កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាអេឡិចត្រូនិក៖ ក្រុម See You Soon នឹងតំណាងកម្ពុជាក្នុងការប្រកួត MPLI និង M5 World Championship
09, Oct 2023 , 2:29 pm        
រូបភាព
ក្រុមកីឡាអេឡិចត្រូនិក See You Soon គ្រងជើងឯកពានរង្វាន់ ​Mobile Legends Bang Bang Professional League (MPL Cambodia) រដូវកាលទី៥ និងជាលើកទី២ តាមរយៈការយកឈ្នះ CFU Gaming ដោយលទ្ធផល ៤-៣ វគ្គផ្តាច់ព្រ័ត្រ។ See You Soon នឹងក្លាយជាក្រុមតំណាងឱ្យកម្ពុជា ប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី  MPLI​ នៅឥណ្ឌូណេស៊ី និង M5 World Championship នៅហ្វីលីពីន។



ការប្រកួតកាត់សេចក្តីដែលមាន ៧វគ្គ ដើម្បីស្វែងរកក្រុមជើងឯកសម្រាប់រដូវកាលទី៥ នៃលីគកីឡាអេឡិចត្រូនិកដ៏ធំក្នុងប្រទេសកម្ពុជា ក្រុម See You Soon និង​ CFU Gaming បានផ្តល់ការប្រកួតដ៏ស្វិតស្វាញ និងជក់ចិត្តបំផុតដែលមិនធ្លាប់មានទៅកាន់អ្នកគាំទ្រ។ ឆ្លងកាត់ការប្រកួតរយៈពេលជាង ២ខែ កន្លងមក ចាប់តាំងពីវគ្គ Regular Season ក្រុមទាំងពីបានឆ្លងការប្រកួតដ៏ស្វិតស្វាញជាច្រើន ហើយក៏ធ្លាប់បានប៉ះគ្នារួចមកហើយដែរ មុនពេលមកជួបគ្នាសាជាថ្មីនៅក្នុងវគ្គ Playoffs ដណ្តើមពានរង្វាន់។
 
នៅការប្រកួតវគ្គ Playoffs ដែលធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ទី៨ ខែតុលា ក្រុមម្ចាស់ជើងឯក​ ​See You Soon បានឆ្លងកាត់ការប្រកួតតាំងពីវគ្គជម្រុះ Playoffs Bracket ដោយពួកគេបានប៉ះក្រុម PRO Esports ហើយបានយកឈ្នះការប្រកួតនោះដោយលទ្ធផល ៣-១ មុនពេលបន្តដំណើរទៅកាន់ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Upper Bracket ហើយយកឈ្នះលើក្រុម BURN x Flash ដោយលទ្ធផល ៣-០ ដូចគ្នា។ See You Soon បានឡើងទៅប៉ះ CFU Gaming ម្តងរួចមកហើយនៅវគ្គផ្តាច់ព្រ័ត្រ Upper Bracket ហើយបានយកឈ្នះការប្រកួតដោយលទ្ធផលដ៏ស្វិតស្វាញដូចគ្នាលទ្ធផល ៣-២ ។ 
  


ក្រុម CFU Gaming បានឆ្លងកាត់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយយកឈ្នះលើក្រុម ​Team MAX លទ្ធផល ៣-១ ដើម្បីទៅប៉ះក្រុម See You Soon នៅវគ្គផ្តាច់ព្រ័ត្រ Upper Bracket ប៉ុន្តែពួកគេត្រូវបានធ្លាក់ទៅកាន់តំបន់ Lower Bracket ក្រោយចាញ់ការប្រកួត ៣-២។ យ៉ាងណា CFU នៅតែអាចបន្តវិលត្រលប់ទៅប៉ះ See You Soon នៅវគ្គផ្តាច់ព្រ័ត្រ​(Grand Finals) ក្រោយពួកគេបានទម្លាក់ក្រុម BURN x FLASH ដោយលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ Lower Bracket។
 
See You Soon បន្តយកឈ្នះលើ CFU Gaming នៅវគ្គផ្តាច់ព្រ័ត្រ ហើយឈ្នះការប្រកួតនេះបានធ្វើឱ្យក្រុមកីឡាអេឡិចត្រូនិក មួយនេះបានក្លាយជាក្រុមគ្រងជើងឯក ២សម័យកាល ដែលការឈ្នះលើកដំបូងរបស់ពួកគេ គឺតាំងពីរដូវកាលទី១ មក។ សម្រាប់ក្រុម CFU វិញនេះ គឺជាបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រនៃ ​MPL Cambodia ពីររដូវកាលជាប់គ្នា។


 
ក្លាយជាក្រុមឈ្នះជើងឯក ២សម័យកាល See You Soon តាមស្មើកំណត់ត្រាក្រុម BURN x Flash ដែលឈ្នះជើងឯក ២សម័យកាលដូចគ្នានៃការប្រកួតលីគអាជីព Mobile Legends របស់ប្រទេសកម្ពុជា។ 
 
គ្រងជើងឯកលីគ MPL Cambodia រដូវកាលទី៥ បានផ្តល់ឱកាសដល់ក្រុម See You Soon ដើម្បីក្លាយជាក្រុមតំណាងឱ្យប្រទេសកម្ពុជា សម្រាប់ការប្រកួតនៅក្នុងពានរង្វាន់ Mobile Legends Professional League Invitational ដែលធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី នៅក្នុងខែវិច្ឆិកា និងការប្រកួតពានរង្វាន់លំដាប់ពិភពលោក M5 World Championship នៅក្នុងប្រទេសហ្វីលីពីន នៅក្នុងខែធ្នូខាងមុខ៕

Tag:
 កីឡាអេឡិចត្រូនិក
  MPL Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com