កីឡាអន្តរជាតិ
អន្តរជាតិ
​UEFA ផ្អាកសកម្មភាពបាល់ទាត់ក្នុងប្រទេសអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាព
09, Oct 2023 , 11:38 am        
រូបភាព
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានសម្រេចចិត្តផ្អាកការប្រកួតទាំងអស់ ដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែល នៅ ២សប្តាហ៍ខាងមុខ ដើម្បីការពារសុវត្ថិភាព ក្រោយមានការវាយប្រហារមួយ​ នៅក្នុងតំបន់កាហ្សារវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។



បើតាមរដ្ឋាភិបាលអ៊ីស្រាអែល គិតតាំងពីថ្ងៃទី៧ ខែតុលាមក ប្រជាជនអ៊ីស្រាអែល ជាង ១០០០នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅតំបន់កាហ្សា។​ 
 
ស្ថាប័ន UEFA បាននិយាយថាការប្រកួតជម្រុះ Euro 2024 រវាងអ៊ីស្រាអែល​ ទល់នឹងក្រុមស្វ៊ីស នៅថ្ងៃទី១២ ខែតុលា ក៏ស្ថិតក្នុងចំណោមការប្រកួតដែលត្រូវបានផ្អាក ដោយគិតពីស្ថានភាពសន្តិសុខបច្ចុប្បន្ន។ ពេលវេលាការប្រកួតជាក់លាក់នឹងត្រូវបានបញ្ជាក់ពីសំណាក់ UEFA នៅពេលក្រោយ។
 
«​​UEFA នឹងបន្តតាមដានស្ថានការណ៍ដ៏លឿនមួយនេះ ហើយនឹងនៅតែទាក់ទងជាមួយនឹងក្រុមទាំងអស់ដែលពាក់ព័ន្ធ មុនពេលដែលធ្វើការសម្រេចចិត្តលើការបរិច្ឆេទថ្មី និងលើការផ្លាស់ប្តូរសក្តានុពលចំពោះការប្រកួតនាពេលខាងមុខផ្សេងទៀត។»។ ​នេះបើតាមសេចក្តីថ្លែងការណ៍របស់ UEFA។
 
UEFA ក៏បានអះអាងថា កំពុងតែមើលកាលៈទេសៈសម្រាប់ការសម្រេចចិត្ត សម្រាប់ការប្រកួតរបស់ក្រុមអ៊ីស្រាអែល នៅការប្រកួតជម្រុះ European Championship ក្នុងប្រទេសកូសូវូ ដែលធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា។
 
ការប្រកួតដែលត្រូវធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែល ហើយនឹងត្រូវបានផ្អាកបណ្តោះអាសន្ន៖
ការប្រកួតជម្រុះ European Championship 2024 រវាងអ៊ីស្រាអែល ទល់នឹងស្វ៊ីស ថ្ងៃទី១២ ខែតុលា។
ការប្រកួតជម្រុះ European U21 Championship 2025 រវាងអ៊ីស្រាអែល ទល់នឹង អេស្តូនី ថ្ងៃទី១២ និងថ្ងៃទី១៧ ខែតុលា​ ។
ការប្រកួត European U17 Championship 2024 ចាប់ពីថ្ងៃទី១១ ដល់ ១៧ ខែតុលា ដែលជាការប្រកួតរវាងអ៊ីស្រាអែល, ប៊ែលហ្ស៊ិក, ហ្ស៊ីប្រាល់តា និងវែលស៍​៕

Tag:
 UEFA
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com