សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជម្លោះអ៊ីស្រាអែល-ហាម៉ាស បង្កើនហានិភ័យដល់សេដ្ឋកិច្ចពិភពលោក
10, Oct 2023 , 5:19 pm        
រូបភាព
អស្ថិរភាពនៅមជ្ឈិមបូព៌ាអាចរុញច្រានធនាគារកណ្តាលនានា ត្រៀមយុទ្ធសាស្រ្តថ្មីដើម្បីប្រឆាំងនឹងកំណើនអតិផរណា។ វាហាក់ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលកន្លងមក ស្ទើរតែគ្មានប្រសិទ្ធភាព។

 
កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធហាម៉ាសបានវាយប្រហារអ៊ីស្រាអែលដោយបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំ។ អ៊ីស្រាអែល​បាន​សងសឹក​ដោយ​ការ​វាយ​ប្រហារ​តាម​ផ្លូវអាកាស​វិញជា​បន្ត​បន្ទាប់​លើ​តំបន់​កាហ្សា។ ទន្ទឹមនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន កំពុងតែធ្វើឱ្យស្ថានភាពពិភពលោកកាន់តែមានមិនស្ថិតស្ថេររួចទៅហើយ។
 
ផល​ប៉ះ​ពាល់​ពី​បញ្ហា​នេះ​អាច​ចំណាយ​ពេល​មួយ​រយៈ​ដើម្បី​មើលពីភាព​ច្បាស់​លាស់ជាងនេះ។ វាក៏អាស្រ័យទៅលើរយៈពេលដែលជម្លោះនេះអូសបន្លាយធ្ងន់ធ្ងរប៉ុណ្ណា និងថាតើវារីករាលដាលដល់ផ្នែកផ្សេងទៀតនៃតំបន់ដែរឬទេ។
 
លោក Agustin Carstens ប្រធានធនាគារទូទាត់អន្តរជាតិ (BIS) បាននិយាយថា វាលឿនពេកក្នុងការនិយាយអំពីផលប៉ះពាល់ដែលអាចកើតមាន ទោះបីជាប្រេង និងទីផ្សារភាគហ៊ុនមានប្រតិកម្មភ្លាមៗក៏ដោយ។
 
តម្លៃ​ប្រេង​ Brent និង WTI នៅ​ព្រឹកនេះ​បាន​កើន​ឡើង​រហូត​ដល់​ទៅ ៥ភាគរយ។ ប្រាក់​ដុល្លារ​ និង​ប្រាក់​យ៉េន​ជប៉ុន​ក៏​បាន​ឡើង​ថ្លៃ​ដែរ បើ​ធៀប​នឹង​រូបិយប័ណ្ណ​ផ្សេង​ទៀត។ ទីផ្សារភាគហ៊ុន និងមូលបត្របំណុលរបស់អ៊ីស្រាអែលបានធ្លាក់ចុះនៅថ្ងៃទី ៨ខែតុលា។ អាជីវកម្មជាបន្តបន្ទាប់នៅក្នុងប្រទេសនេះក៏ត្រូវបញ្ឈប់ប្រតិបត្តិការផងដែរ។
 
ជម្លោះនៅមជ្ឈិមបូព៌ាអាចបង្កើតបញ្ហាប្រឈមថ្មីសម្រាប់សេដ្ឋកិច្ចពិភពលោក។ កំណើនពិភពលោកកំពុងធ្លាក់ចុះរួចទៅហើយ។ ទីផ្សារអាម៉េរិកក៏កំពុងស្វែងរកមធ្យោបាយសម្របខ្លួនទៅនឹងលទ្ធភាពដែលធនាគារកណ្តាលរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់ក្នុងរយៈពេលយូរជាងការរំពឹងទុក។
 
លោក Carl Tannenbaum សេដ្ឋវិទូនៅក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ Northern Trust បានលើកឡើងថា អស្ថិរភាពសេដ្ឋកិច្ចណាមួយអាចពន្យារពេលការសម្រេចចិត្តគោលនយោបាយរបស់ប្រទេសនោះតាមរយៈបង្កើនការចំណាយហានិភ័យ និងបង្កឱ្យមានភាពចលាចលនៅក្នុងទីផ្សារប្រេង។ 
 
នៅសប្តាហ៍នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នឹងជួបប្រជុំគ្នាដើម្បីវាយតម្លៃសេដ្ឋកិច្ចពិភពលោក។ ស្ថានការណ៍នៅមជ្ឈិមបូព៌ា និងបញ្ហាពាក់ព័ន្ធទំនងជាការផ្តោតសំខាន់នៃការពិភាក្សាសម្រាប់មេដឹកនាំហិរញ្ញវត្ថុ។ សេដ្ឋកិច្ចពិភពលោកនៅតែមានការប្រែប្រួលដោយសារជំងឺកូវីដ-១៩ និងភាពតានតឹងពាណិជ្ជកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
 
