កីឡាអន្តរជាតិ
អន្តរជាតិ
លោក Blatter អតីតមេ FIFA រិះគន់ការរៀបចំ World Cup ក្នុងប្រទេសចំនួន៦
09, Oct 2023 , 4:12 pm        
រូបភាព
លោក Sepp Blatter អតីតប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានរិះគន់ចំពោះការសម្រេចចិត្តពីសំណាក់ស្ថាប័នបាល់ទាត់អន្តរជាតិក្នុងការរៀបចំការប្រកួត World Cup ឆ្នាំ ២០៣០ នៅប្រទេសចំនួន ៦ផ្សេងគ្នា​ដែលមកពីទ្វីបចំនួន៣។



បើតាមការប្រកាសដ៏ភ្ញាក់ផ្អើលពីសំណាក់ FIFA កាលពីថ្ងៃទី៤ ប្រទេសអេស្ប៉ាញ, ព័រទុយហ្កាល់ និងម៉ារ៉ុក ត្រូវបានក្លាយជាប្រទេសដែលត្រូវបានជ្រើសរើសសម្រាប់ការរៀបចំព្រឹត្តិការណ៍ World Cup 2030 ខណៈដែលប្រទេសអ៊ុយរូហ្កាយ, ប៉ារ៉ាហ្កាយ និងអាហ្សង់ទីន នឹងរៀបចំការប្រកួតបើកឆាកចំនួន ៣ប្រកួត ដើម្បីអបអរដល់ការគម្រប់ខួប ១០០ឆ្នាំ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ 
 
ការសម្រេចចិត្តនេះបានរងការរិះគន់ពីសំណាក់លោក Sepp Blatter អតីតមេរបស់ FIFA ដែលធ្លាប់ដឹកនាំ ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៥ មុនពេលត្រូវបានដកចេញពីតំណែងក្រោយពេលមានការការ​ស៊ើប​អង្កេត​លើបញ្ហាអំពើពុករលួយ។
 
«វាជារឿងមិនទំនងទាល់តែសោះក្នុងការបំបែកការប្រកួតរបៀបនេះ។ ការប្រកួតជុំផ្តាច់ព្រ័ត្រ World Cup ត្រូវតែជាព្រឹត្តិការណ៍ដែលធ្វើរួមនៅតំបន់តែមួយ។ សម្រាប់ហេតុផលប្រវត្តិសាស្ត្រ World Cup 2030 អាចត្រូវធ្វើឡើងនៅទ្វីបអាម៉េរិកខាងត្បូងតែម្តង»។ លោក Blatter បាននិយាយប្រាប់កាសែតស្វ៊ីស SonntagsBlick បែបនេះ។
 
Blatter ដែលធ្លាប់ជាឥស្សរជនដ៏មានឥទ្ធិពលបំផុតរបស់កីឡាបាល់ទាត់ ធ្លាប់បានរិះគន់ FIFA សម្រាប់ផ្តល់ការប្រកួតពានរង្វាន់លំដាប់ពិភពលោកក្នុងឆ្នាំ ២០២២ ទៅកាន់ប្រទេសកាតា ដោយនិយាយថាប្រទេសមជ្ឈឹមបូពា៍មួយនេះគឺតូចពេកសម្រាប់ធ្វើជាទីកន្លែងប្រកួត។
 
បុរសវ័យ ៨៧ឆ្នាំ បានអះអាងទៀតថា ការប្រកួត World Cup ឆ្នាំ ២០៣០ គួរតែធ្វើឡើងនៅក្នុងទ្វីបអាម៉េរិកខាងត្បូងតែម្តងដើម្បីគម្រប់ខួប ១០០ឆ្នាំ នៃការបង្កើតការប្រកួតបាល់ទាត់ពិភពលោកលើកដំបូង ដែលធ្វើឡើងនៅក្នុងប្រទេសអ៊ុយរូហ្កាយ៕
 

Tag:
 World Cup
  Sepp Blatter
© រក្សាសិទ្ធិដោយ thmeythmey.com