អន្តរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេស ជឿថាអង់គ្លេសនឹងកើនសេដ្ឋកិច្ចតាមរយៈការរៀបចំធ្វើម្ចាស់ផ្ទះ Euro 2028
11, Oct 2023 , 1:59 pm        
រូបភាព
លោក Rishi Sunak នាយករដ្ឋមន្រ្តីអង់គ្លេស បានចូលរួមអបអរសាទរជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស នៅក្នុងនៅក្នុងទីលានហ្វឹកហាត់ St. George’s Park ក្រោយអង់គ្លេស និងអៀរឡង់ ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ UEFA Euro ឆ្នាំ២០២៨។ លោក Sunak ជឿថា អង់គ្លេសនឹងកើនសេដ្ឋកិច្ចតាមរយៈការរៀបចំព្រឹត្តិការណ៍ប្រចាំទ្វីបអឺរ៉ុបនេះ។



រូបភាពមួយបានបង្ហោះនៅលើគេហទំព័ររបស់ក្រុមជម្រើសជាតិអង់គ្លេស ដោយលោក Sunak បានឈរនៅចំកណ្តាលចម្លោះខ្សែប្រយុទ្ធ Harry Kane និងគ្រូបង្វឹកលោក Gareth Southgate អំឡុងពេលថតរូបកាន់អាវក្រុមជម្រើសជាតិដោយមានលេខ ២៨ ដែលតំណាងសម្រាប់ការរៀបចំព្រឹត្តិការណ៍នៅឆ្នាំ ២០១៨។
 
នាយករដ្ឋមន្ត្រីអង់គ្លេស បានបង្ហាញក្តីសប្បាយរីករាយចំពោះការធ្វើជាម្ចាស់ផ្ទះព្រឹត្តិាការណ៍កីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបរបស់ចក្រភពអង់គ្លេស។
  


«ខ្ញុំបានកើតចំពេល Euro ឆ្នាំ១៩៩៦ ដែលជារឿងដ៏អស្ចារ្យបំផុតសម្រាប់វ័យកុមារភាពរបស់ខ្ញុំ។ យើងមានឱកាសធ្វើវាទាំងអស់សារជាថ្មីម្តងទៀត សម្រាប់មនុស្សគ្រប់គ្នា ដូចដែលយើងធ្លាប់បានធ្វើកាលពីឆ្នាំមុននៃព្រឹត្តិការណ៍ Women’s Euro 2022។ យើងរៀបចំការប្រកួតបានល្អជាងនរណាទាំងអស់ វានឹងជួយបង្កើនដល់សេដ្ឋកិច្ចរបស់យើង ហើយយើងក៏ស្វាគមន៍មនុស្សរាប់លាននាក់ចូលមកកាន់ប្រទេសយើង និងជំរុញដល់យុវជនជំនាន់ក្រោយ។»។ លោក Sunak បាននិយាយប្រាប់គេហទំព័រក្រុមតោកំណាចអង់គ្លេស ក្នុងពេលអបអរការប្រកាសធ្វើម្ចាស់ផ្ទះ។
 
បច្ចុប្បន្នក្រុមអង់គ្លេស ដែលជាក្រុមរងជើងឯក កំពុងតែហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិអូស្រ្តាលី នៅក្នុងកីឡដ្ឋាន Wembley មុនពេលការប្រកួតជម្រុះក្នុងពានរង្វាន់ Euro 2024 ដោយត្រូវជួបក្រុមការពារជើងឯក អ៊ីតាលី។
 
កីឡដ្ឋានចំនួន ១០ នៅក្នុងប្រទេសអង់គ្លេស, វែលស៍, អៀរឡង់ខាងជើង, និងអៀរឡង់​ នឹងត្រូវត្រៀមខ្លួនរៀបចំការប្រកួត Euro 2028។
 
ក្រៅពីប្រទេសនៃចក្រភពអង់គ្លេសដែលត្រូវរៀបចំការប្រកួត Euro 2028 សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានផ្តល់សិទ្ធិដល់ប្រទេសតួកគី និងអ៊ីតាលី សម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួត Euro 2032៕

Tag:
 Euro 2028
  UEFA
  Rishi Sunak
© រក្សាសិទ្ធិដោយ thmeythmey.com