សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ស្ត្រីអាម៉េរិកដែលស្រាវជ្រាវឥទ្ធិពលស្ត្រីចំពោះទីផ្សារការងារ ឈ្នះពានរង្វាន់ណូបែលសេដ្ឋកិច្ច២០២៣
10, Oct 2023 , 11:59 am        
រូបភាព
 រង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចត្រូវបានបង្កើតឡើង និងឧបត្ថម្ភដោយធនាគារកណ្តាលស៊ុយអែតដែលចាប់ផ្តើមនៅក្នុងឆ្នាំ១៩៦៨ ដើម្បីអបអរសាទរខួបលើកទី៣០០ របស់ធនាគារ និងរំលឹកដល់លោក Alfred Nobel ។ រូបភាព AP
រង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចត្រូវបានបង្កើតឡើង និងឧបត្ថម្ភដោយធនាគារកណ្តាលស៊ុយអែតដែលចាប់ផ្តើមនៅក្នុងឆ្នាំ១៩៦៨ ដើម្បីអបអរសាទរខួបលើកទី៣០០ របស់ធនាគារ និងរំលឹកដល់លោក Alfred Nobel ។ រូបភាព AP
លោកស្រី Claudia Goldin គឺជាស្ត្រីទីបីដែលឈ្នះរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចក្នុងប្រវត្តិសាស្រ្ត ៥៥ឆ្នាំនៃពានរង្វាន់នេះដែលស្រាវជ្រាវអំពីផលប៉ះពាល់របស់ស្រ្តីនៅក្នុងទីផ្សារការងារ។

 
រាជបណ្ឌិត្យសភាវិទ្យាសាស្ត្រស៊ុយអែតបានប្រកាសថា រង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចឆ្នាំ២០២៣ បានទៅលើលោកស្រី Claudia Goldin ដែលជាជនជាតិអាម៉េរិក។ លោកស្រីបានទទួលរង្វាន់នេះតាមរយៈការស្រាវជ្រាវមានចំណងជើងថា ៖ « សម្រាប់ការបង្កើនការយល់ដឹងពិភពលោកអំពីផលប៉ះពាល់របស់ស្ត្រីនៅលើទីផ្សារការងារ»។
 
លោកស្រី Goldin មានអាយុ៧៧ឆ្នាំ បច្ចុប្បន្នជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Harvard ។ គណៈកម្មាធិការណូបែលបានចាត់ទុកថាលោកស្រី Goldin ជាមនុស្សដំបូងគេដែលផ្តល់នូវទិដ្ឋភាពដ៏ទូលំទូលាយអំពីប្រាក់ចំណូល និងការរួមចំណែករបស់ស្ត្រីចំពោះទីផ្សារការងារ។
 


លោកស្រីបានប្រមូលទិន្នន័យពីអាម៉េរិកអស់រយៈពេល២០០ឆ្នាំ។ គោលបំណងគឺដើម្បីស្វែងរកវិធី និងមូលហេតុនៃគម្លាតយេនឌ័រក្នុងប្រាក់ចំណូល និងអត្រាចូលរួមនៃកម្លាំងពលកម្ម។
 
ការផ្តោតអារម្មណ៍ចំពោះការស្រាវជ្រាវ គឺជាជម្រើសរបស់ស្ត្រីដែលតែងទទួលការរារាំងដោយអាពាហ៍ពិពាហ៍ និងទំនួលខុសត្រូវក្នុងគ្រួសារ។ ការស្រាវជ្រាវរបស់លោកស្រីមិនត្រឹមតែបង្ហាញពីនិន្នាការថ្មី និងបង្ហាញពីមូលហេតុនៃការផ្លាស់ប្តូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅទៅលើមូលហេតុចម្បងនៃវិសមភាពយេនឌ័រផងដែរ។
 
« ការយល់ដឹងអំពីតួនាទីរបស់ស្ត្រីនៅក្នុងទីផ្សារការងារគឺមានសារៈសំខាន់សម្រាប់សង្គម។ពឹងផ្អែកលើការស្រាវជ្រាវដ៏មុតស្រួចរបស់ Claudia Goldin យើងបានដឹងបន្ថែមអំពីកត្តាមូលដ្ឋាន និងឧបសគ្គដែលចាំបាច់ត្រូវដោះស្រាយ»។ លោក Jakob Svensson ប្រធានក្រុមប្រឹក្សាពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចបានសង្កត់ធ្ងន់បែបនេះ។ 
 