សម្រាប់​ធនាគារ​កណ្តាល ស្ថានភាព​បច្ចុប្បន្ន​កំពុងបន្ត​រុញច្រាន​​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ។ ធនាគារកណ្តាលនឹងត្រូវពិចារណាថាតើជម្លោះនៅមជ្ឈិមបូព៌ានឹងធ្វើឱ្យអតិផរណាកើនឡើងម្តងទៀតឬអត់។ ដោយសារតែតំបន់នេះមិនត្រឹមតែមានប្រទេសផលិតប្រេងសំខាន់ៗដូចជាអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះទេ ថែមទាំងមានផ្លូវដឹកជញ្ជូនសំខាន់ៗផងដែរ។
 
បើតាមមន្ត្រីធនាគារកណ្តាលអាម៉េរិក (Fed) ការកើនឡើងតម្លៃថាមពលគឺជាហានិភ័យមួយចំពោះទស្សនវិស័យអតិផរណា។ ទន្ទឹមនេះ សេដ្ឋកិច្ចអាម៉េរិកអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ច ប្រសិនបើមិនមានការប៉ះទង្គិចគ្នាខ្លាំងក្លា ។
 
នៅពេលដែលជម្លោះផ្ទុះឡើងនៅក្នុងតំបន់ផលិតប្រេងដ៏សំខាន់របស់ពិភពលោក ប្រតិកម្មរបស់ពាណិជ្ជករ និងតាមបណ្តាប្រទេសដូចជាអ៊ីរ៉ង់ ឬអារ៉ាប៊ីសាអូឌីត នឹងត្រូវឃ្លាំមើលយ៉ាងដិតដល់ ដើម្បីមើលថាតើតម្លៃប្រេងឡើងថ្លៃឬយ៉ាងណា។ ប៉ុន្មានថ្ងៃបន្ទាប់នៃការជួញដូរភាគហ៊ុន និងសញ្ញាប័ណ្ណក៏នឹងបង្ហាញពីអ្វីដែលទីផ្សារកំពុងព្យាករពីលទ្ធផលផងដែរ។
 
លោក Karim Basta  ប្រមុខសេដ្ឋវិទូនៅវិទ្យាស្ថានហិរញ្ញវត្ថុ III Capital Management បានមើលឃើញថា ជម្លោះនេះអាចបង្កើនតម្លៃប្រេង បង្កើនអតិផរណា និងគំរាមកំហែងដល់ការរំពឹងទុកនៃកំណើន។ ធនាគារកណ្តាលនឹងត្រូវថ្លឹងថ្លែងថាតើតម្លៃខ្ពស់ឬកំណើនយឺតគឺគួរឱ្យព្រួយបារម្ភជាង។
 
មន្ត្រី Fed បច្ចុប្បន្នកំពុងតាមដានការវិវឌ្ឍន៍នៅក្នុងទីផ្សារមូលបត្របំណុលរបស់រដ្ឋាភិបាល អាម៉េរិក។ ទិន្នផលសញ្ញាប័ណ្ណរដ្ឋាភិបាលអាម៉េរិកបានកើនឡើងនាពេលថ្មីៗនេះ ដែលមានន័យថាអ្នកវិនិយោគចូលចិត្តដាក់ប្រាក់ទៅក្នុងបណ្តាញផ្សេងទៀតដែលមានហានិភ័យខ្ពស់។
 
យ៉ាងណាមិញ ប្រសិនបើការវិវត្តនៅមជ្ឈិមបូព៌ាបង្កើនការព្រួយបារម្ភអំពីសេដ្ឋកិច្ចពិភពលោក មូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិកនឹងមានប្រជាប្រិយភាពម្តងទៀត នៅពេលដែលវិនិយោគិនស្វែងរកទីជំរក ដែលនាំឱ្យអត្រាការប្រាក់ធ្លាក់ចុះ។
 
ក្នុងករណីផ្សេងទៀត ការធ្លាក់ចុះអត្រាការប្រាក់ត្រូវបានចាត់ទុកថាជាសញ្ញាវិជ្ជមាន ដែលលើកទឹកចិត្តមនុស្ស និងអាជីវកម្មឱ្យមានការចំណាយ។ ​ប៉ុន្តែធ្វើដូច​នេះ វា​អាច​បង្ហាញ​ថា​ហានិភ័យ​ថ្មី​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក​បាន​កើត​ឡើង៕
 

Tag:
 សេដ្ឋកិច្ចពិភពលោក
  មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com