ជាតិ
ភ្ជុំបិណ្ឌ៖ ប្រតិបត្តិករថាសណ្ឋាគារ ផ្ទះសំណាក់ ម្ហូបអាហារនៅសៀមរាបបញ្ចុះតម្លៃពី១០ទៅ៥០ភាគរយ
12, Oct 2023 , 9:19 am        
រូបភាព
សៀមរាប៖ ដូចទម្លាប់ នាឱកាសបុណ្យប្រពៃណីជាតិម្ដងៗ ចរន្តទេសចរនៅក្នុងស្រុក មានសន្ទុះ ដែលជួយវិស័យទេសចរណ៍មួយផ្នែកធំ។ ប្រតិបត្តិករទេសចរណ៍រំពឹងថា ចរន្តទេសចរក្នុងស្រុក ​នឹងមកកម្សាន្តខេត្តសៀមរាបក្នុងកម្រិតមួយច្រើន ស្របពេលជំងឺកូវីដ១៩មានភាពធូរស្បើយខ្លាំង។

 
អនុប្រធានសមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាប លោក ឌុច សារ៉េត ប្រមើលថា ទេសចរក្នុងស្រុក នឹងមកកម្សាន្តខេត្តសៀមរាបនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ចំណែកទេសចរបរទេសវិញ លោក សារ៉េត យល់ថា មិនមានអ្វីប្លែកនោះទេ ដ្បិតការផ្សព្វផ្សាយ​ពិធីបុណ្យនេះ មិនទូលំទូលាយ ហើយបុណ្យនេះ ក៏មិនបានជ្រួតជ្រាបជាលក្ខណៈអន្ដរជាតិនៅឡើយ។ 
 
លោក ឌុច សារ៉េត រំពឹងថា វត្តមានទេសចរក្នុងស្រុក នឹងអាចជួយឱ្យចរន្តសេដ្ឋកិច្ចសៀមរាប ងើបឡើង បន្ដិច ហើយជួយប្រតិបត្តិករទេសចរណ៍សៀមរាបមានទឹកចិត្តរៀបចំបើកផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋានខ្លះៗឡើងវិញបន្ថែមទៀត។ លោក សារ៉េត បន្ថែមថា មកដល់ពេលនេះ កន្លែងសេវាកម្មទេសចរណ៍ក្នុងខេត្ត បានរៀបចំនិងបើកដំណើរការឡើងវិញ៦០ភាគរយហើយ។
 
នាយករដ្ឋបាលខេត្តសៀមរាបលោក លី វណ្ណៈ ក៏រំពឹងថាបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នឹងមានទេសចរមកលេង ច្រើនដែរ។ លោកពន្យល់ថា ឆ្នាំនេះថ្ងៃឈប់សម្រាកចំថ្ងៃសុក្រ សៅរ៍​ អាទិត្យ ដូច្នេះទេសចរនឹង មានកំណើនខ្លះ ទោះបីស្ថិតក្នុងរដូវកាលទេសចរអន្ដរជាតិមិនសូវមានច្រើនក្ដី។
 
ដោយឡែកការលក់ដូរនាឱកាសនេះវិញ លោក ឌុច សារ៉េត បានបញ្ជាក់ថា សមាគម និងអាជ្ញាធរខេត្ត​បានផ្សព្វផ្សាយដល់ប្រតិបត្តិករទេសចរ និងស្នើមិនឱ្យលក់ដំឡើងតម្លៃ និងគួរបញ្ចុះតម្លៃក្នុងកម្រិត​ណាមួយដើម្បីទាក់ទាញទេសចរ។ លោកបន្ថែមថា៖« យើងបានផ្សព្វផ្សាយ និងអប់រំ មុនមានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ក្នុងខែកញ្ញា ហើយប្ដេជ្ញាជាមួយអាជ្ញាធរ ចូលរួមជាំមួយអាជ្ញាធរ នឹងមិនឡើងតម្លៃទេ រក្សាតម្លៃធម្មតា ហើយអាចមានកម្មវិធីបញ្ចុះតម្លៃពី១០ទៅ៥០ភាគរយ»។ 
 
អនុប្រធានសមាគមរូបនេះក៏លើកទឹកចិត្តឱ្យប្រតិបត្តិករទេសចរណ៍ ត្រូវបម្រើសេវាកម្មឱ្យល្អបំផុត កុំគិតចំណេញរយៈពេលខ្លះ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ទេសចរ។ លោក សារ៉េត យល់ថា ក្នុងកាលៈទេសៈនេះ ប្រតិបត្តិករទេសចរណ៍មិនគួរធ្វើឱ្យទេសចរតឹងតែងនោះទេ​គឺគួរធ្វើឱ្យពួកគេដើរលេងដោយអារម្មណ៍រីករាយ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com