ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​ដែល​ជួយ​រក្សា​ក៏​ដូច​ជាបង្កើន​ថាមពល​ខួរក្បាល​ជំរុញ​ការ​ចង​ចាំ
16, Oct 2023 , 6:59 am        
រូបភាព
ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ដែល​ជួយ​ជម្រុញ​ថាមពល​ខួរក្បាល​ជា​ប្រចាំ​នោះ​អ្នក​អាច​កាត់​បន្ថយ​សារធាតុ​គីមី​គ្រោះថ្នាក់ និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ។ ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​ជួយ​រក្សា​ក៏​ដូច​ជា​បង្កើន​ថាមពល​ខួរក្បាល​ជម្រុញ​ការ​ចង​ចាំ ៖

 
១. ត្រី​សម្បូរ​ខ្លាញ់
រួម​មាន​ត្រី​សាល​ម៉ុ​ន ត្រី​សា​ឌី​ន និង​ត្រី​ធូ​ណា​ជាដើម​សុទ្ធតែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង អូ​មេ​ហ្គា ៦ ដែល​ចាំបាច់​ណាស់​សម្រាប់​បង្កើន​សុខភាព​ខួរក្បាល​។​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា ៣ និង អូ​មេ​ហ្គា ៦ ក៏​ជួយ​បង្កើត​កោសិកា​ខួរក្បាល រួម​ទាំង​ស​សៃ​ប្រសាទ​ផង​ដែរ​។
 
២. គ្រាប់​ធញ្ញជាតិ​វ៉ាល់​ណឺ​ត (Walnuts)
ការ​ទទួលទាន​អាហារ​សម្រន់​ដូច​ជា​គ្រាប់ Walnut អាច​ជួយ​បង្កើន​សមត្ថភាព​ខួរក្បាល​ក្នុង​ការ​រក្សា​ទុក​ព័ត៌មាន​ផ្សេង​ៗ ខណៈ​ដែល​គ្រាប់​ធញ្ញជាតិ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អា​ស៊ៅ​ត​ខ្លាញ់​អូ​មេ​ហ្កា ៣​។ គ្រាប់​វ៉ាល់​ណឺ​ត​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន E ដែល​ជួយ​ការពារ​កោសិកា​ខួរក្បាល​មិន​ឱ្យ​ទទួល​រង​ការ​បំផ្លាញ​ពី​សំណាក់​រ៉ា​ឌី​កាល់​សេរី​ផង​ដែរ​។

៣. គ្រាប់​អាល់​ម៉ុ​ន
ក៏​ដូចនឹង​គ្រាប់​វ៉ាល់​ណឺ​ត​ដែរ គ្រាប់​អាល់​ម៉ុ​ន​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​អាស៊ីត​ខ្លាញ់​ល្អ ALA​។ គ្រាប់​ធញ្ញជាតិ​នេះ​ក៏​មាន​ផ្ទុក​វីតាមីន E ព្រម​តាំង​វីតាមីន B6 ដែល​ចាំបាច់​សម្រាប់​ប្រព័ន្ធ​ស​សៃ​ប្រសាទ​ដើម្បី​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​និង​ប្រយុទ្ធ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី​ផង​ដែរ​។
 
៤. គ្រាប់​ល្ពៅ
ជា​ប្រភព​ដ៏​ប្រសើរ​មួយទៀត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ចាំបាច់​សម្រាប់​សុខភាព​ខួរក្បាល​និង​ថាមពល​រាង​កាយ​។ គ្រាប់​ល្ពៅ​ក៏​មាន​ផ្ទុក​ជាតិ​ស័ង្កសី​ដែល​ជួយ​បង្កើន​ការ​ចង​ចាំ​ឱ្យ​កាន់តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង​ទៀត​ផង​។
 
៥. ផ្លែ​បឺ​រ
ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន E និង​ខ្លាញ់​ល្អ monounsaturated fat ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ខួរក្បាល​ល្អ​ប្រសើរ​។ ការ​ទទួលទាន​ផ្លែ​បឺ​រ​ក៏​ល្អ​សម្រាប់​ជម្រុញ​ចរន្តឈាម​ដើម្បី​បង្កើន​ការ​ដឹក​ជញ្ជូន​សារធាតុចិញ្ចឹម​និង​អុក​ស៊ី​សែន​គ្រប់គ្រាន់​ទៅ​កាន់​ខួរក្បាល​។
 
៦. ប្ល៊ូ​បឺ​រី
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ល្អ​បំផុត​សម្រាប់​រក្សា​សុខភាព​ខួរក្បាល​បង្កើន​ការ​ចង​ចាំ​។
 
៧. សូកូឡា​ខ្មៅ
សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​សូកូឡា​ខ្មៅ​ជួយ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​សង្គ្រោះ​កោសិកា​ខួរក្បាល​មិន​ឱ្យ​ទទួល​រង​ការ​បំផ្លាញ​។
 
៨. ខ្ទឹមបារាំង
កុំ​ភ្លេច​រួម​បញ្ចូល​ខ្ទឹមបារាំង​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក ប្រសិនបើ​ចង់​បង្កើន​ការ​ចង​ចាំ​។ សារធាតុ Anthocyanin និង quercetin ក្នុង​ខ្ទឹមបារាំង គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​ខួរក្បាល​មិន​ឱ្យ​ទទួល​រង​ការ​បំផ្លាញ​។
 
៩. ផ្លែ​ប៉ោម
ផ្លែ​ឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ quercetin ដែល​ជួយ​ការពារ​ខួរក្បាល​។
 
១០. មើម​ឆៃថាវ​ក្រហម
បរិមាណ​ជាត​ដែក​ក្នុង​មើម​ឆៃថាវ​ក្រហម​ចាំបាច់​ក្នុង​ការ​រក្សា​កម្រិត​នៃ​អេ​ម៉ូ​ក្លូ​ប៊ី​ន​ដែល​បង្កើន​ការ​នាំ​យក​អុកស៊ីត​គ្រប់គ្រាន់​ទៅ​កាន់​ខួរក្បាល​។
 
១១. ទឹកឃ្មុំ
ជួយ​ផ្ដល់​ថាមពល​ដើម្បី​អាច​ខួរក្បាល​ដំណើរការ​មុខងារ​បាន​កាន់តែ​ប្រសើរ​និង​មាន​ប្រសិទ្ធភាព​រយៈពេល​យូរ​។ ទឹកឃ្មុំ​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​កោសិកា​ខួរក្បាល​មិន​ឱ្យ​ទទួល​រង​ការ​បំផ្លាញ​ពី​សំណាក់​រ៉ា​ឌី​កាល់​សេរី​។
 
១២. ប៉េងប៉ោះ
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ lycopene ដែល​ប្រយុទ្ធ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី​ដែល​បំផ្លាញ​កោសិកា​។ ដូច្នេះ​ការ​រួម​បញ្ចូល​ប៉េងប៉ោះ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​នឹង​ជួយ​រក្សា​សុខភាព​ខួរក្បាល​ទប់ស្កាត់​បញ្ហា​ផ្សេង​ៗ រួម​ទាំង​ជំងឺមហារីក​ខួរក្បាល​គួរ​អោយ​កត់សម្គាល់​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com