ការស្រាវជ្រាវរបស់ Goldin មិនបានផ្តល់ដំណោះស្រាយទេ។ យ៉ាងណាការរកឃើញរបស់លោកស្រីនឹងអាចជួយអ្នកធ្វើការពាក់ព័ន្ធដោះស្រាយបញ្ហាដែលកើតមានជាច្រើនឆ្នាំមកហើយ។
 
នៅទូទាំងពិភពលោក ស្ត្រីប្រហែល ៥០ភាគរយកំពុងចូលរួមក្នុងទីផ្សារការងារ។ អត្រានេះសម្រាប់បុរសគឺ ៨០ភាគរយ។ ប៉ុន្តែបច្ចុប្បន្ននេះ ស្ត្រីត្រូវបានទទួលបានប្រាក់ខែតិចជាង ហើយមានឱកាសតិចជាងមុនសម្រាប់ការរីកចម្រើនក្នុងអាជីពជាងបុរស ។
 
ក្នុងចំណោមរង្វាន់ណូបែលទាំងអស់ សេដ្ឋកិច្ចក៏ជាវិស័យដែលមានតំណាងស្ត្រីតិចបំផុតបានចូលរួម។ អស់រយៈពេល ៥៥ឆ្នាំនៃការបង្កើតពានរង្វាន់នេះមានតែស្ត្រី ៣នាក់ប៉ុណ្ណោះដែលបានឈ្នះ។ ក្នុងនោះមាន Elinor Ostrom ឆ្នាំ ២០០៩  Esther Duflo ក្នុងឆ្នាំ ២០១៩ និង Claudia Goldin នៅឆ្នាំនេះ។
 
កាលពីឆ្នាំមុន ពានរង្វាន់នេះត្រូវបានផ្តល់ឱ្យអតីតប្រធានធនាគារកណ្តាលអាម៉េរិក (Fed) លោក Ben Bernanke និងអ្នកវិទ្យាសាស្ត្រពីរនាក់គឺ Philip Dybvig និង Douglas Diamond ។ អ្នកទាំងនេះមានកិត្តិយសសម្រាប់ការស្រាវជ្រាវរបស់ពួកគេលើវិបត្តិធនាគារ និងហិរញ្ញវត្ថុ។
 
សេដ្ឋកិច្ចគឺជាប្រភេទពានរង្វាន់ចុងក្រោយដែលផ្តល់ណូបែលប្រចាំឆ្នាំនីមួយៗ បន្ទាប់ពីណូបែលផ្នែកវេជ្ជសាស្ត្រ រូបវិទ្យា គីមីវិទ្យា អក្សរសាស្ត្រ និងសន្តិភាព។ ណូបែល​សម្រាប់​សេដ្ឋកិច្ច​មិន​មែន​ជា​ផ្នែក​នៃ​រចនាសម្ព័ន្ធ​រង្វាន់​ដើម​របស់​អ្នក​វិទ្យាសាស្ត្រ​ស៊ុយអែត​ Alfred Nobel ទេ។ ពានរង្វាន់នេះត្រូវបានបន្ថែមនៅឆ្នាំ ១៩៦៨ ក្នុងឱកាសគម្រប់ខួប ៣០០ឆ្នាំនៃការបង្កើតធនាគារកណ្តាលស៊ុយអែត (Sveriges Riksbank) ហើយក៏បានផ្តល់មូលនិធិដល់ពានរង្វាន់នេះផងដែរ។
 
ដំណើរការនៃការតែងតាំង ការជ្រើសរើស និងការផ្តល់រង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចមានលក្ខណៈស្រដៀងនឹងវិស័យផ្សេងៗទៀត។ អ្នកវិទ្យាសាស្ត្រដែលឈ្នះរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចនៅឆ្នាំនេះ នឹងទទួលបានរង្វាន់ ១១លានក្រូណស៊ុយអែត (ប្រហែល ៩៨៦ពាន់ ដុល្លារ) ។
 
មក​ដល់​ពេល​នេះ រង្វាន់​ណូបែល​ផ្នែក​សេដ្ឋកិច្ច​ត្រូវ​បាន​ផ្តល់​ជូន​ចំនួន ៥៥ដង។ អ្នក​ដែល​ក្មេង​ជាងគេ​មាន​អាយុ​៤៦​ឆ្នាំ ហើយ​អ្នក​ចាស់​ជាងគេ​មាន​អាយុ​៩០​ឆ្នាំ​៕ 
 

Tag:
 ណូបែល
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com