កីឡាអន្តរជាតិ
អន្តរជាតិ
កាតានឹងប្រើកីឡដ្ឋានធ្លាប់រៀប World Cup ចំនួន៧ សម្រាប់ប្រកួត Asian Cup
11, Oct 2023 , 8:39 am        
រូបភាព
ការប្រកួតពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអាស៊ី Asian Cup 2023 ក្នុងប្រទេសកាតា នឹងធ្វើឡើងនៅក្នុងកីឡដ្ឋានចំនួន ៩ផ្សេងគ្នា ក្នុងនោះកីឡដ្ឋានដែលធ្លាប់បានរៀបចំការប្រកួត World Cup 2022 ចំនួន៧ នឹងមានវត្តមាន ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី ដែលធ្វើឡើងនៅដើមឆ្នាំ ២០២៤។ នេះបើតាមការប្រកាសរបស់អ្នករៀបចំការប្រកួតនៅថ្ងៃទី១០ ខែតុលា។



«យើងរំពឹងថានឹងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការប្រកួតដែលនឹងឃើញកីឡាករឆ្នើមមកពីទូទាំងទ្វីបអាស៊ីចូលរួមប្រកួតប្រជែងដើម្បីភាពរុងរឿងនៃតំបន់។»។ នេះបើតាមសម្តីរបស់លោក Hassan Al Kuwari នាយកប្រតិបត្តិទីផ្សារ និងទំនាក់ទំនងរបស់គណៈកម្មាធិការរៀបចំការប្រកួត។
 
ការប្រកួត Asian Cup 2023 នឹងធ្វើឡើងពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលការប្រកួតបើកព្រឹត្តិការណ៍ និងវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Lusail ដែលធ្លាប់បានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2022។ កីឡដ្ឋាន Lusail អាចផ្ទុកអ្នកទស្សនាបានចំនួន ៨៨,៩៦៦នាក់ ដែលត្រូវតាមស្តង់ដារនៃការរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup។
  


កីឡដ្ឋានចំនួន ៧ ធ្លាប់រៀបចំ World Cup 2022 ដែលនឹងរៀបចំការប្រកួត Asian Cup រួមមានកីឡដ្ឋាន​ Lusail, Al Bayt, Khalifa International, Al Janoub, Ahmad Bin Ali, Al Thumama និងកីឡដ្ឋាន Education City។ កីឡដ្ឋាន ២ ផ្សេងទៀតដែលនឹងរៀបចំការប្រកួត Asian Cup មាន Jassim Ben Hamad និង Abdulla bin Khalifa។
 
ម្ចាស់ផ្ទះកាតានឹងក្លាយជាក្រុមការពារជើងឯក បន្ទាប់ពីពួកគេបានឈ្នះជើងឯកកាលពីឆ្នាំ ២០១៩។ សម្រាប់ការប្រកួត Asian Cup 2023 ប្រទេសកាតា នឹងត្រូវស្ថិតនៅក្នុងពូល A ជាមួយនឹងក្រុមចិន, តាហ្ស៊ីគីស្ថាន និងលីបង់៕
 

Tag:
 កាតា​
  World Cup
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com