានស៊ុតបាល់តាមស្មើមកវិញនៅនាទី៦៧។
 
West Ham United ក៏រកបាន ១ពិន្ទុពីការប្រកួតស្មើ ២-២ ទល់នឹងក្រុម Newcastle United ក្នុងកីឡដ្ឋាន London។ ចំណែកក្រុម Aston Villa តាមស្មើ ១-១ លើក្រុមម្ចាស់ផ្ទះ Wolves ដើម្បីបន្តឈរនៅចំណាត់ថ្នាក់លេខ ៥ ដដែល៕
 

Tag:
 Arsenal
  Manchester City
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com