កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានស្តីទី OCA៖ កីឡាអាស៊ី កន្លែងជួបជុំប្រទេសអាស៊ី ពង្រឹងចំណងមិត្តភាព សាមគ្គីភាពកាន់តែរឹងមាំ
09, Oct 2023 , 6:59 pm        
រូបភាព
លោក Raja Randhir Singh ប្រធានស្ដីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី រូបពី OCA
លោក Raja Randhir Singh ប្រធានស្ដីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី រូបពី OCA
ព្រឹត្តិការណ៍ប្រកួតកីឡា ជាពិសេសកីឡាអាស៊ី ជាផ្នែកមួយ នៃការប្រមូលផ្ដុំប្រទេសក្នុងតំបន់អាស៊ី ជួបជុំគ្នា និងបង្កើតចំណងមិត្តភាព ឲ្យកាន់តែរឹងមាំ។ នេះជាការលើកឡើងរបស់លោក Raja Randhir Singh ប្រធានស្ដីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ក្នុងពិធីបិទកីឡា អាស៊ី (Asian Games) លើកទី១៩ នៅទីក្រុងហាងចូវ ប្រទេសចិន នាយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដោយលើកសរសើរប្រទេសចិន ថាបានធ្វើជាម្ចាស់ផ្ទះ ប្រកបដោយភាពល្អឥតខ្ចោះ។



នេះ គឺជាលើកទី៣ ហើយដែលចិន បានធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអាស៊ី ហើយក៏ជាលើកទី១៩ ដែលព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីចាប់ផ្ដើមដំបូងនៅឆ្នាំ១៩៥១ នៅប្រទេសឥណ្ឌា។ ចិន បានធ្វើម្ចាស់ផ្ទះដំបូងនៅទីក្រុងប៉េកាំង ឆ្នាំ១៩៩០, លើកទី២ នៅទីក្រុង គ័ងចូវ ឆ្នាំ២០១០ និងលើកទី៣ នៅទីក្រុងហាងចូវ ឆ្នាំ២០២៣។ 
 
លោក Raja Randhir Singh  បានសរសើរ ចិន ធ្វើម្ចាស់ផ្ទះបាន ល្អ និងមានភាពឥតខ្ចោះ។ ក្នុងពិធីបិទនោះ ប្រធានរូបនេះ បង្ហាញភាពរីករាយ ប៉ុន្ដែក៏សោកស្ដាយ ចំពោះពេលវេលាជួបជុំគ្នារវាងប្រទេសទាំងអស់មានកំណត់ គឺត្រឹមតែរយៈពេលជាង ២០ថ្ងៃ នៃការប្រកួតប៉ុណ្ណោះ។ «ជម្រាប់លា! ហាងចូវ ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ត្រូវបានបញ្ចប់។ អ្នក បានធ្វើជាម្ចាស់ផ្ទះ ដ៏ល្អឥតខ្ចោះ។ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នឹងមិនភ្លេច កីឡាអាស៊ីនេះឡើយ។»។ ប្រធានស្ដីទី OCA រូបនេះ បាននិយាយលើវេទិការដូច្នេះ។
  
ពិធីបិទកីឡាអាស៊ី លើកទី១៩ រូបពី Hangzhou 2023

ព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ីនេះ ត្រូវបានលោក Raja Randhir Singh ចាត់ទុកថាជាចលនាមួយ ដែលផ្ដល់ឱកាសឲ្យប្រទេសទាំងអស់ក្នុងទ្វីបអាស៊ី បានជួបជុំគ្នា និងពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាពកាន់តែខ្លាំងឡើងៗ។ បន្ថែមជាងនេះទៀត ប្រធានស្ដីទីរូបនេះ ជឿថាប្រតិភូកីឡា ដែលចូលរួម នឹងចងចាំនូវស្នាមញញឹមរបស់ប្រជាជនចិន។
 
យោងទៅលើការផ្សាយរបស់ Olympic Council of Asia លោក Raja Randhir Singh បាននិយាយដូច្នេះថា៖«កម្លាំង នៃកីឡា កម្លាំង នៃកីឡាអាស៊ី គឺនាំឲ្យពួកយើង រួបរួមគ្នា នៅក្នុងជីវិតនេះ។ ខ្ញុំ សូមអរគុណរដ្ឋាភិបាលចិន គណៈកម្មាធិការអូឡាំពិកចិន ប្រជាជនក្រុងហាងចូវ និងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីក្រុងហាងចូវ សម្រាប់ព្រឹត្តិការណ៍ ដ៏ល្អនេះ។ យើង នឹងនៅចង់ចាំក្នុងបេះដូងរបស់យើង បច្ចុប្បន្ន ដល់ថ្ងៃអនាគត។»។
 
ដោយឡែក បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅទីក្រុងហាងចូវ ប្រទេសចិន ត្រូវបានលា គឺត្រូវដល់វេន ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ នៅទីក្រុង Aichi-Nagoya។
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ប្រទេសចិន បានដាក់កីឡា ៤០ប្រភេទ គិតជាវិញ្ញាសា ៤៨១ ដោយមាន ៤៥ប្រទេសចូលរួម។ ក្នុងចំណោម ៤៥ប្រទេសចូលរួមនោះ ៤ប្រទេស មិនឈ្នះមេដាយសោះ ក្នុងនោះមាន ប៊ូតង់, ទីម័រខាងកើត, ម៉ាលឌីវ និងយេម៉ែន។ ចំណែកកម្ពុជា ឈ្នះមេដាយសំរិទ្ធ១ ឈរចំណាត់ថ្នាក់លេខ៣៨ ខណៈម្ចាស់ផ្ទះ ចិនលេខ១, ជប៉ុន លេខ២ និងកូរ៉េងខាងត្បូងលេង៣៕
 

Tag:
 កីឡាអាស៊ី
  Raja Randhir Singh
© រក្សាសិទ្ធិដោយ thmeythmey.com