សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃ​ប្រេង​កើនជាង​ ៤ភាគរយ ក្រោយ​​ការ​វាយ​ប្រហារ​លើអ៊ីស្រាអែល
09, Oct 2023 , 8:19 pm        
រូបភាព
រោងចក្រផលិតប្រេងនៅអ៊ីរ៉ង់ ។ រូបភាព ​៖  AFP ។
រោងចក្រផលិតប្រេងនៅអ៊ីរ៉ង់ ។ រូបភាព ​៖ AFP ។
តម្លៃប្រេងបានកើនឡើងជាង៤ភាគរយ ខណៈជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់បានអូសបន្លាយ៣ថ្ងៃមកហើយ។

 
សន្ទស្សន៍ភាគហ៊ុនពិភពលោកបង្ហាញថា ប្រេង Brent  បានជួញដូរខ្ពស់ជាង ៤,៥៣ភាគរយដែលមានតម្លៃ ៨៨,៤១ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅអាម៉េរិក  WTI បានកើនឡើង ៤,៦៩ភាគរយដល់តម្លៃ ៨៨,៦៧ដុល្លារក្នុងមួយបារ៉ែលនាព្រឹកថ្ងៃទី៩ ខែតុលានេះ។ 
 
ភាគីទាំងពីរនេះមិនមែនជាប្រទេសដែលផលិតប្រេងសំខាន់របស់ពិភពលោកនោះទេ។ យ៉ាងណាមិញ ជម្លោះនេះបានកើតឡើងនៅតំបន់ផលិត និងនាំចេញប្រេងដ៏សំខាន់មួយសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ ​ អ៊ីរ៉ង់​ដែល​ដែលជាអ្នកផលិត​ប្រេង​​ធំមួយនោះ កំពុងមាន​ការ​ព្រួយ​បារម្ភចំពោះទីផ្សារប្រេងរបស់ខ្លួន។
 
លោក Vivek Dhar នាយកផ្នែកស្រាវជ្រាវធនធានរ៉ែ និងថាមពលរបស់ធនាគារ Commonwealth បាននិយាយថា ប្រសិនបើបណ្តាប្រទេសលោកខាងលិចភ្ជាប់ទំនាក់ទំនងអ៊ីរ៉ង់ជាមួយការវាយប្រហាររបស់ក្រុមហាម៉ាស នោះការផ្គត់ផ្គង់ និងការនាំចេញប្រេងរបស់អ៊ីរ៉ង់ប្រឈមនឹងហានិភ័យធ្លាក់ចុះជាមិនខាន។
 
កាលពីថ្ងៃទី៧ ខែតុលា ចលនាឥស្លាមហាម៉ាសបានបើកការវាយប្រហារយោធាទ្រង់ទ្រាយធំចូលអ៊ីស្រាអែលដោយបានសម្លាប់មនុស្សជាច្រើន និងបង្កឱ្យមានការវាយប្រហារតាមអាកាសវិញពីសំណាក់អ៊ីស្រាអែលនៅតំបន់កាហ្សា។
 
យោងតាមសារព័ត៌មាន NBC មកទល់ពេលនេះយ៉ាងហោចណាស់ប្រជាជនអ៊ីស្រាអែល ៧០០នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ ខណៈក្រសួងសុខាភិបាលប៉ាឡេស្ទីនបានកត់ត្រាអ្នកស្លាប់ចំនួន ៣១៣ នាក់៕ 

Tag:
 ប្រេង
  ហាម៉ាស
 ​ ​អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com