សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ​ដាក់គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែនដល់ ៣២ពាន់​លានដុល្លារនៅឆ្នាំក្រោយ
09, Oct 2023 , 9:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ក្រសួងពាណិជ្ជកម្មថៃបានអះអាងថា ខ្លួនគ្រោងនឹងផ្សព្វផ្សាយផលិតផលសហគមន៍ផ្សេងៗ ផលិតផលសម្គាល់ភូមិសាស្ត្រ និងការធ្វើសិទ្ធិផ្តាច់មុខសម្រាប់ទំនិញមួយចំនួន ដើម្បីបង្កើនទំហំពាណិជ្ជកម្មតាមព្រំដែនឲ្យដល់ ៣២,៣៣ពាន់លានដុល្លារ។

 
ក្រសួងពាណិជ្ជកម្មថៃបានដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឆ្លងដែនឲ្យបាន ១,២ទ្រីលានបាត (ប្រហែល ៣២,៣៣ ពាន់លានដុល្លារ) នៅឆ្នាំ២០២៤ កើនឡើង ២០ភាគរយ ធៀបនឹងការប៉ាន់ប្រមាណ ១ទ្រីលានបាតក្នុងឆ្នាំនេះ។
 
ដើម្បីសម្រេចបាននូវគោលដៅនេះ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Napintorn Srisunpang បាននិយាយថា ក្រសួងគ្រោងនឹងផ្សព្វផ្សាយផលិតផលសហគមន៍ផ្សេងៗ ផលិតផលសម្គាល់ភូមិសាស្ត្រ និងការផ្តល់សិទ្ធិពាណិជ្ជកម្មផ្តាច់មុខជាដើម​។
 
លើសពីនេះ ក្រសួងគ្រោងរៀបចំការតាំងពិព័រណ៍ និងព្រឹត្តិការណ៍ផ្លាស់ប្តូរពាណិជ្ជកម្ម ដោយអញ្ជើញមន្ត្រីមកពីប្រទេសជិតខាង និងសមាគមពាណិជ្ជកម្មបរទេសមកពិភាក្សាអំពីវិធីកាត់បន្ថយរបាំងពាណិជ្ជកម្ម។
 
បើតាមលោក Napintorn សកម្មភាពជំរុញពាណិជ្ជកម្មតាមព្រំដែនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំបូងនៅក្នុងតំបន់ពាណិជ្ជកម្មតាមព្រំដែនសំខាន់ៗ ដូចជា Chiang Rai, Mae Sot នៅ Tak ព្រំដែនមីយ៉ាន់ម៉ា Sadao-Padang Besar នៅ Songkhla ព្រំដែនម៉ាឡេស៊ី Nong Khai ព្រំដែនឡាវ  និង Surin  BuriRam ជាមួយព្រំដែនកម្ពុជា។ 
 
« មានការព្រួយបារម្ភច្រើនអំពីអំណាចទិញរបស់ប្រទេសជិតខាងដូចជា មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដែលកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ប៉ុន្តែយើងជឿជាក់ថា ទំនិញប្រើប្រាស់របស់ថៃនៅតែពេញនិយមសម្រាប់ទីនោះ ដោយសារគុណភាព និងតម្លៃសមរម្យ ។ យើង​ក៏​នឹង​ជំរុញ​ពាណិជ្ជកម្ម​តាម​ព្រំដែន​ជាមួយ​ចិន​ផង​ដែរ»។ នេះបើតាមការអះអាងរបស់លោក Napintorn ។ 
 
អាជ្ញាធរពាណិជ្ជកម្មថៃក៏កំពុងព្យាយាមជំរុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (SMEs) និងលើកកំពស់សមត្ថភាពនាំចេញនៃវិស័យអាជីវកម្មនេះ។ តួលេខរបស់ក្រសួងពាណិជ្ជកម្មថៃបង្ហាញថា មានតែក្រុមហ៊ុនចំនួន ៩០០ពាន់ក្រុមហ៊ុនប៉ុណ្ណោះក្នុងចំណោមក្រុមហ៊ុនដែលបានចុះបញ្ជីប្រហែល ២លានក្រុមហ៊ុនដែលកំពុងដំណើរការអាជីវកម្ម។
 
តួលេខស្តីពីទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែនបានកើនដល់ប្រហែល ១ទ្រីលានបាតកាលពីឆ្នាំមុន ហើយប្រាក់ចំណូលភាគច្រើនត្រូវបានបង្កើតឡើងដោយសាជីវកម្មធំៗស្មើនឹង ៩០ភាគរយនៃតម្លៃនាំចេញ ហើយមានតែ ១០ភាគរយបានមកពីសហគ្រាសធុនតូច និងមធ្យម។ កាលពីឆ្នាំមុន ប្រាក់ចំណូលនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមបានធ្លាក់ចុះ ៦ភាគរយ។
 
លោក Napintorn បាននិយាយថា សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសអភិវឌ្ឍន៍បានចូលរួមចំណែកពី ៤០ទៅ៥០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ ចំណែក ការរួមចំណែករបស់សហគ្រាសធុនតូច និងមធ្យមថៃចំពោះ GDP មានត្រឹមតែ ៣៤ភាគរយប៉ុណ្ណោះ។ គោលដៅរបស់ក្រសួងពាណិជ្ជកម្មថៃ គឺដើម្បីបង្កើនអត្រាការរួមចំណែករបស់សហគ្រាសធុនតូច និងមធ្យមទៅក្នុង GDP ឲ្យបាន៣៥,២ភាគរយ៕
 

Tag:
 ទំហំពាណិជ្ជកម្ម ​
  ថៃ
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com